ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ (IAG) កាត់បន្ថយអត្រាខាតបង់នៃប្រាក់ចំណូលរបស់ខ្លួន នៅក្នុងត្រីមាសទី ២ នេះ!

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ (International Airlines Group – IAG) បានរាយការណ៍ពីការខាតបង់ ទៅលើដំណើរប្រតិបត្តិការណ៍របស់ខ្លួនចំនួន ៩៦៧ លានផោន (€967 million) នៅក្នុងត្រីមាសទី ២ សម្រាប់ឆ្នាំនេះ។ 

តួលេខនេះ គឺបង្ហាញពីភាពប្រសើរឡើងបើធៀបទៅនឹងពីមុន ដោយមានការខាតបង់ប្រាក់ចំណូលប្រមាណ ២,២ ពាន់លានផោន (€2.2 billion) ដែលត្រូវបានគេឃើញក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ 

ដោយឡែក ចំពោះការខាតបង់ទៅលើដំណើរប្រតិបត្តិការ ដែលបានរាយការណ៍សម្រាប់ពាក់កណ្តាលឆ្នាំ ២០២១ គឺសរុបខ្ទង់ ២ ពាន់លានផោន (€2 billion)។

ក្រុមហ៊ុនដ៏ធំ IAG ដែលកាន់កាប់ទៅលើ ក្រុមហ៊ុនអាកាសចរណ៍ល្បីៗមួយចំនួនដូចជា Aer Lingus, British Airways និង Iberia បាននិយាយថាសមត្ថភាពដឹកអ្នកដំណើរនៅត្រីមាសទី ២ មានត្រឹមតែ ២១,៩% ប៉ុណ្ណោះបើធៀបទៅនឹងកំឡុងពេលដដែល ក្នុងឆ្នាំ ២០១៩។ 

តួលេខនេះ បន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសាររោគរាតត្បាតកូវីដ-១៩ រួមជាមួយការរឹតត្បិតរបស់រដ្ឋាភិបាល ប្រចាំប្រទេសនានានៅជុំវិញពិភពលោក និងតម្រូវការចត្តាឡីស័កសម្រាប់អ្នកដំណើរជាដើម។

ក្រុមហ៊ុន IAG បាននិយាយថា បច្ចុប្បន្នខ្លួនរំពឹងថានឹងហោះហើរបានប្រហែល ៤៥% នៃសមត្ថភាពប្រតិបត្តិការណ៍ក្នុងឆ្នាំ ២០១៩ នៅត្រីមាសទី ៣ នេះ។ យ៉ាងណាសេចក្តីថ្លែងការណ៍មួយ បានពន្យល់ថា ទោះយ៉ាងណា នេះនៅតែការព្យាករណ៍មិនច្បាស់លាស់ និងជារឿងដែលត្រូវធ្វើការបន្តពិនិត្យឡើងវិញជាថ្មីម្តងទៀត។

លោក Luis Gallego នាយកប្រតិបត្តិ IAG បានមានប្រសាសន៍ថា “ក្នុងរយៈពេលដ៏ខ្លីនេះ ការផ្តោតអារម្មណ៍របស់យើង គឺសម្តៅលើការត្រៀមខ្លួនក្នុងដំណើរប្រតិបត្តិការហោះហើរ ដូច្នេះយើងអាចនឹងមានភាពបត់បែន ក្នុងការប្រើទុនលើបរិយាកាសដែលមានភស្តុតាង នៃតម្រូវការប្រើប្រាស់ច្រើន នៅពេលមានការរឹតត្បិតប្រព័ន្ធធ្វើដំណើរ ត្រូវបានដកចេញ។ ទាំងនេះត្រូវបានឆ្លុះបញ្ចាំង នៅក្នុងលទ្ធផលរបស់ Iberia និង Vueling។ ក្រុមហ៊ុនទាំងពីរនេះ គឺល្អបំផុតនៅក្នុងក្រុមរបស់យើង នៅក្នុងត្រីមាសទី ២ ដែលឆ្លុះបញ្ចាំងពីទីផ្សារក្នុងស្រុកអាមេរិកឡាទីន និងអេស្ប៉ាញ ដែលជម្រុញដោយ គោលការណ៍នៃការរឹតត្បិតការធ្វើដំណើរតិចជាងមុន។ យើងដឹងថា ការងើបឡើងវិញនឹងមិនស្មើគ្នាទេ ប៉ុន្តែយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទាញយកអត្ថប្រយោជន៍ពីការកើនឡើង នៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស ស្របតាមការបង្កើនអត្រាផ្តល់វ៉ាក់សាំង សម្រាប់ប្រជាជនតាមបណ្តាប្រទេសនានា នៅទូទាំងពិភពលោក។”

លោកបានបន្ថែមថា “យើងសូមស្វាគមន៍ចំពោះសេចក្តីប្រកាសនាពេលថ្មីៗនេះ ដែលអ្នកធ្វើដំណើរ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ មកពីបណ្តាប្រទេស Amber នៅសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមិនត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក នៅពេលពួកគេ មកដល់ចក្រភពអង់គ្លេស។ យើងមើលឃើញថា នេះជាជំហ៊ានដំបូងដ៏សំខាន់ ក្នុងការបើកដំណើរការឡើងវិញ នូវច្រកធ្វើដំណើរឆ្លងដែនអាត្លង់ទិច។”

ដោយសារភាពមិនច្បាស់លាស់លើពេលវេលា នៃការដកការរឹតបន្តឹងការធ្វើដំណើររបស់រដ្ឋាភិបាល និងផលប៉ះពាល់ ក៏ដូចជារយៈពេលបន្តរាតត្បាតនៃកូវីដ-១៩ IAG បាននិយាយថា ខ្លួនមិនមានលទ្ធភាពផ្តល់ការណែនាំ និងអាចទាញយកប្រាក់ចំណេញមកវិញ សម្រាប់ឆ្នាំ ២០២១ នេះទេ។