ក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាអាកាសយានដ្ឋានជាច្រើន របស់សហរដ្ឋអាមេរិក បានកំពុងត្រៀមលក្ខណៈក្នុងការបំពេញកិច្ចការងារដ៏មម៉ាញឹករបស់ខ្លួនឡើងវិញ ជុំវិញការបម្រើសេវាកម្មហោះហើរតាមផ្លូវអាកាស បន្ទាប់ពីបានបាត់បង់កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយសារតែជំងឺកូវីដ ១៩។
ក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានជាច្រើន នៅអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបម្រើ និងបំពេញសេវាកម្មហោះហើររបស់ខ្លួនជូនទៅកាន់អតិថិជន ប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ក្នុងឱកាសពិធីបុណ្យ Thanksgiving ត្រៀមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។ ស្ថិតក្នុងព្រឹត្តិការណ៍បុណ្យឈប់សំរាកជាសាធារណៈនៅអាមេរិកនេះ រដ្ឋបាលសន្តិសុខផ្នែកដឹកជញ្ជូនរបស់អាមេរិក ហៅកាត់ថា TSA សន្និដ្ឋានថា ការធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស នឹងហក់ឡើងខ្ពស់ខ្លាំង។
ការហក់ឡើងនៃចំនួនអ្នកធ្វើដំណើរនៅតាមផ្លូវអាកាស ត្រូវបានព្យាករណ៍ថានឹងមានរហូតដល់ទៅ ២០ លាននាក់ សម្រាប់ថ្ងៃឈប់សំរាកខាងមុខ ដែលការធ្វើដំណើរចុងខែវិច្ឆិកានេះ អាចជាការធ្វើដំណើរក្នុងចំនួនច្រើនជាងគេប្រចាំឆ្នាំ ២០២១ ដែលត្រូវបានបាត់បង់កាលពីឆ្នាំ ២០២០ កន្លងទៅ។ ចំនួន ២០ លាននាក់នេះ បើធៀបទៅនឹងឆ្នាំ ២០១៩ អាចនឹងទាបជាងប្រមាណជា ៦ លាននាក់ នេះបើយោងតាមការបញ្ជាក់របស់ TSA តែមិនថ្វីនោះទេ ព្រោះថាអាមេរិក កំពុងជម្រុញឱ្យដំណើរការសេដ្ឋកិច្ច និងបន្តងើបចេញពីសម្ពាធ នៃជំងឺកូវីដ ១៩។
ជាមួយគ្នានោះដែរ ទេសចរណ៍ AAA គ្រុប ព្យាករណ៍ថា ឆ្នាំ២០២១ នេះពលរដ្ឋអាមេរិកយ៉ាងហោចណាស់ ៥៣.៤ លាននាក់ នឹងចេញធ្វើដំណើរ កើនឡើងប្រមាណជា ១៣% បើធៀបទៅនឹងឆ្នាំ ២០២០ កន្លងទៅ ដោយចំនួននោះមានប្រមាណ ៤៨.៣ លាននាក់ នឹងធ្វើដំណើរតាមផ្លូវគោក តែនៅទៀបជាកាលពីឆ្នាំ ២០១៩ ដែលមាន ៤៩.៩ លាននាក់។ ការធ្វើដំណើរតាមផ្លូវគោកនេះទៀតសោក បានចោទឡើងជាបញ្ហា ទាក់ទងទៅនឹងតម្លៃប្រេងសាំង ដែលកំពុងឡើងថ្លៃខ្លាំង ដូចកាលពីឆ្នាំ ២០១៤ ជាមូលហេតុ រដ្ឋាភិបាលត្រូវដោះស្រាយ និងទម្លាក់តម្លៃប្រេងសាំងទាំងនោះ។
សម្រាប់ការហោះហើរតាមផ្លូវអាកាស ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន មានក្ដីរំពឹងទុកជាខ្លាំងថា ឆ្នាំ២០២១ កំណើននៃការធ្វើដំណើរនឹងបន្តកើនឡើងខ្ពស់ជាងឆ្នាំមុន ដោយក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines រំពឹងថា ចាប់ពីសុក្រ សប្ដាហ៍កន្លងទៅ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា អ្នកធ្វើដំណើរតាមក្រុមហ៊ុនខ្លួននឹងមានចំនួនអតិបរមា ៥.៦ លាននាក់ ខណៈមានតែ ២.២ លាននាក់ នាឆ្នាំ២០២០ ជាការកើនឡើង ៣០០% ឯណោះ តែនៅទាបជាងអត្រាធ្វើដំណើរដែលមាន ៦.៣ លាននាក់ កាលពីឆ្នាំ ២០១៩។
គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងដែនដីជាតិរបស់អាមេរិក អនុញ្ញាតឱ្យពលរដ្ឋ ឬភ្ញៀវអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងត្រឹមត្រូវ និងគ្រប់ចំនួនប៉ុណ្ណោះ ទើបអាចមានសិទ្ធិហោះហើរទៅកាន់គ្រប់ទីកន្លែងរបស់ខ្លួនបាន៕