សេដ្ឋកិច្ចហុងកុង ពេញមួយឆ្នាំអាចមានកំណើនប្រមាណ ៦.៤% បើធៀបទៅនឹងឆ្នាំ ២០២០

ហុងកុង៖ ពេញមួយឆ្នាំ ២០២១ នេះ សេដ្ឋកិច្ចរបស់ប្រទេសហុងកុង ត្រូវបានសន្និដ្ឋានថា នឹងមានការកើនឡើងប្រសើរជាងឆ្នាំ ២០២០ ដែលបានរងផលប៉ះពាល់ជាខ្លាំង ដោយសារតែការផ្ទុះករណីឆ្លងជំងឺកូវីដ ១៩ ជាសកល។ កំណើនសេដ្ឋកិច្ច ក៏នៅតែបន្តជាបញ្ហាប្រឈមសម្រាប់ហុងកុង ខណៈពេលស្ថានការណ៍សកល ពុំទាន់អាចវិលត្រឡប់ទៅសភាពដូចដើមវិញ។

របាយការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រ របស់រដ្ឋាភិបាលទីក្រុងហុងកុង បានបង្ហាញឱ្យដឹងថា ស្ថានការណ៍សេដ្ឋកិច្ចពេញមួយឆ្នាំ ២០២១ នេះ គឺជាការងើបឡើងវិញ និងមានភាពល្អប្រសើរ បើធៀបទៅនឹងឆ្នាំកន្លងទៅ ដោយអត្រាកើនឡើងនោះមានប្រមាណ ៦.៤%។ កំណើនសេដ្ឋកិច្ចនេះ ពឹងផ្អែកទៅលើសកម្មភាពផ្ទៃក្នុងភាគច្រើន ដែលប្រជាពលរដ្ឋត្រូវការចំនាយ និងមានចរន្តសាច់ប្រាក់ក្នុងការរស់នៅប្រចាំថ្ងៃ ស្របពេលដែលរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិការជាតិប្រមាណ USD ៤.៦ ពាន់លានដុល្លារអាមេរិក ដើម្បីសង្គ្រោះទៅដល់ការប្រើប្រាស់ផ្ទៃក្នុងអស់រយៈពេល ២០ ខែកន្លងទៅ។

តាមការបញ្ជាក់របស់លោក Andrew Au Sik-hung អ្នកនាំពាក្យរបស់រដ្ឋាភិបាលហុងកុង បានឱ្យដឹងថា ពេញមួយឆ្នាំនេះ កម្រិត GDP នៅតែបន្តស្ថិតក្នុងអត្រា ២% ជាអត្រាទាបជាងកម្រិត GDP កាលពីឆ្នាំ ២០១៨។ ហេតុនេះ កំណើនសេដ្ឋកិច្ចរបស់ហុងកុង ពុំអាចកើនខ្ពស់បានទេ ខណៈដែលសេដ្ឋកិច្ចជាសកល ពុំទាន់ត្រូវបានស្ដារឡើងវិញ មិនតែប៉ុណ្ណោះមានការបំឡែងខ្លួនថ្មីនៃវីរុសដែលតា (Delta) និងកង្វះខាតនៃចង្វាក់ផលិតកម្ម ធ្វើឱ្យវិស័យជាច្រើនរងផលប៉ះពាល់។ កត្តាទាំងអស់នេះ នឹងធ្វើឱ្យល្បឿននៃកំណើនសេដ្ឋកិច្ចរបស់ហុងកុង នៅតែបន្តស្ថិតក្នុងកម្រិតទាប។ 

ជាក់ស្ដែងត្រីមាសទី៣ កន្លងទៅ សេដ្ឋកិច្ចហុងកុងកើនបាន ៥.៤% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២០ តែអត្រានេះគឺជាការធ្លាក់ចុះពីកំណើន ៧.៦% នៃត្រីមាសទី២ ដោយសារតែការផ្ទុះករណីឆ្លងក្នុងសហគមន៍ច្រើន បានធ្វើឱ្យរាំងស្ទះប្រតិបត្តិការអាជីវកម្មយ៉ាងច្រើនលើផ្ទៃប្រទេស។ ម្យ៉ាងវិញទៀត ហុងកុង ក៏ពុំទាន់មានលទ្ធភាពបើកប្រទេសឡើងវិញនោះទេ ដោយអាចបន្តរហូតដល់ពាក់កណ្ដាលឆ្នាំ ២០២២ ទើបអាចនឹងសម្រេចទទួលភ្ញៀវអន្តរជាតិឡើងវិញ ក្រោមក្ដីរំពឹងថា នឹងសង្គ្រោះសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរកន្លងមក។

បច្ចុប្បន្នស្ថានការណ៍សេដ្ឋកិច្ចរបស់ហុងកុង ក៏មិនខុសពីបណ្ដាប្រទេសជាច្រើនផ្សេងទៀតដែរ ដោយតម្លៃទីផ្សារនៃផលិតផលទំនិញ គិតចាប់ពីបន្លែ ត្រី សាច់ មកដល់តម្លៃប្រេងឥន្ធនៈ កំពុងឡើងថ្លៃ ព្រោះតម្រូវការសកល បានចាប់ផ្ដើមឡើងវិញ។ ហេតុផលនេះកំពុងធ្វើឱ្យហុងកុងមានសម្ពាធផ្ទៃក្នុង ថែមទាំងពុំទាន់មានលទ្ធភាពបើកដំណើរការប្រទេសដូចបណ្ដាប្រទេសដ៏ទៃផ្សេងទៀតបាន។ តែយ៉ាងណាក៏ដោយ លទ្ធផលនៃកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំនេះ ល្អប្រសើរជាងឆ្នាំកន្លងទៅច្រើន៕