អង់គ្លេសបើកទ្វាស្វាគមន៍ភ្ញៀវទេសចរឡើងវិញហើយ ក្រោយផ្អាកអស់ពេលជាង ១ ឆ្នាំកន្លងទៅ!

អង់គ្លេស៖ អង់គ្លេសបានសម្រេចបើកច្រកទ្វាព្រំដែនរបស់ខ្លួនឡើងវិញហើយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឱ្យមកកំសាន្តលើផ្ទៃប្រទេស ក្នុងភាពជឿជាក់ថានឹងមិនចោទឡើងជាបញ្ហាប្រឈម ឬហានិភ័យទាក់ទងនឹងជំងឺកូវីដ ១៩ តទៅទៀតនោះទេ។

រដ្ឋាភិបាលអង់គ្លេស ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Boris Johnson បានសម្រេចបើកទ្វាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញហើយ បន្ទាប់ពីផ្អាកអស់រយៈពេលជាង ១ ឆ្នាំកន្លងមក ដោយសារតែជំងឺកូវីដ ១៩។ ការបើកទទួលភ្ញៀវឡើងវិញនេះ គឺសម្រាប់ស្វាគមន៍តែប្រជាពលរដ្ឋអាមេរិក និងពលរដ្ឋនៅក្នុងប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប (EU) ទាំងអស់ ដែលទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវ និងគ្រប់ចំនួន ឱ្យចូលទៅក្នុងទឹកដីអង់គ្លេសក្នុងគោលដៅធ្វើដំណើរកំសាន្ត។

ពលរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិក EU ទាំងអស់ នឹងពុំតម្រូវឱ្យធ្វើចត្តាឡីស័កទៀតនោះទេ ដោយគ្រាន់តែបង្ហាញប័ណ្ណចាក់វ៉ាក់សាំង និងត្រូវធ្វើតេស្ដសុខភាពតាមម៉ាស៊ីន PCR Test ជាការស្រេច។ ពេលមានវត្តមាននៅក្នុងទឹកដីរបស់អង់គ្លេស ភ្ញៀវទេសចរអន្តរជាតិទាំងអស់អាចដើរកំសាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ជាច្រើន តាមចិត្តចង់ បើទោះបីជាបច្ចុប្បន្នអង់គ្លេសកំពុងព្រួយបារម្មណ៍អំពីវីរុសបម្លែងខ្លួនថ្មី និងករណីឆ្លងក្នុងសហគមន៍នៅតែបន្តមានក្ដី។

តាមរយៈការបើកទ្វាស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញនេះ ក្រុមហ៊ុនទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន រំពឹងថារដូវក្ដៅឆ្នាំនេះអង់គ្លេសនឹងទទួលបានភ្ញៀវទេសចរយ៉ាងច្រើន ជាផ្នែកដ៏សំខាន់មួយ ក្នុងការសង្គ្រោះទៅដល់វិស័យទេសចរណ៍ ដែលបានរងគ្រោះអស់ពេលច្រើនជាង ១ ឆ្នាំកន្លងទៅនេះ។ មិនតែប៉ុណ្ណោះ ទីផ្សារការងារនឹងចាប់ផ្ដើមល្អប្រសើរឡើងវិញ ដោយបង្កើតការងារជាច្រើនកន្លែង ទាំងក្នុងប្រទេស ក៏ដូចជាក្រៅស្រុកផងដែរ។

ការទទួលភ្ញៀវទេសចរលើកនេះ បានទទួលការសាទរ ជាច្រើនពីសំណាក់ពលរដ្ឋ ក៏ដូចជាមន្ត្រីនៃវិស័យទេសចរណ៍ ព្រោះនេះគឺជាសញ្ញាចាប់ផ្ដើម នៃការវិលត្រឡប់ទៅកាន់ការរស់នៅដូចកាលពីឆ្នាំ ២០១៩ ឡើងវិញ បើទោះបីជាវីរុសកូវីដ ១៩ នៅតែបន្តមានវត្តមាន តែនេះគឺជាជោគជ័យដ៏អស្ចារ្យមួយសម្រាប់អង់គ្លេស ហើយប្រទេសជិតខាតផ្សេងៗទៀតអាចយកគំរូតាម។ គួរបញ្ជាក់ថា ពលរដ្ឋពេញវ័យនៅអង់គ្លេសនៅពេលនេះមានរហូតដល់ទៅ ៨៩% នៃចំនួនពលរដ្ឋសរុប ត្រូវបានទទួលការចាក់វ៉ាក់សាំងរួចរាល់អស់ហើយ ដោយរំពឹងថានឹងចាក់អស់មុនឆ្នាំ ២០២២ មកដល់៕