ប្រជុំកោះក្នុងដែនសមុទ្រខេត្តកែប នឹងមានការអភិវឌ្ឍន៍បន្ថែមក្រោយកំពង់ផែទេសចរណ៍សាងសង់រួច!

នៅក្នុងដែនសមុទ្រខេត្តកែប មានទីប្រជុំកោះមួយចំនួន ដែលមិនមានការអភិវឌ្ឍន៍ច្រើននៅឡើយទេ ដោយកោះទាំងនោះមានប្រជាពលរដ្ឋរស់នៅ ប៉ុន្តែប្រកបរបរនេសាទ និងបម្រើសេវាកម្មទេសចរណ៍បន្ដិចបន្ដួចប៉ុណ្ណោះ ពោលប្រសិនបើប្រៀបធៀបទៅនឹងទីប្រជុំកោះ ក្នុងដែនសមុទ្រខេត្តព្រះសីហនុ និងខេត្តកោះកុង គឺមានការអភិវឌ្ឍន៍តិចតួចបំផុត។ យ៉ាងណាមិញ ខេត្តកែប គឺជាទិសដៅទេសចរណ៍សម្រាកលំហែដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជា ដូចនេះរដ្ឋបាលខេត្តកែប មានផែនការអភិវឌ្ឍន៍ទីប្រជុំកោះទាំងនោះបន្ថែមទៀត ដើម្បីពង្រីកវិស័យទេសចរណ៍ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។

លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានលើកឡើងថា ដែនសមុទ្រខេត្តកែប មានទីប្រជុំកោះមួយចំនួន ប៉ុន្តែកោះទាំងនោះមានសភាពស្ងប់ស្ងាត់ មិនទាន់មានការអភិវឌ្ឍន៍ច្រើននៅឡើយទេ ដោយភាគច្រើនប្រជាពលរដ្ឋរស់នៅប្រកបរបរនេសាទប៉ុណ្ណោះ។ តាមប្រសាសន៍លោក ចក់ ស៊ីនាថ នាយកផ្នែកជលផល នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកែប បានបង្ហាញថា ប្រជុំកោះស្ថិតនៅក្នុងដែនសមុទ្រខេត្តកែបមានចំនួន ១២ កោះ និងថ្មប៉ប្រះទឹករួមមាន៖ កោះទន្សាយ, កោះត្បាល់, កោះស្វាយ, កោះពោធិ៍, កោះម៉ាក់ប្រាង, កោះអាចម៍សេះ, កោះអង្ក្រង, កោះស្វាយព្រៃ, កោះហាលត្រី, កោះការ៉ាង, កោះកុក, កោះម្ទេស, និងថ្មប៉ប្រះទឹក។ កោះមួយចំនួនធំនៅទីនោះ មានប៉ុស្ដិ៍នគរបាលការពារព្រំដែនទឹក និងប្រជានេសាទរស់នៅ និងខ្លះទៀតត្រូវបានទុកជាតំបន់អភិរក្ស ចំណែកមួយចំនួនក៏កំពុងមានក្រុមហ៊ុនសិក្សាគម្រោងអភិវឌ្ឍន៍ផងដែរ ប៉ុន្តែមិនទាន់បោះទុន និងស្នើសុំអនុម័តនៅពេលជាក់លាក់ឡើយទេ។

សម្រាប់កោះដែនសមុទ្រខេត្តកែប កំពុងមានការអភិវឌ្ឍន៍ច្រើនជាងគេនៅពេលនេះ គឺកោះទន្សាយ ដោយវាមានទំហំធំ នៅជិតដីគោក (ចម្ងាយប្រមាណ ៥ គីឡូម៉ែត្រប៉ុណ្ណោះ) ហើយក៏មានកំពង់ផែទេសចរណ៍ថ្មីមួយកំពុងសាងសង់ គូបផ្សំជាមួយការវិនិយោគមួយចំនួនដូចជារីសត បឹងកាឡូ និងផ្ទះស្នាក់ (Home stay) នៅបម្រើវិស័យបដិសណ្ឋារកិច្ចនៅលើកោះនោះស្រាប់ ហើយក៏មានប្រជានេសាទរស់នៅច្រើនផងដែរ។ កោះទន្សាយ មានឆ្នេរសមុទ្រងូតទឹកស្រស់ស្អាត និងមានសភាពស្ងប់ស្ងាត់ល្អ ទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ដច្រើននៅចុងសប្ដាហ៍ និងថ្ងៃសម្រាកវិស្សមកាល។ 

ម្យ៉ាងទៀត កំពង់ផែទេសចរកោះទន្សាយ សាងសង់បានជាង ៧៥% មកហើយដោយត្រៀមនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ ដោយចំណាយទឹកប្រាក់ប្រមាណ ១ លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល មានប្រវែង ៣០៦ ម៉ែត្រ និងជម្រៅ ៤.៧ ម៉ែត្រ អាចសំចតនាវាទេសចរណ៍ដឹកមនុស្សក្រោម ៣០០ នាក់ សម្រាប់ងាយស្រួលតភ្ជាប់ទេសចរណ៍ឈូងសមុទ្រកម្ពុជា ទៅកាន់កំពង់ផែទេសចរណ៍កំពត ស្រុកទឹកឈូ និងទៅកាន់កោះផ្សេងៗទៀតក្នុងខេត្តកែប ហើយក៏អាចដឹកជញ្ជូនទំនិញធុនស្រាលតាមនេះផងដែរ។