បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បានចាប់ផ្តើមវាយលុកមនុស្សជាតិ គ្រប់ប្រទេសទាំងអស់លើពិភពលោក កាលពីចុងឆ្នាំ ២០១៩ មក និងនៅតែបន្តរីករាលដាលមកដល់ពេលសព្វថ្ងៃនេះ។ វាបានធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់មនុស្សគ្រប់គ្នា និងគ្រប់វិស័យ រហូតបានមានក្រុមហ៊ុនខ្លះ ត្រូវបានប្រកាសក្ស័យធន់ និង រាល់វិស័យទេសចរណ៍ ត្រូវបានផ្អាកជាច្រើនខែ ធ្វើឲ្យបុគ្គលិក និងអ្នករកស៊ីជាច្រើន ត្រូវបានបាត់បង់ប្រាក់ ចំណូល។
ទើបមកដល់ត្រីមាសទី៤ នៃឆ្នាំ ២០២១ នេះ បណ្តាប្រទេសជាច្រើន ចាប់ផ្តើមបើកប្រទេស ឡើងវិញ ដោយមានការរឹតត្បឹត និងព្យាយាមរក្សាវិធានការទប់ស្កាត់កូវីដ-១៩ ដោយសារការបិទប្រទេស ឬបិទវិស័យទេសចរណ៍បន្តទៀត និងមានផលប៉ះពាល់កាន់តែខ្លាំងលើសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ រាជរដ្ឋាភិបាលប្រទេសនីមួយៗ នៅតែបន្តប្រកាសពីវិធីណែនាំក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និង ជូនដំណឹងដល់ប្រជាជនរៀនរស់នៅជាមួយជំងឺមួយនេះ ថែមទាំងត្រូវចាក់វ៉ាក់សាំងឲ្យបានពេញលេញ ដើម្បីចៀសឆ្ងាយពីការបាត់បង់ជីវិត។
ទិដ្ឋភាពភ្ញៀវជាតិ និងភ្ញៀវទេសចរបរទេស យ៉ាងច្រើនកុះករទៅទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បើតាមការសង្គេតមើលជាក់ស្តែង ឃើញថា ភ្ញៀវទេសចរបានសម្រុកមកលេងប្រាសាទអង្គរវត្ត យ៉ាងច្រើន នៅថ្ងៃនេះ។ ទាំងនេះគឺជាទិដ្ឋភាពមួយ ដែលកម្រនឹងបានឃើញក្នុងអំឡុងពេល ២ឆ្នាំចុងក្រោយនេះ ដែលមានភ្ញៀវទេសចរមកទស្សនាកម្សាន្ត នៅប្រាសាទអង្គរវត្តដ៏ច្រើនបែបនេះ។