រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រកាសថាឆ្នាំក្រោយសេដ្ឋកិច្ចថៃ នឹងមានកំណើនចន្លោះពី ៣,៥% ទៅ ៤,៥%

បាងកក៖ ពេញមួយឆ្នាំ ២០២១ នេះ សេដ្ឋកិច្ចរបស់ថៃ បានរីកចំរើនល្អប្រសើរជាងឆ្នាំ ២០២០ ដោយសារតែភាពជោគជ័យនៃការនាំចេញផលិតផលទៅលក់ក្នុងទីផ្សារអន្តរជាតិ បើទោះបីជាវិស័យទេសចរណ៍ នៅតែបន្តរងគ្រោះដោយសារតែវីរុសកូវីដ ១៩ នៅតែបន្តរាតត្បាត និងវាយប្រហារនៅតាមប្រទេសនានា លើសកលលោកក្ដី។ សម្រាប់ឆ្នាំ ២០២២ វិញសេដ្ឋកិច្ចរបស់ថៃ នឹងមានកំណើនចន្លោះចាប់ពី ៣,៥% ទៅ ៤,៥% ផងដែរ។

យោងតាមការបញ្ជាក់របស់លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា ឆ្នាំ២០២២ ខាងមុខ ថៃនឹងមានកំណើនសេដ្ឋកិច្ចកាន់តែល្អប្រសើរជាងឆ្នាំ ២០២១ នេះបន្ថែមទៀត ដោយសារតែភាពល្អប្រសើរ និងភាពរីកចំរើននៃសេដ្ឋកិច្ចផ្ទៃក្នុង និងសេដ្ឋកិច្ចជាសកលលោក។ ការកើនឡើងនៃកំណើនសេដ្ឋកិច្ចឆ្នាំក្រោយ នឹងមានចន្លោះចាប់ពី ៣,៥% ទៅ ៤,៥% នេះបើយោងតាមការបញ្ជាក់របស់លោក ដោយជឿជាក់ថាការនាំចេញផលិតផលថៃ ទៅកាន់ទីផ្សារអន្តរជាតិនឹងបន្តកើនឡើង ក្រោមការបញ្ជាទិញពីសំណាក់ប្រទេសជាដៃគូ។

កំណើនសេដ្ឋកិច្ចឆ្នាំក្រោយនេះ ក៏រួមចំណែកផងដែរពីវិស័យទេសចរណ៍ ដែលជាផ្នែកដ៏សំខាន់នៃការរកប្រាក់ចំណូលចូលជាតិ ដោយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលថៃបានសម្រេចបើកច្រកទ្វារព្រំដែនផ្លូវគោល ទឹក និងអាកាស ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងត្រឹមត្រូវ និងគ្រប់ចំនួនឱ្យចូលទៅក្នុងដែនដីជាតិរបស់ខ្លួនឡើងវិញ។ ការបើកទទួលភ្ញៀវអន្តរជាតិឡើងវិញនេះ គឺជាក្ដីរំពឹងទុកក្នុងការដោះស្រាយវិបត្តិទេសចរណ៍ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ និងឆ្ពោះទៅកាន់ត្រីមាសទី១ និងទី២ នាឆ្នាំ២០២២។

លោក Arkhom បានបញ្ជាក់បន្ថែមទៀតថា ឆ្នាំ២០២១ នេះ សេដ្ឋកិច្ចត្រូវបានជឿជាក់ថានឹងមានកំណើនពី ១,០% ទៅ ១,២% ក្រោមការរៀបចំបទបញ្ជា និងគោលនយោបាយក្នុងការសង្គ្រោះសេដ្ឋកិច្ចឱ្យល្អប្រសើរឡើងវិញពីរដ្ឋាភិបាល ខណៈឆ្នាំ២០២១ ការធ្លាក់ចុះរបស់សេដ្ឋកិច្ចពេញមួយឆ្នាំមានរហូតដល់ទៅ ៦,១% ឯណោះ។ កំណើនសេដ្ឋកិច្ចឆ្នាំនេះ និងឆ្នាំក្រោយ គឺជាការរៀបចំផែនការ ក៏ដូចជាគោនយោបាយជាតិ ដែលដើរតួយ៉ាងសំខាន់ក្នុងការរៀបចំឱ្យមានចរន្តសាច់ប្រាក់ ការចាយវាយនៅលើផ្ទៃប្រទេស ដែលការចំនាយ និងគោនយោបាយត្រូវដើរទន្ទឹមគ្នា។

កំណើនសេដ្ឋកិច្ចនាឆ្នាំ២០២២ ខាងមុខ គឺជាការរួមចំណែក នៃការបើកដំណើរការឡើងវិញនៃទេសចរណ៍អន្តរជាតិ ជាច្រកទ្វារផ្ដល់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ថៃ ដោយឆ្នាំនេះថៃព្យាករណ៍ថានឹងមានភ្ញៀវទេសចរអន្តរជាតិទៅកាន់ថៃប្រមាណ ២០ ម៉ឺននាក់ និងឆ្នាំ២០២២ ចំនួននោះអាចកើនឡើងទៅ ៥ លាននាក់ តែជាចំនួនមួយទាប បើធៀបទៅនឹងចំនួនភ្ញៀវទេសចរមានរហូតដល់ទៅជាង ៤០ លាននាក់ កាលពីឆ្នាំ២០១៩៕