សួនច្បារមុខក្រសួងការពារជាតិ បានកែលម្អឡើងវិញដោយកាត់មាត់ច្រកចូល ៤៥ ម៉ែត្រ!

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្ដការងាររៀបចំកែលម្អសួនច្បារ ខាងមុខក្រសួងការពារជាតិឡើងវិញ ស្របពេលដែលអគារទីស្ដីការរបស់ក្រសួងកំពុងសាងសង់ជិតរួចរាល់ នឹងត្រៀមដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខនេះ។ គម្រោងនៃការកែលម្អសួនច្បារឡើងវិញនេះ ត្រូវបានអនុវត្តដោយអង្គភាពសួនច្បារ និងរុក្ខជាតិ ប្រើប្រាស់ថវិកាមួយផ្នែករបស់ក្រសួងការពារជាតិ និងមួយផ្នែករបស់រដ្ឋបាលរាជធានីភ្នំពេញ។  

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញថា គិតមកទល់ពេលនេះអង្គភាពកំពុងធ្វើការគាស់ការ៉ូឡានិងគាស់ដើមឈើ ដើម្បីរៀបចំសួនច្បារឡើងវិញ ពោលគឺត្រូវកាត់សួនច្បារចេញប្រវែង ៤៥ ម៉ែត្រ ដើម្បីទុកជាច្រកចេញចូលនៃក្រសួងការពារជាតិ ដោយសារតែច្រកចេញចូលចាស់ មានទំហំតូចចង្អៀតត្រឹមតែ ៨ ម៉ែត្រប៉ុណ្ណោះ។ នៅក្នុងគម្រោងនេះ នឹងត្រូវអនុវត្តការពង្រីកទំហំផ្លូវចេញចូលមុខទីស្ដីការក្រសួង ដោយអ៊ុតកៅស៊ូថ្មី និងដាក់លូថ្មីទំហំ ១ ម៉ែត្រដោយប្រើប្រាស់ថវិការបស់ក្រសួងការពារជាតិ។ ចំណែករដ្ឋបាលរាជធានីភ្នំពេញ មានតួនាទីក្នុងកែលម្អសួនច្បារឡើងវិញ ដាក់បង្គោលភ្លើង ៦៦ ដើម, បំពាក់ប្រព័ន្ធលូនៅខាងមុខនិងខាងក្រោយក្រសួងការពារជាតិ។ 

ជាសរុបមកវិញ គម្រោងកែលម្អសួនមុខក្រសួងការពារជាតិ គឺត្រូវត្រូវកាត់សួនចាស់ប្រវែង ៤៥ ដើម្បីពង្រីកច្រកចេញចូលទីស្ដីការក្រសួង, រៀបចំក្រាលថ្មក្រានីតជំនួសឲ្យការ៉ូឡាចាស់, ដាំស្មៅនិងផ្កាឡើងវិញ, បំពាក់បង្គោលអំពូលភ្លើងចំនួន ៦៦ ដើម, និងរៀបចំទីធ្លារឲ្យបានទូលាយជាងមុនសម្រាប់ការដើរកម្សាន្ដ ការហាត់ប្រាណ ហាត់កីឡារបស់ប្រជាពលរដ្ឋ។ 

គម្រោងការកែលម្អសួនមុខក្រសួងការពារជាតិនេះ ត្រូវបានអនុវត្តក្នុងគោលបំណងរៀបចំច្រកចេញចូលថ្មីរបស់ក្រសួង កែប្រែសោភ័ណភាពសួនច្បារឲ្យបានស្អាត និងទូលាយជាងមុន ព្រមទាំងយកចិត្តទុកដាក់ចំពោះការបំពាក់ប្រព័ន្ធលូ បង្គោលភ្លើងបំភ្លឺ ផ្ដល់ភាពងាយស្រួល និងអំណោយផលដល់ការលំហែកាយ និងការហាត់ប្រាណផងដែរ។