ថ្មីៗនេះ ស្ថាបត្យករ FaulknerBrowns បានដាក់សំណើទៅកាន់ក្រុមប្រឹក្សា Waltham Forest ក្នុងការសាងសង់កន្លែងសម្រាប់ជិះស្គីទឹកកកទំហំប៉ុនស្ដាតអូឡាំពិកចំនួនពីរបន្ថែមទៀតនៅក្នុងមជ្ឈមណ្ឌលឧទ្យានមួយឈ្មោះថា Lee Valley នៅក្នុងទីក្រុងឡុងដ៍។ មជ្ឈមណ្ឌលជិះស្គីទឹកកកថ្មីនេះអាចផ្ទុកទស្សនិកជនបានរហូតដល់ 800 នាក់ ឯណោះ ដោយក្នុងនោះមានរួមបញ្ចូលទាំងកន្លែងហាត់ប្រាណ ស្ទូឌីយោពហុគោលបំណង និងហាងកាហ្វេមួយទៀតផង។
បច្ចុប្បន្ន មជ្ឈមណ្ឌល Lee Valley នេះគឺមានកន្លែងសម្រាប់ជិះស្គីទឹកកករួមមកហើយ ក៏ប៉ុន្ដែដោយសារតែវាជាកន្លែងជិះស្គីដ៏ពេញនិយមបំផុតមួយនៅក្នុងចក្រភពអង់គ្លេសដែលមានអ្នកទស្សនាប្រហែល 279,000 ដងក្នុងមួយឆ្នាំពីទូទាំងទីក្រុងឡុងដ៍។ ដូច្នេះហើយទើបគេសម្រេចចិត្ដសាងសង់មជ្ឈមណ្ឌលជិះស្គីទឹកកកចំនួនពីរបន្ថែមទៀត ដែលវាអាចនឹងមានទំហំរហូតដល់ប៉ុនពហុកីឡាដ្ឋានអូឡាំពិកឯណោះ។
មិនត្រឹមតែប៉ុណ្ណោះ អគារថ្មីនេះនឹងបង្កើនសមត្ថភាពទ្វេដងដល់ដែលអាចទាក់ទាញអ្នកមកទស្សនាបានរហូតដល់ 557,000 ដងក្នុងមួយឆ្នាំបន្ថែមទៀត។ ចំណែកឯទីតាំងសម្រាប់មជ្ឈមណ្ឌលទឹកកកថ្មីនេះអាចនឹងស្ថិតក្បែរឧទ្យានតំបន់ Lee Valley ប្រហែលប្រវែង 26 ម៉ាយ ហើយអាចនឹងត្រូវបានសាងសង់លើផ្ទៃដីទំហំ 10,000 ហិចតា។
គួរបញ្ជាក់ផងដែរថា នៅក្នុងឧទ្យាន Lee Valley Regional Park មានកន្លែងសម្រាប់ប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ 2012 នៅទីក្រុងឡុងដ៍ចំនួនបីផងដែរ ដោយមួយក្នុងចំណោមនោះគឺមានមជ្ឈមណ្ឌលមួយឈ្មោះថា Lee Valley White Water Centre ក៏ត្រូវបានរចនាឡើងដោយស្ថាបត្យករ FaulknerBrowns ផងដែរ។