ជំងឺកូវីដ ១៩ មានវត្តមានឡើងវិញក្នុងទីក្រុងហ្វូហាន (Wuhan) ខណៈ Delta កំពុងរាតត្បាត

ប៉េកាំង៖ ក្រោយពីទទួលបានជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ កាលពីឆ្នាំ២០២០ កន្លងទៅ នាឯទីក្រុងហ្វូហាន (Wuhan) នៅពេលនេះ ករណីឆ្លងថ្មីនៅក្នុងសហគមន៍ បានលេចចេញរូបរាងសាជាថ្មីម្ដងទៀតហើយ និងបានកំពុងបង្ករក្ដីបារម្មណ៍ថា វានឹងអាចឆ្លង និងរីករាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័សបំផុត។

វីរុសកូវីដ ១៩ ត្រូវបានរកឃើញម្ដងទៀតហើយ នៅក្នុងទីក្រុងហ្វូហាន ដែលពិភពលោកស្គាល់ថា ជាចំណុចចាប់ផ្ដើម នៃជំងឺឆ្លងដ៏អាក្រក់មួយនេះ។ អស់ពេលជាង ១ ឆ្នាំកន្លងទៅ ទីក្រុងដែលមានពលរដ្ឋចិនរស់នៅជាង ១១ លាននាក់នៅពេលនេះ ត្រូវបានរកឃើញថា មានអ្នកជំងឺកូវីដ ១៩ ឆ្លងនៅក្នុងសហគមន៍ កាលពីថ្ងៃច័ន្ទកន្លងទៅ ដោយបានដាក់ឱ្យមានការព្រួយបារម្មណ៍សាជាថ្មីថា ជំងឺនេះនឹងរីកសាយភាពនៅក្នុងទីក្រុងកាន់តែច្រើនក្នុងរយៈពេលដ៏ខ្លីខាងមុខ។

អាជ្ញាធរក្រុងហ្វូហាន កាលពីថ្ងៃអង្គារកន្លងទៅនេះបានបញ្ជាក់ដូច្នេះថា ករណីឆ្លងថ្មីនៅក្នុងសហគមន៍នេះ ត្រូវបានរកឃើញនៅក្នុងចំណោមពលរដ្ឋដែលធ្វើការចំណាកស្រុក ដែលមាន ៧ ករណី ហើយអាជ្ញាធរ ក៏កំពុងរៀបចំផែនការមេ ក្នុងការចាប់ផ្ដើម ធ្វើតេស្ដទ្រង់ទ្រាយធំ ឱ្យបានពេញមួយទីក្រុងតែម្ដង ដើម្បីធានាទៅដល់សុខុមាលភាពសាធារណៈ។ ក្រៅពីទីក្រុងហ្វូហាន ទីក្រុងផ្សេងៗទៀត ក៏កំពុងស្ថិតក្រោមការគំរាមកំហែងនៃវីរុសបម្លែងខ្លួនថ្មី Delta ផងដែរ។

ក្នុងនោះទីក្រុងប៉េកាំង បានកំពុងស្ថិតក្នុងយុទ្ធនាការធ្វើតេស្ដស្វែងរកវីរុសកូវីដ ១៩ ក៏ដូចជាពពួកបម្លែងខ្លួនថ្មីម្ដងទៀត ទៅលើពលរដ្ឋរាប់សិបលាននាក់ហើយ ដោយអ្នកមានទំនាក់ទំនង ឬប្រាស្រ័យទាក់ទងជាមួយអ្នកមានវិជ្ជមាន ក៏ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កផងដែរ។ ដោយឡែកទីក្រុងធំៗផ្សេងទៀតរួមមានជាអាទិ៍ Yangzhou, Nanjing, Zhangjiajie ក៏កំពុងស្ថិតក្នុងការរៀបចំរបស់រដ្ឋាភិបាលចិន ក្នុងការទប់ស្កាត់ការឆ្លងផងដែរ ដោយអ្វីដែលគួរឱ្យបារម្មណគឺវីរុស Delta បានកំពុងរាតត្បាតនៅក្នុងទីក្រុងទាំងនោះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារកន្លងទៅនេះ ចិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍ចំនួន ៦១ នាក់ ដោយភាគច្រើនគឺមានទំនាក់ទំនងទៅនឹងប្រភពមកពីអាកាសយានដ្ឋានអន្តរជាតិ Nanjing ហើយត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅដល់ពលរដ្ឋដែលមានជាប់ពាក់ព័ន្ធ។ ក្រៅពីការវែកមុខរកមុខសញ្ញា រដ្ឋាភិបាលចិន ក៏បានកំពុងដុតដៃដុតជើងក្នុងការផ្ដល់ការចាក់វ៉ាក់សាំងឱ្យទៅដល់ប្រជាពលរដ្ឋក្នុងល្បឿនមួយយ៉ាងលឿន តាមដែលអាចធ្វើទៅបានផងដែរ៕