អគារសម័យទំនើប រចនាបទប្លែក ស្ថិតនៅតំបន់ Hollywood សហរដ្ឋអាមេរិកបង្ហាញខ្លួនជាផ្លូវការ

ក្រុមស្ថាបត្យករ MAD Architects កាលពីពេលថ្មីៗកន្លងទៅនេះ បានប្រកាសចេញជាផ្លូវការ នូវគម្រោងដ៏អស្ចារ្យមួយ ក្នុងការសាងសង់អគារទំនើប មានរូបរាងចម្លែក ស្ថិតនៅ Hollywood ជាតំបន់ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា និងជាទីកន្លែងប្រមូលផ្ដុំទៅដោយស្នាដៃសិល្បៈ និងការច្នៃប្រឌិតជាច្រើន ពិសេសគឺខ្សែភាពយន្ត ដែលពិភពលោកទទួលស្គាល់ និងបានដឹង។ 

ជួបជាមួយអគារ The Star ដែលមានរូបរាងប្លែក ពិបាកនឹងបរិយាយ ត្រៀមនឹងបង្ហាញខ្លួននាពេលអនាគតដ៏ខ្លីខាងមុខនេះ នៅក្នុងតំបន់ Hollywood ដើរតួជាការិយាល័យប្រណិត និងមានភាពច្នៃប្រឌិត បែបវិទ្យាសាស្ត្រសម័យថ្មី ដែលជាទូទៅធ្លាប់តែឃើញនៅក្នុងខ្សែភាពយន្ត។ អគារមួយនេះ ត្រូវបានឌីហ្សាញ និងរៀបចំឡើងក្នុងគោលដៅ ជាអគារសម្រាប់ក្រុមហ៊ុនកំសាន្ត ដែលផលិតកម្មវិធីទូរទស្សន៍ ខ្សែភាពយន្ត និងជាច្រើនផ្សេងៗទៀត ស្ថិតនៅតំបន់លេខ ៦០៦១ មហាវិថី Sunset ចំកណ្ដាលតំបន់ Hollywood ផ្ទាល់តែម្ដង។

The Star មានកម្ពស់សរុប ២២ ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ៤៦,៤៥១.៥២ ម៉ែត្រក្រឡា ស្រោបខ្លួនដោយផ្ទាំងកញ្ចក់ក្រាស់ៗ និងលោហៈធាតុ ដែលមើលពីចម្ងាយមានភាពចែងចាំង និងចំណាំងផ្លាត អមមកជាមួយនឹងធម្មជាតិ ដែលជាដើមឈើរ និងរុក្ខជាតិជាច្រើននៅអមសងខាងតួរអគារតែម្ដងនៅជាន់១០ និងជាន់ទី១៧ បង្ករលក្ខណៈងាយស្រួលនៃខ្យល់ចេញចូលបានល្អ។ អគារនេះ ត្រូវបានបញ្ជាក់ឱ្យដឹងទៀតថា រចនាបទគឺធ្វើឡើងដើម្បីបំពេញទៅដល់សេចក្ដីត្រូវការ ក្រោយស្ថានការណ៍ជំងឺកូវីដ ១៩ ស្ងប់ស្ងាត់ទៅវិញ។

សម្រាប់ផ្នែកខាងលើអគារ ព័ទ្ធជិតដោយផ្ទាំងកញ្ចក់ សម្រាប់ការបើកជាភោជនីយដ្ឋាន ការរៀបចំកម្មវិធីជួបជុំ កំសាន្ត និងអាចមើលឃើញតំបន់ Hollywood ទាំងមូលថែមទៀតផង ខណៈខាងក្រោមមានសួនច្បារ ដើមឈើ និងចំណតរថយន្ត។ តាមការបញ្ជាក់របស់លោក Ma Yangson ស្ថាបនិកនៃស្ថាប័ន MAD Architects បានឱ្យដឹងថា The Star ត្រៀមនឹងក្លាយខ្លួនទៅជាស្នាដៃសំណង់ដ៏អស្ចារ្យ និងមានភាពទាក់ទាញមួយនៅក្នុងតំបន់ ហើយក៏ជាការបំផុសនូវគំនិតថច្នៃប្រឌិតល្អៗទៅកាន់មជ្ឈដ្ឋានខាងក្រៅឱ្យមកទស្សនា និងស្វែងយល់បន្ថែមពេលអគារនេះបញ្ចប់ការសាងសង់ជាស្ថាពរ។

គម្រោងសាងសង់អគារដ៏អស្ចារ្យមួយនេះ ត្រូវបានរៀបចំឯកសារ ដាក់ជូនទៅកាន់រដ្ឋបាលផ្នែកសំណង់អគារក្នុងតំបន់ Hollywood ហើយ ដោយសង្ឃឹមថានឹងទទួលបានការឯកភាពក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីឈានដល់ការបើកការដ្ឋានសាងសង់នាពេលខាងមុខ។ អគារ The Star គឺជាគំរោងថ្មីស្រឡាងមួយ ហើយត្រៀមនឹងក្លាយជាអគារលេចធ្លោជាងគេក្នុងតំបន់ ដោយសារតែរូបរាងដ៏ចម្លែង និងអស្ចារ្យរបស់វា ដោយចំនាយថវិការប្រមាណ ៥០០ លានដុល្លារអាមេរិក ដើម្បីសាងសង់៕