អវកាសយានិកចិន ២ នាក់បានបញ្ចប់ការដើរ និងបំពេញការងារមួយចំនួន នៅលើលំហរ (Spacewalk) រយៈពេល ៧ ម៉ោងដោយជោគជ័យកាលពីថ្ងៃអាទិត្យនេះ ដែលជាកំណត់ត្រាថ្មីបន្ទាប់ពីឆ្នាំ ២០០៨ មក!

អវកាសយានិកចិនពីររូប បានបញ្ចប់ការដើរ និងបំពេញការងារមួយចំនួនក្រៅយានអវកាស នៅលើលំហរ (Spacewalk) រយៈពេល ៧ ម៉ោងដោយជោគជ័យកកាលពីថ្ងៃអាទិត្យថ្មីៗនេះ។

 

ពួកគេទាំងពីរ ទទួលបានជោគជ័យក្នុងការបំបែកកំណត់ត្រាថ្មីមួយទៀតសម្រាប់ប្រទេសចិន ជាមួយការធ្វើបំពេញការងារនៅខាងក្រៅយានអវកាស ដែលកំពុងចុះសំចតនៅលើស្ថានីយគន្លងរណប Tiangong ថ្មីរបស់ខ្លួនកាលពីថ្ងៃ ៤ កក្កដានេះ។ 

ទីភ្នាក់ងារអវកាសចិន Manned Agency បានឲ្យដឹងថាលោក Liu Boming និងលោក Tang Hongbo បានចំណាយពេល ៧ ម៉ោងនៅខាងក្រៅស្ថានីយ៍ហើយត្រូវបានគេប្រគល់ភារកិច្ចអោយតម្លើងកាមេរ៉ាបែប Panoramic និងដៃរ៉ូបូតប្រវែង ៥០ ហ្វីត (50 foot robotic arm)។

 

គួររំលឹកផងដែរថា ពេលចុងក្រោយដែលអវកាសយានិកចិន បានចាកចេញពីយានអវកាសរបស់ពួកគេដែលកំពុងចុះសំចតនៅលើលំហរជាលើកដំបូង គឺនៅឆ្នាំ ២០០៨ នៅពេលដែលលោក Zhai Zhigang បានចុះអនុវត្តសាកល្បងយានអវកាសដំបូងបង្អស់ របស់ប្រទេសនេះ។

ខ្សែវីដេអូដែលទទួលបានពីបណ្តាញទូរទស្សន៍ China Central Television (CCTV) បានបង្ហាញថាលោក Liu និង Tang ធ្វើការត្រួតពិនិត្យ និងពាក់ឈុតអវកាសនៅពេលពួកគេបានរៀបចំចាកចេញ ពីស្ថានីយ៍លំហរនោះ។ សមាជិកទីបីនៃក្រុមរបស់ពួកគេគឺលោក Nie Haisheng បានជួយសម្រួលសកម្មភាពទាំងនេះ ជាមួយនឹងឧបករណ៍របស់ពួកគេ ហើយបន្ទាប់មកគាត់បាន មករង់ចាំនៅខាងក្នុងស្ថានីយវិញ។

សម្តីដំបូងរបស់លោក Liu ត្រូវបានស្រូបចាប់ និងបានលឺតាមរយៈឧបករណ៍ដែលនៅជាប់នឹងខ្លួនគាត់ថា “អូយ! វាពិតជាស្អាតខ្លាំងណាស់នៅខាងក្រៅនេះ!” ខណៈពេលដែលគាត់បានទាញខ្លួនគាត់ចេញពីកាប៊ីនយានអវកាស។

 

រូបភាពពីកាមេរ៉ាដែលបានតម្លើងនៅខាងក្រៅ និងនៅលើមួកសុវត្ថិភាពរបស់អវកាសយានិក បានបង្ហាញថាពួកគេបានកំពុងបំពេញភារកិច្ចផ្សេងៗ នៅលើម៉ូឌុលកណ្តាលនៃស្ថានីយ៍ Tiangong ដែលមានន័យថាជា “វិមានឋានសួគ៌ -Heavenly Palace”។

គូសសម្គាល់ផងដែរថា ប្រទេសចិនបានបញ្ជូនអវកាសយានិកទាំងបីនាក់ ទៅកាន់ស្ថានីយ៍គន្លងរណប Tiangong កាលពីខែមិថុនា ដែលជាការធ្វើដំណើរដោយមនុស្សដំបូង ទៅកាន់លំហរអវកាសក្នុងរយៈពេល ៥ ឆ្នាំ។ បេសកកម្មនេះស្របពេលនឹងខួប ១០០ ឆ្នាំរបស់គណបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាចហើយបានប្រារព្ធសម្រាប់ថ្ងៃ ដែលមានការដង្ហែក្បួន ការសម្តែងរបាំទ្រង់ទ្រាយធំ និងការបង្ហាញពីកម្លាំងយោធាដ៏មហិមា។

 

ស្ថានីយ៍គន្លងរណប Tiangong ដែលបានបង្ហោះចេញជាផ្លូវការ នៅចុងខែមេសាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងកម្មវិធីរុករកលំហរអវកាសប្រកបដោយមហិច្ឆតារបស់ប្រទេសចិន។

ប្រទេសនេះបានចុះចត និងធ្វើការរុករករួចទៅហើយ នៅលើភពព្រះច័ន្ទ និងបានចុះផ្សេងព្រងនៅលើភពព្រះអង្គារ។ ចិនក៏កំពុងរៀបចំប្រព័ន្ធ “Sky Ladder” ដែលអាចបង្ហោះទំនិញ និងនាំមនុស្សទៅខាងលើលំហរ និងចុះចតនៅលើស្ថានីយ៍អវកាសរបស់ខ្លួន ក៏ដូចជាក្នុងគោលបំណងបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារនៅឆ្នាំ ២០៣៣ ខាងមុខនេះបន្តទៀត។

ចាប់តាំងពីឆ្នាំ ២០១១ មក ក្រុមអវកាសយានិករបស់ចិន ត្រូវបានរារាំងដោយសហរដ្ឋអាមេរិកពីស្ថានីយ៍អវកាសអន្តរជាតិ (International Space Station)  ដោយសារហេតុផលសន្តិសុខមួយចំនួន។

Liu, Tang និង Nie ត្រូវគេរំពឹងថានឹងស្នាក់នៅលើ Tiangong ក្នុងរយៈពេល ៣ ខែ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការបន្តពង្រីកស្ថានីយអវកាសរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ។