អគារប្លែកៗ បណ្ដែតខ្លួនលើផ្ទៃទឹក ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងពីពិភពលោក!

ការសាងសង់សំណង់ អគារ បានវិវឌ្ឍខ្លួនពីមួយជំនាន់ទៅមួយជំនាន់ កាន់តែមានភាពអស្ចារ្យ អមមកជាមួយការច្នៃប្រឌិត ឌីហ្សាញប្លែកៗ ដែលបង្កើតជាចម្ងល់ជាច្រើន។ មិនតែប៉ុណ្ណោះ សំណង់ ឬអគារ នាពេលបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត នឹងកាន់តែប្លែក និងអស្ចារ្យ ជាមួយនឹងសមត្ថភាពបណ្ដែលខ្លួនលើផ្ទៃទឹកបានថែមទៀតផង។

ខាងក្រោមនេះ គឺជាសំណង់ និងអគារប្លែកៗ ដែលពិភពលោកកំពុងចាប់អារម្មណ៍ ហើយវាក៏ជាទិសដៅ ដែលយើងកំពុងដើរទៅរកផងដែរ ជុំវិញសមត្ថភាពប្លែកៗ លទ្ធភាពអាចបណ្ដែតខ្លួនលើផ្ទៃទឹកជាដើម។

១. ទស្សនាភាពយន្តលើដងទន្លេ

ទីក្រុងប៉ារីស បានដាក់ឱ្យដំណើរការនូវរោងភាពយន្តថ្មីមួយមានឈ្មោះថា Cinema Sur L’Eau សម្រាប់ឱ្យប្រជាពលរដ្ឋ អាចទស្សនាខ្សែភាពយន្តនៅលើផ្ទៃទឹក ដោយឈរលើស្មារតីរក្សាគម្លាតសង្គម (Social Distancing) ដើម្បីកាត់បន្ថយអត្រានៃការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩។ អ្នកចូលទស្សនាទាំងអស់ ត្រូវបានផ្ដល់ជូននូវទូកអេឡិកត្រូនិចមួយ ដើម្បីឈប់ទស្សនាខ្សែភាពយន្តនៅលើផ្ទាំងសំពុធ ស ទំហំ ១៦x៩ ម៉ែត្រ នៅលើដងទន្លេ Seine ជាការផ្ដល់នូវការកំសាន្តប្លែក ទោះបីជាពិភពលោកកំពុងរងគ្រោះដោយសារតែជំងឺឆ្លងដ៏កាចសាហាវក៏ដោយ។

២. ឧទ្យានបណ្ដែតខ្លួនលើផ្ទៃទឹក

នៅប្រទេសដាណឺម៉ាក (Denmark) ឧទ្យានបណ្ដែលខ្លួនលើផ្ទៃទឹក គឺជាទីចំណាប់អារម្មណ៍ថ្មី និងប្លែកមួយសម្រាប់ការកំសាន្ត រំសាយក្ដីកង្វល់នៅថ្ងៃឈប់សំរាក ឬថ្ងៃចុងសប្ដាហ៍ ជាមួយនឹងដើមឈរជាច្រើន ត្រូវបានបណ្ដែតខ្លួននៅលើដីបំណែកដីសិប្បនិមិត្ត ដែលគេឱ្យឈ្មោះថា Copenhagen Island។ ឧទ្យានសិប្បនិមិត្តនេះត្រូវបានផ្ដួចផ្ដើម ក៏សាងឡើងដោយក្រុមស្ថាបត្យករ Danish Design Studio, Studio Fokstrost និងលោក Marshall Blecher មកពីប្រទេសអូស្ត្រាលី ដោយបើកឱ្យមហាជនជិះទូកទៅកំសាន្ត ហែលទឹក បង្កើតកម្មវិធីផ្សេងៗជាដើម។

