ការចូលទៅកាន់ទឹកដីអាមេរិក តាមផ្លូវគោក និងផ្លូវទឹកទាំងអស់ ត្រូវតែបានចាក់វ៉ាក់សាំងគ្រប់ៗគ្នាជាដាច់ខាត

វ៉ាស៊ីនតោន៖ ពីមួយថ្ងៃទៅមួយថ្ងៃ អាមេរិក កំពុងតែបន្តការបើកដំណើរការប្រទេសឡើងវិញបន្តិចម្ដងៗ ដោយរំពឹងថា នឹងអាចយកឈ្នះបញ្ហាជំងឺកូវីដ ១៩ និងនាំមកនូវការរស់នៅជាធម្មតាវិញនារយៈពេលដ៏ខ្លីខាងមុខ។ កិច្ចខិតខំប្រឹងប្រែងនេះ ក៏នឹងបន្តទៅមុខ ស្របពេលការត្រួតពិនិត្យ និងភាពច្បាស់លាស់ ត្រូវយកមកអនុវត្ត ដោយគិតចាប់ពីឆ្នាំ ២០២២ ខាងមុខនេះតទៅ អ្នកចូលទៅកាន់ទឹកដីអាមេរិក នឹងអនុញ្ញាតសម្រាប់អ្នកបានចាក់វ៉ាក់សាំងរួចហើយប៉ុណ្ណោះ។

ដូចផែនការរដ្ឋាភិបាលអាមេរិក បានគ្រោងទុកនាខែតុលា ពិតមែន គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ ការចេញចូលទៅកាន់ដែនដីជាតិរបស់សហរដ្ឋអាមេរិក នឹងត្រូវរឹតបន្តឹងបន្ថែម ដោយអនុញ្ញាតតែអ្នកបានចាក់វ៉ាក់សាំងត្រឹមត្រូវ និងគ្រប់ចំនួន ហើយគ្មានវិជ្ជមានជំងឺកូវីដ ១៩ តែប៉ុណ្ណោះ ទើបអាចចូលទៅបានដោយស្របច្បាប់ និងពុំមានការហាមឃាត់ពីសំណាក់សមត្ថកិច្ច។ ការដាក់ចេញបទបញ្ជានេះ គឺធ្វើឡើងសម្រាប់ពលរដ្ឋអន្តរជាតិ ដែលមានព្រំដែនដីគោក និងផ្លូវទឹក ជាប់ទៅនឹងសហរដ្ឋអាមេរិក ដែលពុំមានសញ្ជាតិអាមេរិក តែប៉ុណ្ណោះ។

ការបញ្ជាក់របស់សេតាក់វិមាន (White House) បានឱ្យដឹងថា រាល់ការចេញចូលនៅតាមច្រកព្រំដែនផ្លូវគោក គ្រប់ទីកន្លែង ដែលភាគច្រើនគឺក្នុងគោលបំណងដឹកជញ្ជូនទំនិញនៅអាមេរិកខាងជើង ក៏ដូចជាការចូលទៅអាមេរិក តាមផ្លូវទឹក របស់ជនបរទេស ដែលគ្មានសញ្ជាតិជាជនជាតិអាមេរិក ឬពុំមានលិខិតបញ្ជាក់ការស្នាក់នៅអចិន្ត្រៃយ៍ (Permanent Resident) ត្រូវតែបានចាក់វ៉ាក់សាំងជាដាច់ខាត។ ប្រសិនបើ បានចាក់វ៉ាក់សាំងគ្រប់ចំនួន និងត្រឹមត្រូវទៅតាមបទដ្ឋានតម្រូវដោយអាមេរិកហើយនោះ ការចូលទៅក្នុងដែនដីជាតិរបស់អាមេរិក នឹងធ្វើឡើងជាធម្មតា។ 

ទន្ទឹមគ្នានោះដែរ ពលរដ្ឋដែលមានសញ្ជាតិអាមេរិក ឬមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការចូលទៅក្នុងដែនដីជាតិ ពុំត្រូវបានគិតអំពីការបានចាក់ ឬមិនទាន់បានចាក់វ៉ាក់សាំងនោះទេ តែត្រូវធ្វើតេស្ដស្វែងរកវីរុសកូវីដ ១៩ ជាមុនសិន និងត្រូវបានអាជ្ញាធរលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំងផងដែរ។ ការរឹតបន្តឹងគិតចាប់ពីដើមឆ្នាំក្រោយនេះ ជាគោលជំហរដ៏សំខាន់របស់រដ្ឋាភិបាលអាមេរិក ក្រោមកិច្ចដឹកណាំរបស់លោក Joe Biden ក្នុងការនាំអាមេរិក ចេញពីសម្ពាធជំងឺកូវីដ ១៩ ដែលនាំមកនូវភាពរីកចំរើនទាំងសេដ្ឋកិច្ច និងស្ថេរភាពសន្តិសុខជាតិ។

គួរបញ្ជាក់ថា គិតមកត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២១ តួរលេខពលរដ្ឋអាមេរិក ដែលពេញវ័យហើយបានទទួលការចាក់វ៉ាក់សាំងត្រឹមត្រូវចំនួន ១ ដូសកើនឡើងដល់ទៅជាង ៤៥៤ លាននាក់ហើយ ដោយអ្នកបានចាក់វ៉ាក់សាំង២ ដូស កើនឡើងដល់ ១៩៥ លាននាក់ ជាតួរលេខស្មើនឹង ៥៩.២% នៃចំនួនប្រជាជនសរុប។ ដោយឡែកនៅមានពលរដ្ឋប្រមាណជា ៤៧ លាននាក់ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងនៅឡើយ៕