គន្លឹះ ៣ យ៉ាង ដែលអាចជួយអ្នកឲ្យអានបន្ថែមបាន សូម្បីតែនៅពេលដែលអ្នកគ្មានពេលគ្រប់គ្រាន់ក៏ដោយ!



មនុស្សភាគច្រើនចូលចិត្តអានណាស់ ប៉ុន្តែបើនិយាយឲ្យពិតទៅ គ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងឆ្នាំមុន និងបន្តមកក្នុងឆ្នាំនេះ តើពួកគាត់អាចនឹងមានពេលគ្រប់គ្រាន់ក្នុងការអានដែរមែនទេ? យើងគ្រប់គ្នាប្រាកដជាដឹងថា ការអានសៀវភៅគឺល្អ និងអាចផ្តល់ដំបូន្មាននៃបទពិសោធន៍ជាច្រើន ទៅក្នុងអាជីពការងារ ការអភិវឌ្ឍខ្លួន និងពេលខ្លះវាក៏អាចជាការបន្លប់អារម្មណ៍ ឬកម្សាន្តផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៅក្នុងពេលបច្ចុប្បន្ននេះ យើងពិតជាមិនមានពេលសូម្បីតែត្រឹម ៣០ នាទីក្នុងមួយថ្ងៃ ដើម្បីអង្គុយសម្រាក លំហែជាមួយសៀវភៅល្អៗ និងញ៉ាំតែបណ្តើរ នោះឡើយ។



មានវិធីសាស្ត្រងាយៗជាច្រើន ដែលមនុស្សមួយចំនួនបានអនុវត្ត ដូចជាការដាក់កំហិតខ្លួនឯងទៅលើ ការមិនបង្ខំខ្លួនឯងឲ្យអានច្រើនទាំងគំហុក អ្នកខ្លះកំណត់ខ្លួនថា នឹងត្រូវអានយ៉ាងហោចណាស់ឲ្យបានត្រឹម ១០ ទំព័រប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយមិនអាក់ខានថ្ងៃណាមួយឡើយ។ គ្មាននរណាម្នាក់អាចគ្រប់គ្រងដែននៃភាពល្អឥតខ្ចោះបានឡើយ តែការដាក់កំហិតលើខ្លួនឯង អាចនឹងជាសំពាធមួយ នឹងធ្វើឲ្យគោលបំណងដែលចង់បាន បាត់បង់គុណភាព ឬពេលខ្លះក៏មិនអាចយកជាការបានទៀតផង។


សម្រាប់អត្ថបទនេះ យើងនឹងធ្វើការបង្ហាញនូវគន្លឹះ ៣ យ៉ាងដែលក្រុមអ្នកជំនាញបានលើកឡើង ដោយអាចជួយអ្នកឲ្យអានបន្ថែមបានកាន់តែច្រើន សូម្បីតែអ្នកគ្មានពេលគ្រប់គ្រាន់ និងមិនតម្រូវឲ្យបង្កើតសំពាធផ្លូវចិត្តឡើយ។



១. ការស្តាប់ ក៏ជាទម្រង់នៃព័ត៌មាន ឬដំបូន្មានដែលទទួលបាន ដូចទៅនឹងការអានដែរ

តើវាអាចនឹងជាបញ្ហាដែរទេ បើសិនជាអ្នកជ្រើសរើសយកសម្លេងនៃការអានរបស់នរណាម្នាក់ពីសៀវភៅល្អៗមកស្តាប់ដោយត្រចៀក ជាជាងការអានដោយប្រើភ្នែកខ្លួនឯង? ចម្លើយនោះគឺថាវាដូចតែគ្នាទេ បើសិនជាអ្នកធ្វើវាដោយយកចិត្តទុកដាក់ ព្រោះថាព័ត៌មាន និងដំបូន្មានដែលអ្នកទទួលបាន នឹងមានតម្លៃដូចគ្នា។ សម្លេងនៃការអានសៀវភៅណាមួយ​ ដែលគេហៅថា Audiobooks គឺជាវិធីសាស្ត្រដ៏ល្អមួយ ដែលអ្នកអាចទទួលបាន ក្នុងការបន្ថែមចំណេះដឹង នៅពេលដែលអ្នកពុំមានពេលគ្រប់គ្រាន់ ក្នុងការអានសៀវភៅ។



បើសិនជានៅក្នុងពេលណាមួយ ដែលមនុស្សមួយផ្នែក មានការបដិសេធទៅលើការអាន ដោយលើកហេតុផលថាពួកគេពុំមានពេលអានគ្រប់គ្រាន់នោះ ក្រុមអ្នកជំនាញបានផ្តល់ការឆ្លើយតបទៅវិញជាសំណើ ឬយោបល់មួយចំនួនថា តើពេលណាដែលមនុស្សមួយផ្នែកនោះ នឹងអាចស្តាប់ Audiobooks បន្ទាប់របស់ពួកគេបាន?


