នៅក្នុងចន្លោះពីខែកញ្ញា-វិច្ឆិកា ប្រសិនបើគ្មានវិបត្តិជំងឺកូវីដ-១៩ ទេនោះ ឧទ្យានជាតិ Zhangjiajie របស់ប្រទេសចិន ប្រាកដជាពេលវេលាដ៏ល្អបំផុតសម្រាប់ទៅកម្សាន្ដរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ព្រោះនេះជារដូវស្លឹកឈើជ្រុះ ដែលស្លឹកឈើលឿងក្រហមលាស់ចេញប្រដេញពណ៌គ្នា ថែមទាំងមានអាកាសធាតុត្រជាក់ចុះអ័ព្ទនិងពពកចុះទាប អំណោយផលល្អបំផុតសម្រាប់ផ្ដិតយករូបភាព។ អញ្ចឹងតើក្នុងឧទ្យានជាតិ Zhangjiajie ក្នុងខេត្តហ៊ូណាន ភូមិភាគកណ្ដាលប្រទេសចិននេះ មានកន្លែងអ្វីពិសេសខ្លះ?
១. ស្ពានកញ្ចក់វែង និងខ្ពស់ជាងគេបំផុតលើលោក
ស្ពានកញ្ចក់នៅឧទ្យាន Zhangjiajie ស្ថិតនៅក្នុងតំបន់ Wulingyuan ដែលត្រូវបានសម្ពោធប្រើប្រាស់ចាប់ពីឆ្នាំ២០១៦ ភ្ជាប់ពីជ្រលងភ្នំពីរ (Grand Canyon ទៅកាន់ Tianmen Mountain) ដែលមានប្រវែងសរុប ៤៣០ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ និងកម្ពស់វាស់ពីដី ៣៦០ ម៉ែត្រ បានក្លាយជាស្ពានកញ្ចប់ដែលវែងជាងគេ និងខ្ពស់ជាងគេបំផុតលើពិភពលោក។ ស្ពាននេះ ត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអ៊ីស្រាអែល ឈ្មោះថា Haim Dotan ដោយទម្រង់ស្ពានទ្រទ្រង់ដោយដែក និងក្រាលកញ្ចក់ចំនួន ១២០ ផ្ទាំង (ក្នុងមួយផ្ទាំងមាន ៣ ស្រទាប់ និងកម្រាស់ ១៥ សង់ទីម៉ែត្រ) អាចទ្រទម្ងន់មនុស្សបាន ៨០០ នាក់ក្នុងពេលតែមួយ ហើយវាបានបើកទទួលភ្ញៀវទេសចរជាធម្មតា ៨០,០០០ នាក់ក្នុងមួយថ្ងៃ ដោយក្នុងម្នាក់ត្រូវចំណាយខ្ទង់ ២០ ដុល្លារដើម្បីដើរកម្សាន្ដលើស្ពានកញ្ចក់រយៈពេល ៤០ នាទី។
២. ជណ្ដើរយោងកញ្ចក់ខ្ពស់ជាងគេបំផុតលើលោក
គម្រោងសាងសង់ដ៏អស្ចារ្យមួយទៀត ក៏ស្ថិតនៅក្នុងឧទ្យាន Zhangjiajie ដែរនោះ គឺជណ្ដើរយោងកញ្ចក់ Bailing Elevator (ស្ថិតនៅផ្នែកខាងក្រៅអគារ) ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតលើលោក។ ជណ្ដើរយោងកញ្ចក់នេះ មានកម្ពស់សរុប ៣៣៥ ម៉ែត្រ ដែលជួយកាត់បន្ថយដល់ការធ្វើដំណើរកម្សាន្ដក្នុងឧទ្យានបានយ៉ាងរហ័ស ដោយអ្នកទេសចរពុំចាំបាច់ចំណាយពេលឡើងភ្នំ Hallelujah រយៈពេល ៣ ម៉ោងទៀតនោះទេ ពោលជណ្ដើរយោងនេះឡើងដល់កំពូលភ្នំត្រឹមតែ ៨៨ វិនាទីប៉ុណ្ណោះ។ គម្រោងនេះត្រូវបានបើកដំណើរការកាលពីឆ្នាំ ២០០២ និងទាក់ទាញអ្នកទេសចរបានចំនួនជាមធ្យម ១៤,០០០ នាក់ក្នុងមួយថ្ងៃ ដោយគេត្រូវចំណាយ ១៩ ដុល្លារក្នុងការជិះឡើង។
៣. ច្រកទ្វារឋានសួគ៌ នៅ Tianmen Mountain
