គម្រោងវិនិយោគរោងចក្រជាង ៧០ លានដុល្លារ ត្រូវបានអនុម័តកាលពីខែកក្កដា!

ក្នុងខែកក្កដា ឆ្នាំ២០២១ គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនវិនិយោគរោងចក្រចំនួន ៨ កន្លែងសរុបជាទឹកប្រាក់ ៧១.៤ លានដុល្លារ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋជាង ១ ម៉ឺនកន្លែង។ 

គម្រោងវិនិយោគទាំងនោះរួមមាន៖ 

១. ក្រុមហ៊ុន New Wide Apparel Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងផលិតផលម៉ាស ដែលមានទីតាំងនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៣៣ លានដុល្លារ និងអាចបង្កើតការងារ ៣,៧០០ កន្លែង។ 

២. ក្រុមហ៊ុន Top Form (Cambodia) Manufacturing Company Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងវិនិយោគនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៩.៥ លានដុល្លារ អាចបង្កើតការងារចំនួន ១,៨៥០ កន្លែង។ 

៣. ក្រុមហ៊ុន Remstex Fashion Co, Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ មានទុនវិនិយោគប្រមាណ ៦ លានដុល្លារ អាចបង្កើតការងារជូន ១,៩២៩ កន្លែង។ 

៤. ក្រុមហ៊ុន Hong Cen Max Leather Production Co., Ltd គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវ៉ាត់ មានទីតាំងនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ២.៦ លានដុល្លារ អាចបង្កើតការងារបាន ៦៧៦ កន្លែង។ 

៥. ក្រុមហ៊ុន CK Sport Co,. Ltd គម្រោងបង្កើតរោងចក្រផលិតស្បែងជើងគ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥ លានដុល្លារ អាចបង្កើតការងារ ២១០ កន្លែង។

៦. ក្រុមហ៊ុន Cathaya (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រវាយនភណ្ឌដែលមានទីតាំងនិយោគស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.៨ លានដុល្លារ និងអាចបង្កើតការងារបាន ១៧០ កន្លែង។

៧. ក្រុមហ៊ុន General Enterprises Garment (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ មានទីតាំងវិនិយោគនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានទុនប្រមាណ ៧.៣ លានដុល្លារ អាចបង្កើតការងារបាន ៩៣៧ កន្លែង។

៨. ក្រុមហ៊ុន Sortics Alliance Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានទុនវិនិយោគប្រមាណ ៥.២ លានដុល្លារ អាចបង្កើតការងារបាន ១,០៣៦ កន្លែង។