ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់សិទ្ធិផ្តាច់មុខឱ្យ ក្រុមហ៊ុន វើលដ៍ ដាយនីង លីមីតធីត ដើម្បីរៀបចំ ចាត់ចែង និងដំណើរការសេវាកម្មម្ហូបអាហារនៅ ភីអេច ហ្គ្រេនហល

រាជធានីភ្នំពេញ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១៖ វើលដ៍ ដាយនីង លីមីតធីត ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធអលមិន គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់សេវាកម្មម្ហូបអាហារផ្តាច់មុខជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីរៀបចំ ចាត់ចែង និងដំណើរការសេវាកម្មម្ហូបអាហារនៅ ភីអេច ហ្គ្រេនហល (PH Grand Hall) នាពេលឆាប់ៗខាងមុខនេះ។ 

ក្រុមហ៊ុន វើលដ៍ ដាយនីង     នឹងផ្តល់ជូននូវម្ហូបជាតិ និងអន្តរជាតិដ៏ច្រើនលើសលប់ ដោយរួមបញ្ចូលមិនត្រឹមតែម្ហូបទាខ្វៃក្វាងទុង និងជ្រូកគូលេនខ្វៃប្រចាំហាងយីសាងប៉ុណ្ណោះទេ ថែមទាំងមានសាច់គោ និងសាស៊ីមី ដែលមានគុណភាពខ្ពស់ប្រចាំភោជនីយដ្ឋានកាន់ជី សាស៊ីមីបង្កងនាគប្រចាំភោជនីយដ្ឋានសេវិនស៊ី ព្រមទាំងម្ហូបខ្មែរប្រចាំហាងអ៊ុយគុយទាវ និងគ្រឿងហ្គាឌិន ព្រមទាំងមានការលាយបញ្ចូលម្ហូបសិង្ហបុរី ហ្វឺ-ម្ហូបវៀតណាម ម្ហូបអ៊ីតាលី និងបារាំងជាច្រើនមុខរបស់ភោជនីយដ្ឋាន វើលដ៍ ដាយនីង។

ពិធីចុះហត្ថលេខាបានធ្វើឡើងនៅរសៀលថ្ងៃដដែលនេះ រវាងលោក លូ ម៉េង នាយកប្រតិបត្តិក្រុមហ៊ុន វើលដ៍ ដាយនីង លីមីតធីត និង អលមិន គ្រុប ជាមួយ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងសមិទ្ធផលរបស់ អលមិន គ្រុប ក្នុងនាមជាអ្នកផ្តល់សេវាកម្មបដិសណ្ឋារកិច្ចដែលជាទី  ពេញចិត្តនៅរាជធានីភ្នំពេញ ក៏ដូចជាសាលសនិ្នសីទទី១ របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប និងការជ្រៀតចូលទៅក្នុងអាជីវកម្ម          ម៉ាយស៍-MICE (Meetings, Incentives, Conferencing and Exhibitions)។

ភីអេច ហ្គ្រេនហល ជាគម្រោងដែលឈ្នះពានរង្វាន់ជាច្រើន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម ដែលលាតសន្ធឹងលើផ្ទៃដីជាង ៤០០ ហិចតា។ អគារដ៏ប្រណិតនេះត្រូវបានរចនាឡើងដោយមានការរួមបញ្ចូលគ្នារវាងរចនាបថស្ថាបត្យកម្មខ្មែរ និងអឺរ៉ុប ដោយផ្តោតលើពិធីមង្គលការ សន្និសីទ និងការតាំងពិព័រណ៍ ដែលអាចចូលរួមបានជាង ៣.០០០ នាក់។    ភីអេច ហ្គ្រេនហល គ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ២០២២ ដែលមានលក្ខណៈពិសេស រួមមានសាលប្រជុំដ៏ធំទូលាយ និងមានបំពាក់ឧបករណ៍អូឌីយ៉ូទំនើប រួមទាំងមានការរៀបចំផ្ទះបាយលក្ខណៈពាណិជ្ជកម្ម ដែលរចនាយ៉ាងពិសេស ដើម្បីបំពេញតម្រូវការក្នុងការរៀបចំមុខម្ហូបជាច្រើនប្រភេទ។  សាលធំអាចបែងចែករៀបចំកម្មវិធី ៣ផ្សេងគ្នាក្នុងពេលតែមួយ។

គួបផ្សំជាមួយនឹងមុខម្ហូបដ៏សម្បូរបែបរបស់ភោជនីយដ្ឋាន វើលដ៍ ដាយនីង ដែលដឹកនាំដោយ លោក លូ ម៉េង ជាឯកអគ្គរដ្ឋទូត និងជាសហគ្រិនចុងភៅដ៏ល្បីឈ្មោះនៅកម្ពុជា សេវាកម្មផ្គត់ផ្គង់ម្ហូបអាហាររបស់ ភីអេច ហ្គ្រេនហល នឹងក្លាយជាបទពិសោធមួយដែលគួរឱ្យទន្ទឹងរង់ចាំនៅឆ្នាំ២០២២ខាងមុខនេះ ។