រីករាលដាលកាន់តែខ្លាំង! នៅពេលនេះថៃ ដាក់ខេត្ត ១៦ ផ្សេងទៀតឱ្យស្ថិតក្រោមការបិទខ្ទប់

បាងកក៖ ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនៅពេលនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមែនទែនហើយ ដោយចំនួនអ្នកឆ្លងក្នុងមួយថ្ងៃៗឡើងដល់ទៅរាប់ម៉ឺននាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់រយនាក់ឯណោះ។ បញ្ហានេះ បានធ្វើឱ្យថៃពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍បំផុត ខណៈវីរុសបំឡែងខ្លួនថ្មី កំពុងវាយប្រហារជាច្រើនករណីទៀតផង។

រដ្ឋាភិបាលថៃ ក្រៅពីស្ថានការណ៍ក្នុងទីក្រុងបាងកកពុំអំណោយផល ទោះបីជាមានការបិទខ្ទប់អស់ពេលជាច្រើនថ្ងៃកន្លងមកនេះក៏ដោយ នៅពេលនេះបានសម្រេចបន្តការបិទខ្ទប់ ២ សប្ដាហ៍ទៀត គិតចាប់ពីថ្ងៃអង្គារនេះតទៅហើយ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលជាបន្តបន្ទាប់ទៀត។ ពលរដ្ឋថៃជាច្រើនលាននាក់ ត្រូវបន្តអនុវត្តវិធានការការពារ ដាក់ចេញដោយរដ្ឋាភិបាល និងគោរពតាមសេចក្ដីណែនាំរបស់អាជ្ញាធរនៅក្នុងតំបន់ ករណីមានអការៈមិនអំណោយផលនោះទេ ត្រូវធ្វើតេស្ដស្វែងរកមេរោគ និងដាក់ខ្លួននៅអោយដាច់ដោយឡែកជាដើម។

ដោយហេតុថា ស្ថានការណ៍កាន់តែធ្លាក់ដុនដាបទៅៗ ចំនួនអ្នកឆ្លងកាន់តែច្រើន ហើយនៅតាមបណ្ដាខេត្តផ្សេងៗទៀតក៏ចាប់ផ្ដើមកើនឡើងនោះ រដ្ឋាភិបាលថៃ បានសម្រេចដាក់ខេត្តចំនួន ១៦ ផ្សេងទៀតរបស់ខ្លួន ឱ្យស្ថិតក្រោមការបិទខ្ទប់រយៈពេល ១៤ ថ្ងៃផងដែរ។ អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលរដ្ឋបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហៅកាត់ថា (CCSA) បានឱ្យដឹង ការដាក់ខេត្តទាំង ១៦ របស់ប្រទេសថៃ ក្នុងស្ថានការណ៍បិទខ្ទប់នេះ គឺដើម្បីទប់ស្កាត់ការឆ្លងវីរុសប្រភេទថ្មី Delta ហើយក៏ជាខេត្តស្ថិតក្នុងតំបន់ក្រហមផងដែរ។

ខេត្តទាំង ១៦ ថ្មីនេះត្រូវបានរាយការណ៍មកថា កំពុងហក់ឡើងនៃចំនួនអ្នកឆ្លងថ្មីៗ ដែលបានឆ្លងចូលទៅដល់ក្នុងរោងចក្រដែលមានកម្មករជាច្រើនម៉ឺននាក់ ហើយអាចនឹងបង្កើតឱ្យមានបញ្ហាទៅដល់សេដ្ឋកិច្ច ពិសេសគឺការនាំចេញនាពេលខាងមុខដ៏ខ្លីផងដែរ ព្រោះការនាំចេញរបស់ថៃ គឺជាច្រកទ្វារចំនូលដ៏សំខាន់ដែលមិនអាចខ្វះបាន តែនៅពេលនេះការរាតត្បាតកំពុងវាយប្រហារខ្លាំងនៅក្នុងវិស័យឧស្សាហកម្ម ដែលអ្នកជំនាញព្យាករណ៍ថៃ ផលប៉ះពាល់សេដ្ឋកិច្ចនឹងផ្ទុះឡើងនាពេលខាងមុខ។ 

CCSA នឹងធ្វើការវាយតម្លៃអំពីស្ថានការណ៍លើផ្ទៃប្រទេសជាប្រចាំ ហើយនៅថ្ងៃទី១៨ ខែសីហា ខាងមុខនេះ អាចនឹងមិនទាន់ឈានដល់ការផ្អាកការបិទខ្ទប់នោះទេ ផ្ទុយទៅវិញអាចនឹងពន្យាពេលរហូតដល់ចុងខែសីហាតែម្ដង បើសិនជាកាលៈទេសៈតម្រូវ។ មកដល់ថ្ងៃទី០២ ខែសីហា នេះ ករណីឆ្លងនៅប្រទេសថៃកើនឡើងច្រើនជាង ៦១ ម៉ឺននាក់ហើយ ដោយនៅទីកន្លែងខ្លះ កំពុងខ្វះខាតទីកន្លែងសម្រាកព្យាបាល៕