ទីក្រុងតូក្យូ៖ នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ RCEP ដែលបានចុះកាលពីថ្ងៃអាទិត្យមុននេះ បាននាំផលល្អយ៉ាងធំដល់ឧស្សាហកម្មផលិតផលយានយន្ដ និងគ្រឿងបន្លាស់ពីប្រទេសជប៉ុន ដែលគេអាចកាត់បន្ថយពន្ធនាំចូលទៅកាន់ប្រទេសចិន បានប្រមាណ ៨៦% ឯណោះ ថ្វីត្បិតប្រទេសទាំង ២ គ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីក៏ដោយ ប៉ុន្តែលុបបំបាត់ពន្ធនាំចេញទ្វេភាគីរវាងប្រទេសទាំង២ សម្រេចបាន ៨% មកហើយ។
ការកាត់បន្ថយពន្ធនាំចូល ទៅលើផលិតផលឧស្សាហកម្មគ្រឿងយន្ដពីប្រទេសជប៉ុនបែបនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា នឹងត្រូវប៉ះពាល់ដល់ឧស្សាហកម្មគ្រឿងយន្ដក្នុងស្រុកនៃប្រទេសចិនគួរឲ្យកត់សម្គាល់ ប៉ុន្តែវាក៏ធ្វើឲ្យមហាអំណាចសេដ្ឋកិច្ចដូចជា សហរដ្ឋអាមេរិច និងប្រទេសឥណ្ឌា ដែលមិនស្ថិតនៅក្នុងសមាជិក RCEP បាត់បង់ឱកាសដ៏ធំធេងនេះផងដែរ ព្រោះថាកិច្ចព្រមព្រៀងនេះ ហាក់ដូចជារដ្ឋាភិបាលទីក្រុងប៉េកាំង ចង់បើកចំហរពាណិជ្ជកម្មមកកាន់ប្រទេសធំៗឲ្យបានទូលាយជាងមុន ដើម្បីស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។
លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានថ្លែងឲ្យដឹងថា នេះគឺជាជំហ៊ានទីមួយនេះការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងប្រទេសជប៉ុន ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ព្រោះគិតមកទល់ពេលនេះយើងអាចកាត់បន្ថយពន្ធពាណិជ្ជកម្មបាន ៨% ដោយពុំទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផង។ ដោយឡែកចំពោះប្រទេសឥណ្ឌា ដែលបានដកខ្លួនចេញពីសមាជិក RCEP រដ្ឋាភិបាលជប៉ុនក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់ ដើម្បីពង្រីកទំហំពាណិជ្ជកម្មផងដែរ។
បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ទំនិញផលិតផលផ្នែកយានយន្ដជប៉ុន នាំចូលប្រទេសចិន នឹងត្រូវលើកលែងពន្ធរហូតជិតដល់ ៩០% ក្នុងនោះក៏រាប់បញ្ជូលទាំង គ្រឿងយន្ដប្រើប្រាស់សាំង និងផលិតផលដែក ផងដែរ។ ដោយឡែកចំពោះការនាំចេញផលិតផលយានយន្ដទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ នឹងត្រូវលើកលែងពន្ធប្រមាណ ៨០% ដោយរាប់បញ្ជូលទាំងពោងខ្យល់រថយន្ដ Air bag និងគ្រឿងអេឡិចត្រូនិចផងដែរ។