ដោយយោងទៅតាមកម្ពស់ទឹកសមុទ្រនៅតំបន់មួយចំនួននៅប្រទេសកូរ៉េខាងត្បូងអាចនឹងកើនឡើងខ្លាំងនាពេលអនាគត បានធ្វើឲ្យទីក្រុងប៊ូសាន និងអង្គការ UN-Habitat ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Oceanix របស់កូរ៉េខាងត្បូងបានយល់ព្រមសាងសង់គម្រោងការគំរូទីក្រុងបណ្តែតទឹកប្រកបដោយនិរន្តរភាពដំបូងបង្អស់របស់ពិភពលោក ដែលគម្រោងមួយនេះត្រូវបានស្នើឡើងតាំងពីឆ្នាំ 2019 មកម្ល៉េះដោយ Bjarke Ingels Group ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី 18 ខែវិច្ឆិកា កន្លងទៅរបស់អង្គការសហប្រជាជាតិ (UN-Habitat) និង Oceanix បានប្រកាសថាឆ្នេរសមុទ្រនៅក្នុងទីក្រុងប៊ូសានដែលមានផ្ទះប្រជាពលរដ្ឋរស់នៅប្រមាណជាង 3.4 លាននាក់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីធ្វើជាម្ចាស់ផ្ទះនៃគម្រោងការគំរូទីក្រុងបណ្តែតទឹកប្រកបដោយនិរន្តរភាពដំបូងគេ។ ដោយការរចនាទីក្រុងគំរូអណ្ដែតទឹកនេះគឺជាការទទួលបន្ទុករបស់ក្រុមហ៊ុនស្ថាបត្យកម្ម BIG-Bjarke Ingels Group ហើយគម្រោងមួយនេះក៏ធ្លាប់បានបង្ហាញជាលើកដំបូងនៅតុមូលនៃអង្គការសហប្រជាជាតិកាលពីឆ្នាំ 2019 ស្តីពីទីក្រុងអណ្តែតទឹកប្រកបដោយនិរន្តរភាពនាពេលអនាគតផងដែរ។
គម្រោងទីក្រុងអណ្តែតទឹកនេះត្រូវបានគេមើលឃើញថាជាហេដ្ឋារចនាសម្ព័ន្ធដែលអាចការពារទឹកជំនន់ដែលកើនឡើងកំណើនកម្ពស់ទឹកសមុទ្រ មិនត្រឹមតែប៉ុណ្ណោះគម្រោងមួយនេះក៏អាចនឹងកន្លែងផលិតអាហារ ថាមពល និងទឹកសាបដូចទៅនឹងទីក្រុងនៅលើដីគោកអញ្ចឹងដែរ ជាមួយនឹងប្រព័ន្ធកែច្នៃកាកសំណល់ និងទឹកស្អាតឡើងវិញ។ លើសពីនេះ គម្រោងទីក្រុងអណ្ដែតមួយនេះក៏នឹងក្លាយជាទីក្រុងគំរូប្រកបដោយនិរន្ដរភាពផងដែរ ដូចជាដោះស្រាយបញ្ហាប្រឈមផ្នែកប្រជាសាស្រ្ត បរិស្ថាន សេដ្ឋកិច្ច សង្គម និងវិសាលភាពជាង។
គួរបញ្ជាក់ផងដែរថា ការកើនឡើងនីវ៉ូទឹកសមុទ្រគឺជាការគម្រាមកំហែងមួយដល់ប្រទេសមួយចំនួនដែលនៅជិតតំបន់សមុទ្រ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធបណ្តែតប្រកបដោយនិរន្តរភាពអាចជួយដោះស្រាយមហន្តរាយដែលកំពុងកើតមាននេះបាន។