ទីក្រុងហូជីមិញ និងខេត្តទាំង ១៨ ផ្សេងទៀត បន្តការបិទខ្ទប់រយៈពេល ២ សប្ដាហ៍ ជាការខាតបង់រាប់ពាន់លានដុល្លារ

ហូជីមិញ៖ រដ្ឋាភិបាលវៀតណាម បន្ទាប់ពីសម្រេចធ្វើការបិទខ្ទប់ទីក្រុងស្ថិតនៅភាគខាងត្បូងប្រទេសរួចមក គិតចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ហើយបានបន្តបិទទីក្រុងស្ថិតនៅភាគខាងជើង គឺទីក្រុងហាណូយរួចហើយនោះ នៅពេលនេះ ទីក្រុងហូជីមិញត្រូវបានសម្រេចឱ្យបន្តការបិទខ្ទប់ជាបន្តទៀត ទោះជាការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ក្ដី។

ទីក្រុងហាណូយ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ត្រូវដល់កាលបរិច្ឆេទកំណត់នៃការបញ្ចប់ការបិទខ្ទប់ជាផ្លូវការនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នេះ តែរដ្ឋាភិបាលបានសម្រេច បន្តឱ្យមានការបិទខ្ទប់បន្ថែមទៀតសម្រាប់រយៈពេល ២ សប្ដាហ៍។ ការសម្រេចឱ្យបន្តការបិទខ្ទប់នេះ នឹងធ្វើឡើងចាប់ពីដើមខែនេះតទៅហើយ ដោយមូលហេតុនៃអត្រាឆ្លងនៅក្នុងសហគមន៍ពុំបានធូស្បើយសោះ គិតចាប់តាំងពីរលកទី ៤ បានវាយប្រហារនាពេលកន្លងទៅ។

ការបិទខ្ទប់សម្រាប់រយពេល ១៤ ថ្ងៃទៅមុខទៀតនេះ គឺនៅតែបន្តអនុវត្តដូចការបិទខ្ទប់លើកទី១ ដូច្នោះដែរ ដោយពុំមានការបន្ធូរបន្ថយ ឬលុបចោលវិធានការណាមួយនោះទេ ពោលគឺពលរដ្ឋទាំងអស់ត្រូវនៅក្នុងគេហដ្ឋានរៀងៗខ្លួន ដោយមិនត្រូវចេញក្រៅបើពុំចាំបាច់។ សម្រាប់វិស័យជំនួញតូចធំវិញ ត្រូវបន្តផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្នសិន លើកលែងតែសេវាកម្មសំខាន់ៗ និងចាំបាច់មួយចំនួនប៉ុណ្ណោះដែលអាចបើកឱ្យដំណើរការ តែស្ថិតអនុវត្តវិធានការចេញដោយមន្ត្រីសុខាភិបាល ហើយបុគ្គលិកបើពុំមានការចាំបាច់ទេ គឺត្រូវបំពេញការងារពីលំនៅឋាន។

ស្ថិតក្នុងការបន្តការបិទខ្ទប់នេះ ការបាត់បង់ការងារក៏មានច្រើន ការធ្វើដំណើរពីទីកន្លែងមួយទៅទីកន្លែងមួយក៏មានច្រើនផងដែរ។ មន្ត្រីនៅតាមទីក្រុង ខេត្ត ឬតំបន់នីមួយៗ ត្រូវបានផ្ដល់សិទ្ធិអំណាចឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់គោលការណ៍ និងបទបញ្ជាទាំងឡាយរបស់រដ្ឋាភិបាល ពិសេសគឺត្រូវមានឧបករណ៍ធ្វើតេស្ដរហ័ស ចំណីអាហារ ទឹកស្អាត អាកុល ម៉ាស ឈុតការពារខ្លួន របាំងមុខ ជាដើម ដើម្បីធ្វើការងារចាំបាច់របស់ខ្លួនរៀងៗខ្លួន។ 

ការដាក់ទីក្រុងសំខាន់ទី២ របស់វៀតណាម ក៏ដូចជាខេត្តទាំង១៨ ស្ថិតនៅភាគខាងត្បូងប្រទេសឱ្យស្ថិតក្នុងការបិទខ្ទប់នេះគឺជាការខាតបង់សេដ្ឋកិច្ចដ៏ធំមួយ ទាំងក្នុងស្រុក ក៏ដូចជាក្រៅស្រុក ព្រោះពុំមានចរន្តថវិការ ពុំមានពលរដ្ឋអាចចេញប្រកបអាជីវកម្ម បំពេញការងារ ហើយក៏ពុំមានលទ្ធភាពអាចផ្គត់ផ្គង់ផលិតផល ទំនិញ សេវាកម្ម របស់ខ្លួនចេញទៅក្រៅប្រទេសជាដើម។ យ៉ាងណាក៏ដោយ ការធ្វើបែបនេះគឺដើម្បីធានាទៅដល់សុខមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ឱ្យរួចផុតពីអត្រាឆ្លង ព្រោះថាចំនួនឆ្លងនៅតែបន្តកើនឡើង ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែកក្កដា កន្លងទៅ ចំនួនឆ្លងលើផ្ទៃប្រទេសសរុបមានដល់ទៅជាង ៩៤,៨៣០ នាក់មកហើយ។

រដ្ឋាភិបាលវៀតណាម បានកំពុងដុតដៃដុតជើងក្នុងការជម្រុញឱ្យមានការចាក់វ៉ាក់សាំងនៅតាមតំបន់សំខាន់ៗជាច្រើនឱ្យកាន់តែប្រសើរ ដោយក្នុងនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម ក៏បានរៀបចំការកាត់បន្ថយនីតិិវិធីរដ្ឋបាលមួយចំនួនចេញផងដែរ និងពង្រឹងបន្ថែមទៅលើការផ្គត់ផ្គង់វ៉ាក់សាំង ការផលិត ការទិញ ដើម្បីសម្រួលទៅដល់ការចាក់ឱ្យបានឆាប់រហ័ស និងចំនេញពេលវេលាច្រើនទៅដល់ពលរដ្ឋ៕