នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមានទីតាំងនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អមដំណើរដោយឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសមាជិកមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
គម្រោងនៃការសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានបើកការដ្ឋានអគារទី១ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ដែលគិតមកទល់ពេលនេះសម្រេចការងារបាន ៩០% មកហើយ និងបានបើកការដ្ឋានសាងសង់អគារទី២ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយអគារទាំង ២ មានទំហំដូចគ្នាគឺទទឹង ១៨ ម៉ែត្រ បណ្ដោយ ៦២ កម្ពស់ ៤ ជាន់ មានផ្ទៃក្រឡា ៤,១៣៧ ម៉ែត្រការ៉េ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ១.៤ លានដុល្លារ ដោយបំពាក់នូវបរិក្ខាទំនើបៗ និងបច្ចេកវិទ្យាវិជ្ជសាស្ត្រខ្ពស់។ អគារមន្ទីរពេទ្យទាំង ២ ត្រូវបានសាងសង់លើផ្ទៃដីសរុប ១៣,២២៩ ម៉ែត្រការ៉េ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ និងតំបន់ជុំវិញ។
គូសបញ្ជាក់ផងដែរថា មន្ទីរបង្អែកស្រុកក្រូចឆ្មារនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៦ មកម្ល៉េះ ប៉ុន្តែដោយសារតែមានកំណើនប្រជាជនក្នុងតំបន់ មានតម្រូវការគាំពារសុខាភិបាល និងមានការអភិវឌ្ឍន៍ក្នុងតំបន់ជាបន្ដបន្ទាប់ បានជំរុញឲ្យរាជរដ្ឋាភិបាលសម្រេចសាងសង់អគារមន្ទីរបង្អែកស្រុកក្រូចឆ្មារថ្មី ដោយមានចំនួន ២ អគារនេះ គ្រោងនឹងបញ្ចប់អគារទី១ នៅដំណាច់ឆ្នាំ២០២១ ហើយអគារទី២ នៅឆ្នាំក្រោយ ដោយចំណាយថវិកាប្រមាណ ១.៤ លានដុល្លារ ដើម្បីបម្រើជាប្រយោជន៍ផ្នែកសុខាភិបាលជូនពលរដ្ឋក្នុងតំបន់។
ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់