រដ្ឋាភិបាលជប៉ុនកំពុងភ័យព្រួយនៃអត្រាឆ្លងកំពុងកើនឡើង និងវីរុស Delta កំពុងវាយប្រហារ!

តូក្យូ៖ ជប៉ុននៅពេលនេះកំពុងតែមានការព្រួយបារម្មណ៍កាន់តែខ្លាំងបន្ថែមទៀតហើយ ក្រោយពេលតួរលេខនៃចំនួនឆ្លងនៅក្នុងប្រទេសចាប់ផ្ដើមកើនឡើងយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក កំពុងតែបន្តប្រព្រឹត្តទៅនៅក្នុងទីក្រុងតូក្យូជាធម្មតា។

ក្ដីបារម្មណ៍នៃការផ្ទុះឡើងអត្រាឆ្លងក្នុងទំហំដ៏ច្រើន លើផ្ទៃប្រទេសនៅជប៉ុន បានកំពុងចាប់ផ្ដើមកើតមានឡើងសាជាថ្មីម្ដងទៀតហើយ ដោយក្នុងតែទីក្រុងតូក្យូតែឯង ចំនួនអ្នកឆ្លងមានរហូតដល់ទៅ ៤០៥៨ នាក់ឯណោះ កាលពីម្សិលមិញនេះ ជាតួរលេខច្រើនជាងគេ គិតចាប់តាំងពីរដ្ឋាភិបាល សម្រេចបន្តការដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នកាលពីពេលថ្មីៗកន្លងទៅ។ ការកើនឡើងនេះ បានកំពុងបន្តហក់ខ្ពស់ឡើង និងជាក្ដីបារម្មណ៍ជាខ្លាំងថាចំនួននោះនឹងបន្តទៅមុខចូលខ្ទង់ម៉ឺនករណី។

យោងតាមប្រភពព័ត៌មានក្នុងស្រុករបស់ជប៉ុន បញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ តួរលេខឆ្លងនោះបានកើនឡើងច្រើនជាង ១២,០០០ ករណីទៅហើយ ជាចំនួនប្រមូលបានសរុបចេញពីទូទាំងប្រទេស ដោយក្នុងនោះវីរុសបំឡែងខ្លួនថ្មី Delta ក៏កំពុងរាតត្បាត នៅតាមតំបន់មួយចំនួនរួចបាត់ទៅហើយ ដែលជាគ្រោះថ្នាក់ដ៏ធំមួយក្នុងការចម្លងពីពលរដ្ឋមួយ ទៅកាន់ពលរដ្ឋមួយទៀតក្នុងល្បឿនយ៉ាងលឿនបំផុត។ 

ដើម្បីទប់ស្កាត់ការឆ្លងក្នុងល្បឿនលឿន ជប៉ុន បានសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលបច្ចុប្បន្នកំពុងមានអានុភាពអានុវត្តនៅក្នុងទីក្រុងតូក្យូ និង Okinawa រហូតដល់ថ្ងៃទី២២ ខែសីហា ខាងមុខ ឱ្យបន្តរហូតដល់ថ្ងៃទី៣១ ខែសីហា តែម្ដង។ ដោយឡែកទីក្រុង ក៏ដូចជាខេត្តសំខាន់ៗផ្សេងទៀតរបស់ជប៉ុនរួមមានដូចជា Hokkaido, Ishikawa, Kyoto, Hyogo និង Fukuoka នឹងត្រូវដាក់ឱ្យស្ថិតក្នុងគ្រាអាសន្នផងដែរគិតចាប់ពីថ្ងៃច័ន្ទនេះតទៅ រហូតដល់ដំណាច់ខែ។

ការកើនឡើងនៃអត្រាឆ្លងច្រើនជាង ១២,០០០ ករណីក្នុងមួយថ្ងៃ កាលពីថ្ងៃសៅរ៍កន្លងទៅ បានដាក់ជាការព្រមានថ្មីមួយសម្រាប់រដ្ឋាភិបាលជប៉ុន ក្នុងការចាត់វិធានការបន្តទៀត ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាឆ្លងសាជាថ្មី ព្រោះថានៅពេលនេះមានវីរុស Delta ថែមថ្មីមកទៀត ដូច្នេះបើសិនជាមានការឆ្លងនៅក្នុងសហគមន៍ច្រើន គឺនឹងពិបាកក្នុងការទប់ស្កាត់ ហើយតួរលេខឆ្លងនឹងអាចកើនឡើងច្រើនម៉ឺននាក់បន្ថែមទៀត។ ចូលមកដល់ដើមខែសីហានេះ ពលរដ្ឋជប៉ុន ៣០% នៃចំនួនពលរដ្ឋសរុប បានទទួលការចាក់វ៉ាក់សាំងហើយ តែ ៧០% នៅខ្វះខាត ដោយសារតែចំនួនវ៉ាក់សាំងនៅមានកម្រិត៕