៣. សំណង់ 3D មិនប្រើឥដ្ឋ និងស៊ីម៉ងត៍

គម្រោងបង្កើតសំណង់លើផ្ទៃទឹក ដោយប្រើប្រាស់បច្ចេកវិទ្យា 3D ក្នុងការសាងសង់ ដុំប្លាស្ទិក ដីខ្សាច់ និងបេតុង ដែលត្រូវបានដាក់ឈ្មោះឱ្យថា Prvok ត្រៀមនឹងចាប់កំណើតនៅ សាធារណរដ្ឋឆែក (Czech Republic) ក្រោមគំនិតច្នៃប្រឌិតរបស់ស្ថាបត្យករលោក Michal Trpak និងលោក Stavebni Sporitelna Ceske Sporitelny ដែលជាអ្នកទទួលបានចំណាប់អារម្មណ៍នូវស្នាដៃសាងសង់អគារជាច្រើននៅក្នុងប្រទេស។ គម្រោងមួយនេះ ត្រូវបានបញ្ជាក់ឱ្យដឹងថា នឹងចំនាយពេលប្រមាណ ៤៨ ម៉ោងប៉ុណ្ណោះ សម្រាប់ការសាងសង់ លឿនជាការសាងសង់ធម្មតាដល់ទៅ ៧ ដង ថែមទាំងចំនាយថវិការតិចជាង ៥០% ផងដែរ។ អគារនេះ សាងសង់ឡើងដោយពុំប្រើប្រាស់ឥដ្ឋ និងស៊ីម៉ងត៍នោះទេ ថែមទាំងបានរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នពុល ២០% ចូលទៅក្នុងបរិយាកាសផែនដីទៀតផង។

៤. ដែនកោះ៣រួមជាទីក្រុង១

ទីក្រុង BiodiverCity នឹងត្រៀមចាប់កំណើតនៅក្នុងប្រទេសម៉ាឡេស៊ីនាពេលអនាគតខាងមុខ ស្ថិតនៅតំបន់ Penang ក្រោមគំនិតច្នៃប្រឌិតយ៉ាងអស្ចារ្យ ដោយតភ្ជាប់ដែនកោះចំនួន ៣ បញ្ចូលគ្នា  ហើយបង្កើតបានជាសហគមន៍លើទឹកដ៏អស្ចារ្យមួយ។ កោះទាំង ៣ ដែលប្រែខ្លួនជាទីក្រុងទំនើបតែមួយ និងស៊ីវីល័យនេះ មិនត្រឹមតែដើរតួជាទីក្រុងប៉ុណ្ណោះទេ តែវាគឺជាលំនៅឋានប្រណិត បណ្ដុំពាណិជ្ជកម្ម និងវប្បធម៌ថែមទៀតផង។ អគារជាច្រើន នឹងត្រូវបានសាងសង់ឡើយ ដោយប្រើប្រាស់បច្ចេកវិទ្យា 3D Printed ខ្លះប្រើប្រាស់ឬស្សី សាច់ឈើរផ្សេងៗទៀត ដែលបង្កើតទៅជាទីក្រុងបៃតង និងមានការបំភាយឧស្ម័នពុលតិចបំផុតមួយ។

៥. វីឡាឯកជនអណ្ដែតទឹក

ចូលចិត្តភាពឯកជន គ្មានការរំខាន គ្មានផ្សែងពុល ដោយជំនួសមកវិញនូវភាពស្ងប់ស្កាត់ អណ្ដែតអណ្ដូង ខ្យល់បរិសុទ្ធ សម្លេងទឹក និងសត្វ គឺជាការផ្ដល់ជូន ដោយគម្រោងផ្ទះវីឡាបណ្ដែលខ្លួនលើផ្ទៃទឹក ដែលមានឈ្មោះថា The Lilypad។ ជាគំនិតច្នៃប្រឌិតដោយស្ថាបត្យករ Chuck Anderson ក្នុងការផ្ដល់នូវសេចក្ដីសុខផ្លូវចិត្តទៅដល់អ្នកស្នាក់នៅ ថែមទាំងគិតគូរយ៉ាងខ្លាំងទៅដល់អាកាសធាតុផែនដី ជាមួយនឹងការប្រើប្រាស់ថាមពលកកើតឡើងវិញបាន ដោយបន្ទះសូឡា សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងផ្ទះ។ ផ្ទះនេះបង្កើតឡើងដោយបន្ទះឈើរ មានបន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក កន្លែងទទួលទានអាហារ វាលខាងក្រៅសម្រាប់ការជួបជុំខ្នាតតូចជាដើម។ 

