ផឹកកាហ្វេបណ្តើរគយគន់ទេសភាពភ្នំជុំវិញបណ្តើរអារម្មណ៍ល្អណាស់

យើងអាចហៅវាបានថា កាហ្វេលើភ្នំ នៅលើភ្នំ Sarae ក្នុងទីក្រុង Bandung នៃប្រទេសឥណ្ឌូនេស៊ី។ ហាងកាហ្វេនេះមានឈ្មោះថា Sudut Pandang ដែលកសាងឡើងដោយស្ថាបត្យករ Hadivincent ស្ថិតចំទីតាំងល្អ បូករួមអាកាសធាតុអំណោយផល និងទេសភាពរបស់ភ្នំជាច្រើននៅជុំវិញ សាកសមជាមួយអ្នកចូលចិត្តភាពស្ងប់ស្ងាត់ និងចង់បានអារម្មណ៍សន្តិភាព។ អ្នកចូលចិត្តថតរូបទៀតនោះ កាន់តែចូលចិត្តទីកន្លែងនេះ។ 

អ្នកត្រូវចំណាយពេលខ្ទង់ 3 ម៉ោងចេញពីទីក្រុងធំ Jakarta មកទីនេះ។ ប្រជាជនរបស់ប្រទេសនេះ តែងតែធ្វើដំណើរមកកម្សាន្តតែចុងសប្តាហ៍។ ការធ្វើដំណើរច្រើនម៉ោងពិតជាធុញទ្រាន់ តែបើមកដល់ទីនេះ គឺអស់កង្វល់តែម្តង ព្រោះវាប្រសើរជាងនៅក្នុងទីក្រុងធំ ពោរពេញដោយអាគារ និងចរាចរមមាញឹក។ ក្រៅពីហាងកាហ្វេ តំបន់នេះ ក៏មានសកម្មភាពជាច្រើនសម្រាប់អ្នកចូលរួមកម្សាន្ត។ រចនាសម្ព័ន្ធរបស់ហាងកាហ្វេនេះ ពោរពេញដោយភាពប្រណីតទាន់សម័យ រួមបញ្ចូលជាមួយការដាំដើមរុក្ខជាតិនៅខាងក្នុង ដើម្បីឲ្យអ្នកទទួលបានក្លិនបរិសុទ្ធ រីឯមុខម្ហូប ជាបែបឥណ្ឌូនេស៊ី និងអាហារពពួកលោកខាងលិច។ 

កន្លែងអង្គុយមានច្រើន ម៉ូតច្រើនបែប សម្រាប់បំពេញតម្រូវការមនុស្សផ្សេងៗគ្នា នៅតុកៅអី ដាក់នៅទីតាំងល្អៗ អាចឲ្យអ្នកមើលឃើញទេសភាពខាងក្រៅបានច្បាស់គ្រប់ជ្រុង។ មានជាតុមូល ព័ទ្ធជុំវិញដោយទឹក សាកសមនៅពេលដែលអ្នកញាំអាហារពេលល្ងាច និងមានកុំព្យូទ័រលើតុ សម្រាប់ប្រើប្រាស់។ ដំបូងខាងលើបំពាក់ដោយកញ្ចក់ មានពន្លឺថ្ងៃជះចូលគ្រប់គ្រាន់ តែមិនក្តៅនោះទេ ព្រោះតំបន់នេះមានសីតុណ្ហភាពត្រជាក់។ គយគន់ធម្មជាតិពីក្នុងហាងមិនគ្រប់គ្រាន់ អ្នកក៏អាចចេញមកយ៉ខាងក្រៅ ដើម្បីគយគន់កាន់តែច្បាស់ក៏បានដែរ។ 

សម្រាប់អ្នកដែលមានគំរោងដំណើរកម្សាន្តបន្ទាប់ពីធូរស្រាលពីកូវីដ ហាងកាហ្វេមួយនេះ ដែលយើងអាចទៅដល់បាន ដើម្បីទទួលបានបទពិសោធន៍បែបថ្មី និងរីករាយជាមួយរស់ជាតិបែបឥណ្ឌូនេស៊ី។ ដូចនេះមានកន្លែងកម្សាន្តមួយទៀតហើយ ដែលយើងបានដឹងនៅក្នុងប្រទេសនេះ ព្រោះកាលពីមុន យើងភាគច្រើនឃើញគេទៅតែ កោះ Bali ថតរូបលេង។