ប្រទេសប៉ូឡូញត្រូវបានផាកពិន័យឲ្យបង់ប្រាក់ចំនួន ៥៨០.០០០ ដុល្លារជារៀងរាល់ថ្ងៃសម្រាប់ការបន្តដំណើរការឧស្សាហ៍កម្មរ៉ែធ្យូងថ្ម

តុលាការកំពូលរបស់អឺរ៉ុបបានសម្រេចកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញនឹងត្រូវបង់ប្រាក់ពិន័យចំនួន ៥០០.០០០ ផោន (៥៨៦.០០០ ដុល្លារ) ជារៀងរាល់ថ្ងៃ ប្រសិនបើនៅតែចង់បន្ដការទាញយកធ្យូងថ្មនៅអណ្តូងរ៉ែក្បែរព្រំដែនប្រទេសឆែក និងអាល្លឺម៉ង់ទៀត។

ការផាកពិន័យនេះធ្វើឡើង បន្ទាប់ពីមានបណ្តឹងពីសាធារណរដ្ឋឆែកថា ប៉ូឡូញនៅតែបន្ដរប្រតិបត្តិការនៅអណ្តូងរ៉ែ Turów lignite ហើយគណៈកម្មការអ៊ឺរ៉ុបក៏បានបញ្ជាឱ្យប៉ូឡូញបញ្ឈប់ប្រតិបត្តិការនេះនៅខែឧសភាផងដែរ ប៉ុន្ដែរហូតមកដល់ពេលនេះប៉ូឡូញមិនបានគោរពតាមបទបញ្ជានេះទេ។ 

តែយ៉ាងណាមិញ ខាងរដ្ឋាភិបាលប៉ូឡូញបានឆ្លើយតបទៅកាន់តុលាការកំពូលរបស់អឺរ៉ុបវិញថាខ្លួននឹងមិនបិទអណ្តូងរ៉ែ KWB Turów នោះទេ ព្រោះថាការផ្អាកដំណើរការអណ្តូងរ៉ែនៅ Turów នឹងធ្វើឲ្យមានការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពនៃឧស្សាហ៍កម្មថាមពលរបស់ប្រទេសប៉ូឡូញ។

អណ្ដូងរ៉ែ Turów អាចផ្គត់ផ្គង់ថាមពលដល់ប្រជាជនប៉ូឡូញប្រមាណជា ២.៣ លានគ្រួសារនេះបើយោងតាមក្រុមហ៊ុន PGE ដែលជាក្រុមហ៊ុនគ្រប់គ្រងអណ្តូងរ៉ែ Turów  ហើយវាក៍ជាកន្លែងផ្ដល់ការងារដល់ប្រជាជនក្នុងស្រុកដ៏សំខាន់មួយផងដែរ។ 

យ៉ាងណាក៏ដោយអណ្តូងរ៉ែ Turów មានទីតាំងស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសអាល្លឺម៉ង់ និងសាធារណរដ្ឋឆែក។ ដូច្នេះការបំភាពឧស្ម័នពុលចេញពីឧស្សហ៍កម្មនេះបានធ្វើឲ្យប៉ះពាល់ដល់ប្រទេសទាំងពីរយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យមានការស្នើរសុំបិទអណ្តូងរ៉ែ Turów។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ៨០% នៃថាមពលក្នុងស្រុករបស់ប៉ូឡូញគឺបានមកពីធ្យូងថ្ម។ ចំណែកសហភាពអឺរ៉ុបបាននិយាយថាខ្លួនចង់កាត់បន្ថយឧស្សហ៍កម្មធ្យូងថ្មនៅត្រឹមឆ្នាំ ២០៣០ ដែលជាអ្វីដែលប៉ូឡូញនិយាយថាខ្លួនមិនអាចធ្វើបានដែលបង្កឱ្យមានការខ្វែងគំនិតគ្នារហូតមកដល់ពេលនេះ។