Tianmen Cave ដែលគេនិយមហៅថាច្រកទ្វារឋានសួគ៌ Heaven’s Gate ស្ថិតនៅលើភ្នំ Tianmen ជាល្អាងថ្មធម្មជាតិដ៏កម្រមួយ តំបន់នោះត្រូវបានសាងសង់ព្រះវិហារជាតំបន់ទីសក្ការៈកាលពីរាជវង្សថាង ប៉ុន្តែត្រូវសាងសង់ថ្មីឡើងវិញ ក្នុងសម័យបដិវត្តកុម្មុយនិស្ដឆ្នាំ១៩៤៩ នៅលើផ្ទៃដី ២ ហិកតា ហើយក្រោយមកក៏មានការសង់ផ្លូវដើរកញ្ចក់តាមជញ្ជាំងភ្នំ Tianmen ដែលគេហៅថា Coiling Dragon Cliff បើកអោយដើរកម្សាន្ដដោយសេរី។ ចំណែកកាលពីឆ្នាំ២០០៥ ក្រុមហ៊ុនបារាំង Poma ក៏បានសាងសង់កន្ត្រកខ្សែកាប នៅលើភ្នំ Tianmen នោះផងដែរ ត្រូវបានគេចាត់ទុកជាកន្ត្រកខ្សែកាបលើភ្នំ មានប្រវែងវែងជាងគេបំផុតលើលោក ដែលចំណាយពេល ២៨ នាទីដើម្បីទស្សនាទេសភាពភ្នំ និងផ្លូវអន្ទង់អាំង ៩៩ ផ្នត់ គេហៅថា 99 Bends សម្រាប់ជិះរថយន្ដឡើងឡើងលើភ្នំ Tianmen ជាភ្នំខ្ពស់ជាងគេក្នុងតំបន់។
៤. តំបន់កណ្ដាលនៃ Zhangjiajie
នៅក្នុងតំបន់កណ្ដាលសុទ្ធសឹងតែជាទីប្រជុំភ្នំចំនួន ៥ រួមមាន៖ Tianzi Mountain, Yangjiajie, Yuanjiajie, Huangshi Village, និង Golden whip stream ហើយវាត្រូវបានចុះជាឧទ្យានព្រៃជាតិ Zhangjiajie កាលពីឆ្នាំ ១៩៨២ ផងដែរ ដោយសារសម្រស់ព្រៃភ្នំថ្មដុះឡើងដ៏អស្ចារ្យនេះ ដែលជាប្រភេទថ្មកំបោរ Lime stone និងថ្ម yellow stone ជាពិសេសគឺនៅតំបន់ភ្នំ Hallelujah Mountain រហូតដល់បានគេសិប្បនិមិត្តនៅក្នុងរឿង Avatar កាលពីឆ្នាំ ២០០៩ ទៅជាពិភពមួយហៅថា Pandora។
៥. បឹង Baofeng សម្រាប់បណ្ដែតអាម្មណ៍លើផ្ទៃទឹក
Baofeng Lake Scenic Area ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោកកាលពីឆ្នាំ១៩៩២ ដែលបានបែងចែកចេញជា ២ តំបន់រួមមាន៖ បឹង Baofeng មានទំហំ ៣០ ហិកតា និងមានជម្រៅ ៧២ ម៉ែត្រជាមធ្យម និងតំបន់ភូមិ Yingwo ដែលពោពេញទៅដល់សម្រស់ស្រស់ស្អាតបំផុត ជាពិសេសគឺទិដ្ឋភាពហ៊ុមព័ទ្ធទៅដោយភ្នំថ្មកំបោរ lime stone ដែលធ្វើឲ្យទឹកត្រជាក់ និងពណ៌ខៀវស្រងាត់ដូចគុជ សម្រាប់ភ្ញៀវទេសចរជិះលំហែ ថែមទាំងមានទឹកធ្លាក់ ភូមិវប្បធម៌ និងព្រះវិហារ Baofeng temple ផងដែរ។
៦. ល្អាងនាគរាជ Yellow Dragon Cave
Yellow Dragon Cave ក៏ជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោកផងដែរ ហើយត្រូវបានកោតសរសើរពីសំណាក់អ្នកជំនាញបេតិកភណ្ឌរបស់អង្គការ UNESCO ថាជាល្អាងដ៏ស្រស់ស្អាតបំផុត។ ល្អាងនេះ ត្រូវបានគ្របដណ្ដប់លើផ្ទៃដី ១០ ហិកតា មានប្រវែង ៧.៥ គីឡូម៉ែត្រ និងកម្ពស់ ១៤០ ម៉ែត្រ ជាល្អាងភ្នំថ្មកំបោរធំជាងគេបំផុតក្នុងប្រទេសចិន។
ជាសរុបមក ទាំងនេះគឺជាតំបន់ទាក់ទាញទេសចរសំខាន់ៗនៅក្នុងឧទ្យានជាតិ Zhangjiajie ខេត្តហ៊ូណាន ប្រទេសចិន សម្រាប់ប្រិយមិត្តអ្នកអានបានស្គាល់ត្រួសៗមុននឹងសម្រេចធ្វើដំណើរកម្សាន្ដ ក្រោយវិបត្តិជំងឺកូវីដ-១៩។ លើសពីនេះ តំបន់ Zhangjiajie ក៏នៅមានតំបន់ទេសចរណ៍ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់នៅក្នុងអត្ថបទនេះ តម្រូវឲ្យមានការស្រាវជ្រាវបន្ថែម។