កំពត៖ គម្រោងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ខេត្តកំពត បានកំពុងលេចរូបរាងឡើងជាបណ្តើរៗហើយ ខណៈការសាងសង់ ខឿនព្រះពុទ្ធប្បដិមាចំនួន ៣ថ្នាក់ ទើបត្រូវបានបញ្ចប់ជោគជ័យ និងបច្ចុប្បន្នកំពុងដំណើរការចាក់បេតុងសាង "ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ" តែម្តង។
បន្ទាប់ពីការចាក់បេតុងរួចរាល់ ទម្រង់នៃព្រះពុទ្ធប្បដិមាដ៏ថ្លៃថ្លា នឹងចាប់ផ្តើមលេចរូបរាង ឡើងកាន់តែច្បាស់ ជាបណ្តើរៗ នៅលើភ្នំបូកគោ ដែលជាតំបន់មានទេសភាពធម្មជាតិ ប្រកបដោយសោភណ៌ភាព ព្រមទាំងបរិយាកាសត្រជាក់ត្រជុំ និងខ្យល់អាកាសបរិសុទ្ធ។
គួររម្លឹកផងថា គម្រោងសាងសង់គម្រោងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ លើភ្នំបូកគោ នេះ ត្រូវបានផ្តួចផ្តើមដោយ អ្នកឧកញ៉ា សុខ គង់ ម្ចាស់ក្រុមហ៊ុនសូគីម៉ិច (Sokimex Investment Group) និងក្រុមហ៊ុនសុខា អូតែល គ្រោងចំណាយថវិកាសាងសង់ប្រមាណ ៣០លានដុល្លារ និងប្រើពេលសាងសង់ ៤ឆ្នាំ។