ទីក្រុងសេអ៊ូល ត្រូវរឹតបន្តឹង ៣ សប្ដាហ៍បន្តទៀត ក្រោយសញ្ញាណរលកទី៤ នៃជំងឺកូវីដ ១៩ ខិតជិតមកដល់

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កាលពីត្រីមាសទី១ កន្លងទៅ បានធូស្បើយ និងមានការថាំថយនៃអ្នកឆ្លងជំងឺកូវីដ ១៩ នៅលើផ្ទៃប្រទេស តែឈានដល់ខែមេសានេះ រលកសញ្ញាទី៤ អាចនឹងមកដល់នាពេលខាងមុខ ហើយរដ្ឋាភិបាល បានដាក់ចេញវិធានការបន្តរឹតបន្តឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ឱ្យបានរួចរាល់ ជៀសវាងបញ្ហាធំកើតឡើង ដែលពិបាកគ្រប់គ្រង និងទប់ស្កាត់។

ប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយនាព្រឹកថ្ងៃទី០៩ ខែមេសា​ នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកូរ៉េខាងត្បូង បានរៀបចំគោនយោបាយ ក្នុងការទប់ស្កាត់ និងបង្ការការឆ្លងនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ បន្តទៀតហើយ ក្រោយបានធូស្បើយ និងបន្ធូរបន្ថយការរឹតបន្តឹងកាលពីពេលកន្លងទៅ។ អាជ្ញាធររបស់កូរ៉េខាងត្បូង បានបញ្ជាក់ថា ការបន្តរឹងបន្តឹងនេះ គឺនៅក្រោយពេលដែលករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍បានបន្តកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្ដីបារម្មណ៍របស់រដ្ឋាភិបាលកូរ៉េគឺ ការមកដល់នៃរលកទី៤ ដែលនឹងធ្វើឱ្យពលរដ្ឋឆ្លងជំងឺកូវីដ ១៩ ផ្ទុះឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ រដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-Kyun បានឱ្យដឹងថា នឹងបន្តរឹតបន្តឹងសម្រាប់រយៈពេល ៣ សប្ដាហ៍ទៅមុខទៀត គិតចាប់ពីថ្ងៃច័ន្ទ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តទៅ ដោយក្នុងនោះ តម្រូវឱ្យបិទសេវាកម្មជាច្រើន នៅពេលរាត្រី រួមមានជាអាទិ៍ ក្លឹបរាត្រ្តី ខារ៉ាអូខេ និងរាល់សេវាកម្មជាច្រើនទៀត ជាបណ្ដោះអាសន្ន និងរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលឡើងវិញ។

លោក Chung Sye-Kyun បន្ថែមថា “សញ្ញាណនៃរលកទី៤ នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ កាន់តែខិតចូលមកដល់ និងកាន់មានអានុភាពកាន់តែខ្លាំងឡើងៗហើយ ហេតុនេះ យើងនឹងខិតខំគ្រប់គ្រងស្ថានការណ៍ឱ្យបាន ស្របទៅតាមកាលៈទេសៈជាក់ស្ដែង។ ប្រជាពលរដ្ឋទាំងអស់ មិនត្រូវបានអនុញ្ញាតឱ្យប្រមូលផ្ដុំ ឬមានការជួបជុំណាមួយ ដែលមានចំនួនលើសពី ៤ នាក់នោះទេ គឺត្រូវអនុវត្តវិធានការណ៍រក្សាគម្លាតសង្គមជាបន្តទៀត”។ 

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូវីដ ១៩ របស់កូរ៉េខាងត្បូង ហៅកាត់ថា (KDCA) បានរាយការណ៍អំពីករណីឆ្លងថ្មីក្នុងសហគមន៍ថា មានចំនួនកើនឡើងដល់ទៅ ៦៧១ ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ជាតួរលេខកើនឡើងខ្ពស់ជាងគេពុំធ្លាប់មាន គិតចាប់តាំងពីខែមករា ដើមឆ្នាំមក។ ការកើនឡើងនេះ ត្រូវបានសន្និដ្ឋានថា ជាការឆ្លងក្នុងរូបភាពជាចង្កោម ដែលកំពុងរីករាលដាលនៅតាមព្រះវិហារសាសនា ក្លឹបហាត់ប្រាណ បា ដែលភាគច្រើនគឺស្ថិតនៅក្នុងទីក្រុងសេអ៊ូលផ្ទាល់តែម្ដង៕