៨ ចំណុចដែលគ្រឹះស្ថានអប់រំគួរកែសម្រួលឲ្យស្របតាម បដិវត្តន៍ឧស្សាហកម្ម ៤.០ នេះ!

កាលពីប៉ុន្មានថ្ងៃមុន គេហទំព័រ Cambodia Property Report បានចុះផ្សាយអត្ថបទស្ដីអំពី អ្វីទៅជាបដិវត្តន៍ឧស្សាហកម្ម ៤.០? ដើម្បីឲ្យមិត្តអ្នកអានទាំងអស់គ្នា បានស្វែងយល់ពីមូលដ្ឋានខ្លះៗអំពីវារួចមកហើយ ដោយឡែកសម្រាប់ថ្ងៃនេះដែរ យើងនឹងយកប្រធានបទថ្មីមួយទៀត អំពីការត្រៀមខ្លួនយ៉ាងណាដើម្បីសម្របជាមួយបដិវត្តន៍បច្ចេកវិទ្យាថ្មីនេះ ជាពិសេសគឺទៅលើវិស័យអប់រំ ដែលយើងគួរយកចិត្តទុកដាក់ខ្ពស់ជាងគេបំផុត រាប់ចាប់ពីការអប់រំចេញពីឪពុកម្ដាយ, គ្រូបង្រៀន, និងគ្រឹះស្ថានអប់រំនានា ថាតើយើងគួរមានកែសម្រួលយ៉ាងណាខ្លះ។

ដូចយើងបានដឹងស្រាប់ហើយ របត់នៃឧស្សាហកម្ម ៤.០ ដើរទៅមុខលឿនណាស់ ដែលធ្វើឲ្យមនុស្សត្រូវមានការផ្លាស់ប្ដូរផងដែរ ទាំងការប្រាស្រ័យទាក់ទង, ការរស់នៅ, ការងារ, ការអប់រំ សុទ្ធសឹងតែមានតម្រូវការផ្នែកបច្ចេកវិទ្យាទាំងអស់ ដើម្បីឲ្យមានប្រសិទ្ធខ្ពស់ជាងមុន ក្នុងនោះបច្ចេកវិទ្យាសំខាន់ៗដែលគេប្រើប្រាស់ជាចាំបាច់មានដូចជា បញ្ញាសិប្បនិមិត្ត AI (Artificial Intelligence), មជ្ឈមណ្ឌលទិន្នន័យ (Big Data), បច្ចេកវិទ្យាសិប្បនិមិត្ត AR (Augmented Reality), បច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាព (Blockchain) និងបណ្ដាញទូរគមនាគមន៍ IoTs (Internet of Things) -ល-។ អញ្ចឹងតើគ្រឹះស្ថានអប់រំវិញ យើងគួរមានកែសម្រួលអ្វីខ្លះដើម្បីឲ្យស្របទៅតាមបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះ?

១. កំណត់គោលដៅអប់រំឲ្យច្បាស់លាស់

គោលដៅនៃការអប់រំ តែងតែអភិវឌ្ឍន៍ទៅតាមសម័យកាលជានិច្ច ដោយយើងគួរអភិវឌ្ឍន៍ការសិក្សាឲ្យស្របទៅតាមបរិបថថ្មី ដែលសង្គមត្រូវការ។ ដោយក្នុងសតវត្សទី ២១ នេះយើងមិនគ្រាន់តែបណ្ដុះបណ្ដាលធនធានមនុស្សត្រឹមតែចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែគេក៏ត្រូវអប់រំអំពីបំណិនជីវិត និងផ្នត់គំនិតផងដែរ ដើម្បីជាថ្នាលអប់រំអាចបើកផ្លូវ ដល់ធនធានមនុស្សជំនាន់ក្រោយៗ មានគំនិតច្នៃប្រឌិត ប្រមើលមើលបានឆ្ងាយ និងអាចបង្កើតអ្វីថ្មីៗបាននៅពេលអនាគត។

