រដ្ឋាភិបាលចិន ប្រកាសផ្ដាច់មូលនិធិធ្យូងថ្មនៅក្រៅប្រទេស ដើម្បីឆ្លើយតបបញ្ហាបម្រែបម្រួលអាកាសធាតុ

អាមេរិក៖ រដ្ឋាភិបាលចិន ដឹកនាំដោយលោកប្រធានាធិបតី Xi Jingping បានប្រកាសជាផ្លូវការ ទៅកាន់ពិភពលោកថា ចិន នឹងផ្ដាច់ការផ្ដល់មូលនិធិធ្យូងថ្ម ទៅកាន់បណ្ដាប្រទេសជាមិត្ត ដើម្បីរួមគ្នាក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុផែនដី និងអនាគតរបស់មនុស្សជាតិជំនាន់ក្រោយ។

លោក Xi Jingping បានប្រកាសជាផ្លូវការ និងបញ្ជាក់យ៉ាងច្បាស់ទៅកាន់ថ្នាក់ដឹកនាំកំពូលៗជាច្រើន នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិលើកទី៧៦ ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះថា ចិននឹងកាត់ផ្ដាច់ជំនួយយ៉ាងច្រើនជុំវិញធ្យូងថ្ម ដើម្បីប្រើប្រាស់ក្នុងការផលិតថាមពលអគ្គិសនី ទៅកាន់គ្រប់បណ្ដាប្រទេស នៅក្រៅប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងបញ្ហាអាកាសធាតុ ដែលកំពុងត្រូវបានអង្គការសហប្រជាជាតិ និងបណ្ដាប្រទេសធំៗយកចិត្តទុកដាក់ខ្ពស់បំផុត។

ស្ថិតក្នុងសេចក្ដីថ្លែងការ អំពីការផ្ដាច់ជ្ញាចិត្តរបស់មេដឹកនាំចិនរូបនេះ ធ្វើឡើងតាមរយៈវីដេអូអនឡាញ ក្នុងការឆ្ពោះទៅរកឆ្នាំ ២០៦០ ដែលលោក Xi Jingping ធ្លាប់បានប្រកាសកាលពីពេលកន្លងទៅថា នឹងនាំចិនទៅរកប្រទេសគ្មានឧស្ម័នពុល (Carbon Neutral)។ ការកាត់ផ្ដាច់មូលនិធិ ទៅកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់រួមមានដូចជា វៀតណាម ឥណ្ឌូនេស៊ី បង់ក្លាដេស ជាដើម នឹងតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ជុំវិញការលំបាកផ្សេងៗ ដែលនឹងកើតមានឡើង ពិសេសគឺការព្យាយាមដើម្បីអាចសម្រេចបានគោលដៅដ៏សំខាន់មួយនេះ។

លោក Xi Jingping បានបញ្ជាក់ទៀតថា បើទោះបីជាមានការផ្ដាច់មូលនិធិធ្យូងថ្មក៏ដោយ ចិនក៏នឹងបន្តជួយទៅដល់ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅក្នុងតំបន់ តាមរយៈជំនួយបង្កើតឱ្យការផលិតថាមពលបៃតង មានភាពកាន់តែល្អប្រសើរ និងមានវិសាលភាពធំជាងមុន តែនឹងឈប់សាងសង់ស្ថានីយ៍ ឬរោងចក្រថាមពលអគ្គិសនីដំណើរការដោយធ្យូងថ្មទៀតហើយ។ ការសម្រេចចិត្តរបស់ចិន លើកនេះបានបង្ហាញការគាំទ្រយ៉ាងច្រើនពីសំណាក់ពិភពលោក ព្រោះមិនត្រឹមតែកាត់បន្ថយផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅតាមបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ថា ការសម្រេចចិត្តកាត់ផ្ដាច់មូលនិធិធ្យូងថ្មនៅបរទេស ក្រោមជំនួយរបស់ចិនលើកនេះ គឺស្រដៀងទៅនឹងការបោះជំហានរបស់បណ្ដាប្រទេសនៅក្បែចិនផងដែរ រួមមាន ជប៉ុន និងកូរ៉េខាងត្បូង ដែលបានផ្ដល់មូលនិធីជាច្រើនទៅកាន់បណ្ដាប្រទេសជាមិត្ត។ ការកាត់ផ្ដាច់ជំនួយរបស់បណ្ដាប្រទេសធំៗទាំងនេះ នឹងផ្ដល់នូវក្ដីសង្ឃឹមថ្មីសម្រាប់បរិស្ថានផែនដី ឆ្លើយតបទៅនឹងបញ្ហាអាកាសធាតុ គ្រោះធម្មជាតិជាច្រើន ហើយនេះគឺជាការបន្តដំណើរទៅមុខ ឆ្ពោះទៅកាន់ឆ្នាំ ២០៦០ ទាំងអស់គ្នា។ បណ្ដាប្រទេសអន្តរជាតិ ពិសេសអង្គការសហប្រជាជាតិ នឹងរង់ចាំមើលបន្តទៀតជុំវិញសកម្មភាពរបស់ចិន ថាតើចិនអាចធ្វើទៅបាន ឬយ៉ាងណា?