តួរលេខឆ្លងនៅអង់គ្លេសបានធ្លាក់ចុះជិត ២ សប្ដាហ៍មកហើយ ផ្ទុយពីការព្យាករណ៍កន្លងមក!

អង់គ្លេស៖ ក្រោយការបើកឱ្យដំណើរការទីក្រុងសំខាន់ៗឡើងវិញ បន្ទាប់ពីមានការបិទខ្ទប់ និងការរឹតបន្តឹងនាពេលកន្លងមកដោយសារតែជំងឺកូវីដ ១៩ រួច នៅពេលនេះ ពលរដ្ឋអង់គ្លេសជាច្រើនបាននឹងកំពុងឆ្ពោះដំណើរទៅរកសភាពដើមឡើងវិញបន្ដើរៗហើយ ដោយក្នុងនោះតួរលេខឆ្លងក៏បន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។

ប្រទេសអង់គ្លេស ក្រោយពីមានការព្យាករណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រ និងមន្ត្រីជំនាញមួយចំនួនថានឹងអាចផ្ទុះឡើងករណីឆ្លងរហូតដល់ទៅជាង ១០ ម៉ឺននាក់ក្នុងមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលសម្រេចលុបចោលការរឹតត្បឹត នៅពេលនេះបែជាទទួលបានលទ្ធផលល្អប្រសើរទៅវិញ ខណៈចំនួនតួរលេខឆ្លងបានធ្លាក់ចុះជាបន្តបន្ទាប់ គិតចាប់តាំងពីថ្ងៃ១៩ ខែកក្កដា រហូតមកដល់ថ្ងៃទី៣០ ខែកក្កដា នេះ។ 

ជាក់ស្ដែងចំនួនតួរលេខ ដែលជាទូទៅក្នុងមួយថ្ងៃៗចំនួនអ្នកឆ្លងថ្មីអាចមានច្រើនជាង ៤ ម៉ឺននាក់ ជិតដល់ ៥ ម៉ឺននាក់ បានធ្លាក់ចុះមកប្រមាណតែជាង ២ ម៉ឺន ៤ ពាន់ជាងនាក់ប៉ុណ្ណោះ ជាការឆ្លាក់ចុះហួសពីការនឹកស្មានដល់ ឬប្រមាណជា ៤៦% ឯណោះ។ នេះគឺជាលទ្ធផលដ៏ល្អប្រសើរសម្រាប់ពលរដ្ឋក្នុងការរស់នៅ ដោយពួកគេពុំចាំបាច់ពាក់ម៉ាសទៀតនោះទេ នៅពេលចេញក្រៅលំនៅឋាន ឬនៅតាមទីសាធារណៈ ថែមទាំងមិនចាំបាច់រក្សាគម្លាត និងអាចប្រមូលផ្ដុំគ្នាជាធម្មតា។ យ៉ាងណាមិញពលរដ្ឋមួយចំនួនក៏នៅបន្តការពារខ្លួនដោយពាក់ម៉ាស និងរក្សាគម្លាតជាធម្មតាដដែល។

បើទោះបីជាតួរលេខនោះបានធ្លាក់ចុះអស់រយៈពេលជិត ២ សប្ដាហ៍ក៏ដោយ លោក Boris Johnson នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានជម្រុញឱ្យពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នដដែល ព្រោះថាស្ថានការណ៍នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ លោកបានបន្ថែមថា ពលរដ្ឋទាំងអស់ត្រូវ ការពារខ្លួន និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ស្របតាមការណែនាំរបស់រដ្ឋាភិបាល ព្រោះតួរលេខឆ្លងនៅតែបន្តមាន ហើយបើធ្វេសប្រហែសការឆ្លងថ្មីនឹងអាចវិលត្រឡប់មកវិញនាពេលដ៏ខ្លីខាងមុខ។

នេះគឺជាលទ្ធផលល្អប្រសើរ និងហួសពីការរំពឹងទុករបស់រាជរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស ដែលបានយកឈ្នះអត្រាឆ្លងបានយ៉ាងច្រើនក្នុងរយពេលជិត ២ សប្ដាហ៍កន្លងទៅនេះ ដោយសង្ឃឹមថាចំនួនឆ្លងនោះនឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់ទៀត។ គិតមកដល់ចុងខែកក្កដា ឆ្នាំ២០២១ នេះចំនួនឆ្លងសរុបនៅអង់គ្លេសមានរហូតដល់ទៅ ៥.៨ លាននាក់ហើយ ដោយចំនួនស្លាប់មានរហូតដល់ទៅជាង ១៣ ម៉ឺននាក់ឯណោះ៕