២. អភិវឌ្ឍន៍ប្រព័ន្ធអប់រំ STEM Education

នៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ជំនាញស្នូលដែលអភិវឌ្ឍន៍ឧស្សាហកម្មបានលឿន និងត្រូវបានគេឲ្យតម្លៃខ្ពស់នោះគឺ STEM Education ដែលជាប្រព័ន្ធអប់រំផ្ដោតសំខាន់ទៅលើជំនាញ វិទ្យាសាស្ត្រ (Science), បច្ចេកវិទ្យា (Technology), វិស្វកម្ម (Engineering), និងគណិតវិទ្យា (Math)។ ប៉ុន្តែយើងគួរអភិវឌ្ឍន៍វាបន្ថែមទៀត ដែលគិតគូរទៅដល់ភាពខុសៗគ្នានៃអ្នកសិក្សា ដែលមានសមត្ថភាពខុសគ្នា, ភេទខុសគ្នា, និងអាយុជាដើម។ ឧទាហរណ៍ យើងស្វែងយល់ថា តើក្មេងប្រុសនៅអាយុ ១២ ឆ្នាំគួរតែរៀនអ្វីខ្លះដែលអាចឲ្យខួរក្បាលរបស់គេចាប់បានលឿន។

ម្យ៉ាងវិញទៀត STEM Education មិនមែនផ្ដោតតែលើជំនាញបច្ចេកវិទ្យាប៉ុណ្ណោះទេ យើងក៏ត្រូវផ្ដោតលើជំនាញ Critical Thinking (ការត្រិះរិះពិចារណា) និង Collaboration Skills (ជំនាញទំនាក់ទំនង) ដែលវាជួយដល់ការស្វែងយល់បច្ចេកវិទ្យាឲ្យបានឆ្ងាយ និងស៊ីជម្រៅលើសពី ជំនាញបច្ចេកវិទ្យាធម្មតា។

៣. អភិវឌ្ឍន៍សក្ដានុពលនៃធនធានមនុស្ស

បើទោះជាបដិវត្តន៍ឧស្សាហកម្ម ៤.០ ការងារភាគច្រើនត្រូវពឹកផ្អែកដោយម៉ាស៊ីន និងបច្ចេកវិទ្យាក៏ដោយ ប៉ុន្តែមនុស្សគឺជាអ្នកគ្រប់គ្រងពួកវា ហើយការអភិវឌ្ឍន៍ធនធានមនុស្សគឺសំដៅទៅលើការប្រាស្រ័យទាក់ទងទៅមក ឬជំនាញទំនាក់ទំនងនៅក្នុងសង្គម, ការត្រិះរិះពិចារណា, ភាពស្រមើស្រមៃមើលឃើញអនាគត, និងជំនាញជាច្រើនទៀតដែលម៉ាស៊ីនមិនមានសមត្ថភាពអាចធ្វើបាន។ ហើយការអភិវឌ្ឍន៍នេះ គឺជាការដែលធ្វើឲ្យមនុស្សមានអនុភាពខ្លាំងជាងម៉ាស៊ីន គ្រប់គ្រងទៅលើម៉ាស៊ីន ប្រើប្រាស់បច្ចេកវិទ្យាដើម្បីទាញប្រយោជន៍ មិនមែនយកមនុស្សទៅប្រកួតជាមួយម៉ាស៊ីននោះទេ ពីព្រោះយើងមិនអាចខ្វះខាតធនធានមួយណាបានឡើយ។

៤. អភិវឌ្ឍន៍សមត្ថភាពខ្លួនឯងជាប្រចាំ

នៅក្នុងសៀវភៅ Future Shock លោក Alvin Toffler បានសរសេរថា «សតវត្សទី ២១ អក្ខរកម្ម មិនមែនសំដៅលើមនុស្សដែលមិនចេះអានឬសរសេរ ទៀតនោះទេ ប៉ុន្តែសំដៅទៅលើអ្នកដែលមិនព្យាយាមអភិវឌ្ឍន៍ខ្លួនឯង និងអ្នកដែលមិនព្រមរៀនតែម្ដង»។ ក្នុងន័យនេះ គេចង់ឲ្យគ្រឹះស្ថានអប់រំ និងមនុស្សគ្រប់គ្នាទទួលយករបៀបរៀន Lifelong Learning ព្រោះភាពចង់ចេះចង់ដឹង បង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ និងអភិវឌ្ឍន៍ខ្លួនជាប្រចាំផងដែរ មិនមែននៅមួយកន្លែងនោះទេ។