- អាចនឹងខណៈពេល កំពុងលាងចាន តើអាចទេ?


- ពេលកំពុងអ៊ុតខោអាវ?


- នៅកំឡុងពេលហាត់ប្រាណពេលព្រឹក?


- នៅពេលបើកឡានទៅកាន់ហាងលក់ទំនិញ?


- ឬនៅក្នុងពេលបើកបរទៅកាន់ទីតាំងណាមួយ?​ (បើសិនជាអ្នកអាចស្តាប់ក្នុងកំឡុងពេលណាមួយជាក់លាក់ ក្នុងចំណោមសំណើទាំងនេះ ចូរធ្វើវាម្តងទៀតនៅពេលក្រោយ ដែលវានឹងមិនប៉ះពាល់ ដល់ម៉ោងកាងាររបស់អ្នកឡើយ)

ខណៈពេលដែលអ្នកធ្វើការជាច្រើនមុខ ពេលដែលអ្នកអាចស្តាប់បានគឺត្រឹមតែខ្ទង់ ១០ នាទីប៉ុណ្ណោះ ក្នុងមួយថ្ងៃ ប៉ុន្តែកំឡុងពេលនេះ អ្នកអាចទទួលបានមេរៀន និងដំបូន្មានជាច្រើន ច្រើនជាងអ្វីដែលអ្នកធ្លាប់អាន ក្នុងពេល ១០ នាទីដូចគ្នាទៅទៀត។ អ្នកអាចធ្វើការជ្រើសបាននូវកម្មវិធី Audiobooks ជាច្រើន ដែលអ្នកអាចរកតម្លើងបាននៅលើទូរសព្ទដៃ ឬថេប្លេតរបស់អ្នក បន្ទាប់មកអាចចាប់ផ្តើមជាវសេវាកម្ម ឬជ្រើសសៀវភៅ ដែលអ្នកចង់ស្តាប់ ជាការស្រេច។



២. កាត់បន្ថយសំពាធអារម្មណ៍ខ្លះ នៅក្នុងបទពិសោធន៍នៃការអានរបស់អ្នក

វិធីបន្ទាប់ដើម្បីអានបន្ថែម គឺជាការធ្វើឱ្យមានភាពងាយស្រួល ក្នុងការយកសៀវភៅរបស់អ្នកទៅជាមួយអ្នក (សូម្បីតែនៅជុំវិញផ្ទះ) និងដើម្បីងាយក្នុងការចាប់កាន់ និងរីករាយក្នុងការអាន ក្នុងកំឡុងពេលណាមួយដែលអ្នកទំនេរ និងមានអារម្មណ៍ចង់អានបានភ្លាមៗ។ មានវិធីពីរទៀត នៅក្នុងគន្លឹះមួយនេះ៖


- ទិញសៀវភៅដែលអ្នកនឹងត្រូវអានបន្ទាប់ ឲ្យបានភ្លាមៗ


- ចាប់ផ្តើមយកវាមកអាន នៅពេលដែលអ្នកមានអារម្មណ៍ល្អ នៅក្នុងពេលវេលាខ្លីណាមួយ ដែលអ្នកគិតថាទំនេរ និងប្រើថាមពលតិចបំផុត


វិធីទាំងពីរនេះ ដើម្បីជួយសម្រួលឱ្យអ្នកអានកាន់តែច្រើន ដោយបំបាត់នូវឧបសគ្គខាងផ្លូវចិត្តតិចតួច តាមដែលអាចធ្វើទៅបានដោយប្រើ Audiobooks  ប៉ុន្តែវាក៏ជាបញ្ហា ដែលអ្នកអាចជួបជាមួយនឹងប្រភេទ e-readers ផងដែរ។

