វៀតណាម ដាក់ចេញគោលដៅ ប្រែក្លាយជាប្រទេស ផ្គត់ផ្គង់ និងលក់ផលិតផលឈើ ឈាមមុខគេក្នុងឆាកអន្តរជាតិ

ហាណូយ៖ រដ្ឋាភិបាលវៀតណាម បានដាក់ចេញគោលដៅ ដើម្បីកែប្រែមុខមាត់ប្រទេសរបស់ខ្លួនឱ្យក្លាយទៅជា ទីផ្សារផ្គត់ផ្គង់ឈើធំ និងផលិតផលយ៉ាងច្រើនសំបូរបែប ផលិតឡើងចេញពីឈើ ដែលឈានមុខគេក្នុងឆាកអន្តជាតិ ស្របពេលដែលទីផ្សារពិភពលោក មានតម្រូវការឈើកាន់តែច្រើនឡើងៗ។

ប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាម ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា វៀតណាម បានដាក់ចេញផែនការមេ សម្រាប់ទៅថ្ងៃអនាគត ឱ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយកែប្រែប្រទេសរបស់ខ្លួនឱ្យក្លាយទៅជា ផ្គត់ផ្គង់ផលិតផលឈើ និងផលិតផលឈើ ឈានមុខគេមួយក្នុងទីផ្សារអន្តរជាតិ។ នេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ សម្រាប់បង្ហាញទៅដល់ទីផ្សារអន្តរជាតិ អំពីលទ្ធភាពផ្គត់ផ្គង់ឈើ ក៏ដូចជាផលិតផលឈើជាច្រើនផ្សេងៗទៀត ដែលស្របច្បាប់ទៅកាន់ទីផ្សារអន្តរជាតិ។

តាមការបញ្ជាក់របស់ នាយកដ្ឋាន គោលនយោបាយព្រៃឈើវៀតណាម បានឱ្យដឹងថា ផែនការនេះគឺសម្រាប់អនុវត្តគិតចាប់ពីឆ្នាំ ២០២១ នេះ រហូតដល់ឆ្នាំ ២០៣១ និងបន្តទៅមុខ ក្នុងចក្ខុវិស័យវែងឆ្ងាយរហូតដល់ឆ្នាំ ២០៥០ ដែលទទួលបានការអនុម័តពីលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc កាលពីពេលថ្មីៗកន្លងទៅ។ ការពង្រីកទីផ្សារឈើរបស់វៀតណាម ទៅឆាកអន្តរជាតិនេះ ក៏ដោយសារតែវៀតណាមមានព្រៃឈើដ៏ច្រើនសំបូរបែប តែមិនមែនជាការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដើម្បីលក់ ឬធ្វើជំនួញពាណិជ្ជកម្មឡើង។

ផែនការនេះ ត្រូវបានគូសបញ្ជាក់ថា វិស័យព្រៃឈើរបស់វៀតណាម នឹងអាចផ្គត់ផ្គង់ទៅដល់ទីផ្សារអន្តរជាតិបានកាន់តែប្រសើរ ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចការពារបរិស្ថាន សន្តិសុខទឹក និងការឆ្លើយទៅនឹងបម្រែបម្រួលអាកាសធាតុរបស់ផែនដីថែមទៀតផង។ មិនតែប៉ុណ្ណោះ វិស័យព្រៃឈើរបស់វៀតណាម នឹងបង្កើតទីផ្សារការងារ បង្កើនប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋ និងរក្សាការពារសន្តិសុខជាតិ ជួយសម្រេចទៅដល់គោលដៅដែលបានគ្រោងទុក ប្រកបដោយចីរភាព។ 

ការរៀបចំផែនការ ១០ ឆ្នាំ និងបន្តទៅឆ្នាំ ២០៥០ នេះ ត្រូវបានរៀបចំឡើង ដើម្បីធានាទៅដល់សុខសុវត្ថិភាពជាចំបង ដោយមិនស្ថិតក្រោមការកាប់បំផ្លាញព្រៃឈើខុសច្បាប់នោះទេ តែជាការបង្កើតនូវឱកាសសម្រាប់ការផ្គត់ផ្គង់ឈើមិនត្រឹមតែទៅក្រៅស្រុកប៉ុណ្ណោះទេ តែក៏អាចផ្គត់ផ្គង់នៅក្នុងស្រុក ទៅកាន់ទីជនបទ ដើម្បីសាងសង់លំនៅឋាន គ្រឿងសម្ផារ បរិក្ខារផ្សេងៗទៀតទៅតាមតម្រូវការជាក់ស្ដែង។ រដ្ឋាភិបាលវៀតណាម ក៏ធានាឱ្យបាននូវផលប៉ះពាល់នៃពាណីជ្ជកម្មឈើនេះ ធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ទៅដល់បញ្ហាគ្រោះធម្មជាតិឡើយ ផ្ទុយទៅវិញគឺគាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅបរិយាកាសថែមទៀតផង។ 

ដើម្បីសម្រេចគោលដៅ រដ្ឋាភិបាលវៀតណាម នឹងពិនិត្យមើលឡើងវិញ ទៅលើច្បាប់ស្ដីពីព្រៃឈើ បទបញ្ជាផ្សេងៗ ក៏ដូចជាដាក់ចូលទៅក្នុងប្រព័ន្ធអប់រំ ទៅដល់មនុស្សជំនាន់ក្រោយ ឱ្យបានយល់ដឹងកាន់តែប្រសើរអំពីអត្ថប្រយោជន៍នៃព្រៃឈើ ដោយគប្បីរួបរួមគ្នាការពារជាដើម។ វៀតណាម ក៏នឹងត្រៀមរៀបចំដីជាច្រើនកន្លែង ដើម្បីធ្វើការដាំដុះដើរឈើថ្មីៗ ទុកសម្រាប់ប្រមូលផលនាពេលអនាគតផងដែរ៕