៦. រីសតបណ្ដែលខ្លួនលើទឹកដ៏ប្រណិត

Nimmo Bay Resort កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជុំវិញគំនិតច្នៃប្រឌិត ដែលមិនត្រឹមតែនាំមកនូវសេចក្ដីសុខ ក្នុងការកាត់បន្ថយស្ត្រេស ប៉ុណ្ណោះទេ សំណង់អគារបណ្ដែលខ្លួនលើទឹកនេះ នឹងជម្រុញឱ្យអ្នកបញ្ចេញសកម្មភាពជាច្រើន សម្រាប់ការហាត់ប្រាណរបស់អ្នកនៅថ្ងៃឈប់សំរាក ឬចុងសប្ដាហ៍។ រីសតមួយនេះមានទីតាំងស្ថិតនៅ Columbia ដែលនឹងផ្ដល់នូវបទពិសោធន៍ជីវិតអស្ចារ្យ ហុំព័ទ្ធទៅដោយដើមស្រល់ត្រជាក់ ខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងទូកសម្រាប់ជិះកំសាន្ត ដើម្បីកម្ដៅសាច់ដុំទៀតផង។ 

៧. ចំការលើទឹក

ពេលនិយាយដល់ចំការ ឬកន្លែងដាំដុះដំណាំផ្សេងៗ យើងតែងគិតទៅដល់វាលដីរាបស្មើ ដែលអាចឱ្យយើងដាំដំណាំបានជាច្រើនប្រភេទ តែគម្រោងដែលមានឈ្មោះថា Lotus នេះ គឺជាការច្នៃប្រឌិតថ្មី និងផ្លាស់ប្ដូរការដាំដំណាំទៅកាន់ពេលអនាគត។ អគារនៅលើផ្ទៃទឹកនេះ គឺជាគម្រោងដែលនឹងចាប់កំណើតនាពេលអនាគត សម្រាប់ការដាំដុះបន្លែ ហើយក៏អាចបើកទទួលឱ្យមហាជនចូលទស្សនា ក្នុងការរៀនសូត្រ ជុំវិញការដាំដុះដំណាំជាច្រើនប្រភេទ នៅក្នុងទីក្រុង ដោយពុំចាំបាច់ចេញទៅឆ្ងាយ។ 

៨. ផ្ទះអណ្ដែតទឹក

គម្រោងសាងសង់ផ្ទះ ជាមួយនឹងសមត្ថភាពអាចបណ្ដែតខ្លួនលើផ្ទៃទឹក ត្រូវបានបង្កើតឡើងក្រោមគំនិតច្នៃប្រឌិតរបស់ក្រុមស្ថាបត្យករវៀតណាម H&P Architects ដែលបានដាក់ឈ្មោះឱ្យថា HOUSE។ សំណង់ផ្ទះមួយនេះ សាងសង់ឡើងក្នុងគោលដៅ ចំបងមួយ គឺអាចបណ្ដែតខ្លួនលើផ្ទៃទឹក បើកាលៈទេសៈតម្រូវ ជាសំណង់បង្កើតឡើងដោយមានតួរឆ្អឹងជាដែក ដែលអាចតាំងលំនៅ នៅលើដីផ្ទាល់ក៏បាន។ ផ្ទះប្រភេទនេះ មានគោលដៅចំបង សម្រាប់អ្នករស់នៅតំបន់ ឬអ្នកងាយរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនានា ដែលត្រូវធ្វើការចលត តាមស្ថានការតម្រូវ។