អ្នកអាចចាប់ផ្តើមជាវសៀវភៅប្រភេទ e-books ឬ Audiobooks បន្ទាប់របស់អ្នកភ្លាមៗ ចំណាយពេលត្រឹមតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ។ វានឹងជួយឲ្យអ្នកចំណេញពេលវេលា និងពុំចាំបាច់ស្ពានសៀវភៅមែនទែនធ្ងន់ៗតាមខ្លួនទៀតឡើយ ដែលនេះក៏ជាការកាត់បន្ថយសំពាធមួយបែបដែរ។ ក្រៅពីនេះអ្នកក៏អាចជ្រើសជម្រើសជា e-readers មួយចំនួនទៀត ដែលមានគុណភាព និងមានទម្ងន់ស្រាល ងាយក្នុងការយកតាមខ្លួន ឬកាន់អាន ដូចគ្នាដែរ។



៣. អ្នកមិនមែននៅក្នុងសាលារៀនទៀតឡើយ គប្បីជ្រើសផ្លូវវាង ដែលជួយអ្នកកាន់តែលឿនក្នុងការអាន

តើប៉ុន្មានដងហើយ ដែលអ្នកបានឃើញអត្ថបទ ឬសៀវភៅដ៏គួរឲ្យទាក់ទាញ ធ្វើឲ្យអ្នកចង់អាន តែអ្នកក៏ធ្លាប់គិតថា “ខ្ញុំពិតជាចង់អានវាណាស់ ប៉ុន្តែខ្ញុំពុំមានពេល ១០ ម៉ោង ឬពេលគ្រប់គ្រាន់ក្នុងការបញ្ចប់ការអានវាមួយចប់ ក្នុងពេលឥឡូវនេះទេ។” ប្រសិនជាអ្នកធ្លាប់គិតបែបនេះ គឺមិនមែនមានតែអ្នកម្នាក់ឡើយ។ បែបនេះហើយ ទើបមានសេចក្តីសង្ខេបសៀវភៅ ឬសៀវភៅសង្ខេបលម្អិតត្រូវបានបង្កើតឡើង ដែលអ្នកអាចឃើញមានសេចក្តីសង្ខេបទាំងនោះ នៅក្នុង Audiobooks ឬឧបករណ៍ e-reader របស់អ្នក។ ពួកវាមានតម្លៃដូចទៅនឹងសៀវភៅដើមដែលអ្នកបានចាប់អារម្មណ៍អញ្ចឹងដែរ តែវានឹងត្រូវបានកែសម្រួលជាថ្មី ដោយស្រង់យកតែខ្លឹមសារដែលមានអត្ថន័យ និងកាត់ចោលផ្នែកដែលមិនចាំបាច់ចេញ តែស្ថិតនៅក្នុងគុណតម្លៃតែមួយដូចគ្នា។

របកគំហើញដែលក្រុមអ្នកចូលចិត្តអានសៀវភៅនៅឆ្នាំនេះរកឃើញ គឺជាកម្មវិធីមួយ ដែលបាននាំយកការសង្ខេបសៀវភៅទៅកាន់កម្រិតថ្មីមួយ ដោយផ្តល់ជូនពួកគេនូវសេចក្តីសង្ខេបជាសម្លេង (១០-១៥ នាទី)។ កម្មវិធីនេះមានឈ្មោះថា  Blinkist ហើយវាត្រូវបានរចនាឡើងពិសេស សម្រាប់ប្រភេទមនុស្សដែលចូលចិត្តរៀន អភិវឌ្ឍខ្លួន និងចូលចិត្តអាន តែពួកគេមិនមានពេលវេលាទំនេរ ច្រើនឡើយ។

កាលពីពេលដែលអ្នកនៅរៀន ចាំបាច់ណាស់ ដែលគ្រូរបស់អ្នក នឹងបង្គាប់ឲ្យអ្នករៀនតាមសៀវភៅទាំងមូលដើម្បីបានយល់អត្ថន័យរបស់វា តែគាត់ក៏មិនបានហាមឲ្យអ្នក អាចមានលទ្ធភាពយល់អត្ថន័យនៃមេរៀនទាំងអស់ក្នុងសៀវភៅ ដោយប្រើផ្លូវកាត់ផ្សេង ដែលចំណេញពេលវេលា និងយល់បានលឿនឡើយ។ សំខាន់គឺ គុណតម្លៃនៃអត្ថន័យរបស់សៀវភៅនោះឯង។