ឌូប៉ៃ ដាក់គោលដៅទាញភ្ញៀវទេសចរលក្ខណៈគ្រួសារ ឱ្យទៅកំសាន្តនារដូវក្ដៅខាងមុខ ជាមួយការបញ្ចុះតម្លៃជាច្រើន

ឌូប៉ៃ៖ សម្រាប់រដូវក្ដៅខាងមុខ (Summer) រដ្ឋាភិបាលទីក្រុងឌូប៉ៃ រំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្តនៅក្នុងប្រទេសរបស់ខ្លួនឱ្យបានច្រើន បើទោះបីជាជំងឺកូវីដ ១៩ នៅមិនទាន់ថាំថយទៅវិញក៏ដោយ នេះបើយោងតាមសេចក្ដីប្រកាសរបស់នាយកដ្ឋានទេសចរណ៍ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

រដ្ឋាភិបាលទីក្រុងឌូប៉ៃ ដឹកនាំដោយនាយកដ្ឋានទេសចរណ៍ និងទីផ្សារពាណិជ្ជកម្ម ហៅកាត់ថា (DTCM) បានប្រកាសអំពីគម្រោង ទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្តនៅឌូប៉ៃឱ្យបានកាន់តែច្រើនបន្ថែមទៀតនារដូវក្ដៅខាងមុខនេះ ដោយគោលដៅចំបងបំផុត គឺទេសចរណ៍ជាលក្ខណៈគ្រួសារ។ សេចក្ដីប្រកាសនេះបានធ្វើឡើងក្នុងពិធីជួបជុំប្រចាំឆ្នាំ តាមប្រព័ន្ធអនឡាញ ក្រោមវត្តមានរបស់ក្រុមហ៊ុន សហគ្រាស ឧស្សាហកម្មច្រើនជាង ៦០០ ដើម្បីបានដឹងអំពីគម្រោងការ នៃការទាញភ្ញៀវទេសចរឱ្យមកកំសាន្ត និងចំនាយប្រាក់។

តាមការឱ្យដឹងរបស់នាយកដ្ឋានទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា ដើម្បីឈានទៅដល់ការទាក់ទាញភ្ញៀវទេសចរ នៅក្នុងកម្រិតមួយច្រើននារដូវក្ដៅខាងមុខនេះ រដ្ឋាភិបាល ក៏បានសហការណ៍ជាមួយគ្រឹះស្ថាន ស្ថាប័នឯកជន និងសាធារណៈជាច្រើន ដើម្បីសម្រួលទៅដល់កម្មវិធីពិសេសនេះ តាមរយៈការលក់ផលិតផលបញ្ចុះតម្លៃ ការបញ្ចុះតម្លៃពិសេសលើការស្នាក់នៅតាមសណ្ឋាគារ បញ្ចុះតម្លៃលើជើងហោះហើរ Emirate និងសកម្មភាពជាច្រើនផ្សេងៗទៀត។

ការសម្រួលពិសេសនេះ ធ្វើឡើងដើម្បីបង្ហាញទៅដល់មហាជនគ្រប់រូប អំពីភាពងាយស្រួលនៃការធ្វើដំណើកំសាន្តជាលក្ខណៈគ្រួសាររបស់ខ្លួន នៅទីក្រុងឌូប៉ៃ ដែលគប្បីចំនាយពេលដ៏មានតម្លៃជាមួយគ្រួសាររបស់ខ្លួន។ កម្មវិធីទេសចរណ៍រដូវក្ដៅនេះ នឹងប្រព្រឹត្តទៅនាខែឧសភាខាងមុខនេះ ដោយអនុញ្ញាតឱ្យមនុស្សគ្រប់វ័យទៅកំសាន្ត រួមទាំងកុមារតូចៗផងដែរ ដោយលក្ខខណ្ឌនៃការកំណត់របស់អ្នកដែលបានទទួលការចាក់វ៉ាក់សាំង និងលិខិតស្នាមបង្ហាញត្រូវបានអនុវត្ត។

ការកំណត់រដូវក្ដៅ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្តកាន់តែច្រើននេះ គឺជាការបើកទំព័រថ្មីមួយរបស់ទីក្រុងឌូប៉ៃ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺកូវីដ ១៩ ដែលធ្វើឱ្យបាត់បង់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ យ៉ាងឆាប់រហ័សបំផុត។ តាមរយៈទេសចរណ៍គ្រួសារនារដូវក្ដៅខាងមុខនេះ ឌូប៉ៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរឡើងវិញបានខ្លះ បើទោះបីជាមិនដូចមុនក៏ដោយ៕