៥. កែតម្រូវការបណ្ដុះបណ្ដាលជំនាន់ថ្មី

ទស្សនវិទូសហរដ្ឋអាមេរិចឈ្មោះ John Dewey បាននិយាយថា «ប្រសិនបើយើងបង្រៀនសិស្ស ដោយការយកមេរៀនកាលពីម្សិលមិញមកបង្រៀននោះ យើងកំពុងបំផ្លាញអនាគតរបស់ពួកគេហើយ» ក្នុងន័យនេះដែរ ចង់សំដៅទៅលើការអភិវឌ្ឍន៍នូវប្រព័ន្ធអប់រំថ្មី ព្រោះថាសម័យនេះបច្ចេកវិទ្យាថ្មីៗដើរទៅមុខលឿន ដោយយើងមិនអាចបង្រៀនអំពីការជួសជុលម៉ាញ៉េ នៅក្នុងសម័យទូរសព្ទវៃឆ្លាតប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI និង Machine Learning នោះទេ។ ប៉ុន្តែក៏មិនមានន័យថា យើងត្រូវបោះបង់វានោះដែរ ព្រោះពួកវាសុទ្ធតែជាប្រភពចេញមកជាមួយគ្នា មានទំនាក់ទំនងជាមួយគ្នា ហើយវាជាផ្អែកមួយដែលត្រូវយល់ដឹង ដូចនេះគេត្រូវអភិវឌ្ឍន៍ឲ្យបានធំទូលាយបន្ថែមទៀត។

៦. គ្រឹះស្ថានអប់រំគឺជាកន្លែងស្រាយចម្ងល់

នៅក្នុងសម័យថ្មី គេមិនចាត់ទុកគ្រឹះស្ថានត្រឹមតែជាកន្លែងបង្រៀនឲ្យបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែការរៀនភាគច្រើនចេញមកពីការស្រាវជ្រាវដោយខ្លួនឯង ហើយសាលារៀន និងសាស្ត្រាចារ្យគឺជាអ្នកសម្របសម្រួល ជាកន្លែងស្រាយចម្ងល់, កន្លែងដោះស្រាយបញ្ហាទាល់, និងជាបណ្ដុំនៃកន្លែងស្រាវជ្រាវបន្ថែមដោះស្រាយបញ្ហារបស់សិស្ស និស្សិត តាមរយៈប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច សៀវភៅ និងឯកសារស្រាវជ្រាវនានា។ វាជួយបណ្ដុះគំនិតច្នៃប្រឌិត របស់សិស្សនិស្សិត និងជាការលើកទឹកចិត្តបន្ថែមដល់ការស្រាវជ្រាវចំណេះដឹងថ្មី ចែកចាយបទពិសោធន៍ និងជួយគ្នាទៅវិញទៅមកនូវរាល់បញ្ហាដើម្បីបង្កើតទំនាក់ទំនងល្អផងដែរ។

៧. បណ្ដុះផ្នត់គំនិតសកល

នៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ ការរស់នៅប្រាស្រ័យទាក់ទង ធ្វើការងារ និងការអប់រំ មិនមែនត្រឹមតែរៀនស្វែងយល់តែក្នុងស្រុកនោះទេ ប៉ុន្តែយើងក៏ត្រូវរៀនអំពីទស្សនសកលផងដែរ។ ឧទាហរណ៍ ដូចជាការសិក្សាបច្ចុប្បន្ននេះ ភាគច្រើនយើងត្រូវតែរៀនភាសាអន្តរជាតិបន្ថែម ១ ឬ ២ ភាសាទៀត ក្នុងនោះមិនមែនរៀនត្រឹមតែភាសានិយាយនោះទេ ប៉ុន្តែគេក៏បានបន្ថែមមុខវិជ្ជាផ្សេងទៀតផងដែរ ដូចជាវប្បធម៌ ផ្នត់គំនិត ជំនាញទំនាក់ទំនង -ល-។

៨. ផ្តោតសំខាន់

វិស័យអប់រំមិនគួរផ្ដោតសំខាន់ និងដាក់សម្ពាធតែលើជំនាញសិក្សានៅពេលដែលរៀនមហាវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែយើងគួរតែរៀបចំប្រព័ន្ធអប់រំតាំងពីនៅមធ្យមសិក្សាមកម្ល៉េះ ដូចនេះគេអាចមានពេលច្រើនគ្រប់គ្រាន់ក្នុងការសិក្សាជំនាញណាមួយឲ្យបានស៊ីជម្រៅខ្លាំង និងបើកឱកាសក្នុងការសិក្សាជំនាញសង្គមផ្សេងៗទៀត។ ការត្រៀមខ្លួនរួចរាល់តាំងពីថ្នាក់មធ្យមសិក្សា វាមានទំនាក់ទំនង និងប្រយោជន៍យ៉ាងខ្លាំងក្នុងការជ្រើសរើសជំនាញសិក្សាឲ្យបានត្រឹមត្រូវ ជៀសវាងការជ្រើសរើសជំនាញសិក្សាមិនត្រឹមត្រូវនឹងចំណង់ ហើយចំណាយពេលសិក្សាច្រើនដោយមិនសូវបានផល។