សារមន្ទីរអូឡាំពិកថ្មីមួយ នឹងកើតមាននៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមជំនួយពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី

សារមន្ទីរអូឡាំពិកថ្មីមួយ នឹងកើតមាននៅក្នុងសំណង់ប្រវត្តិសាស្ត្រកីឡាថ្មីរបស់កម្ពុជា គឺពហុកីឡដ្ឋាន ជាតិមរតកតេជោ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយការរៀបចំសារមន្ទីរអូឡាំពិកនេះ ក្រោម ជំនួយរបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។ នេះជាផលប្រយោជន៍មួយ នៅក្នុងចំណោមផលប្រយោជន៍ ធំៗចំនួន៣ ដែលគណៈប្រតិភូកីឡាកម្ពុជាទទួលបាន នៅក្នុងបេសកកម្មនៃមហាសន្និបាតក្រុមប្រឹក្សា កីឡាអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាសអមដំណើរឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញវិលត្រលប់ មកដល់មាតុប្រទេសវិញ កាលពីល្ងាចថ្ងៃ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៣ ខែវិច្ឆកា ឆ្នាំ២០២១។ 

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាស៍ថា នៅក្នុងបេសកកម្មអន្តរជាតិនេះគឺ

ទី១-កម្ពុជាបានចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ក្នុងនាមជាសមាជិកពេញសិទ្ធិ។ ទី២-គឺកម្ពុជាទទួលបានសិទ្ធិជាផ្លូវការ ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN YOUTH GAMES) លើកទី៥ នាឆ្នាំ២០២៩។ 

ទី៣-គឺកម្ពុជាទទួលបានជំនួយមួយចំនួនលើ ផ្នែកអប់រំស្មារតីអូឡាំពិក ដោយក្រុមប្រឹក្សាកីឡាអូឡាំពិក អាស៊ីបានសម្រេចផ្តល់ជំនួយកសាងសារមន្ទីរ អូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជា មជ្ឈមណ្ឌលអូឡាំពិកដ៏ធំមួយ ផ្ទុកនូវឯកសារប្រវត្តិ នៃចលនាអូឡាំពិកជាតិរបស់យើង ហើយក៏ជាកន្លែង ប្រមូលតាំងបង្ហាញសម្រាប់ការស្រាវជ្រាវនូវឯកសារ កីឡាធំៗ អ្នកល្បីល្បាញនៅលើពិភពលោកផងដែរ។ 

នេះគឺជាលទ្ធផលធំៗចំនួន៣ ដែលកម្ពុជាទទួលបានពីអង្គមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤០ ប្រចាំឆ្នាំ២០២១។ ឯកឧត្តមអគ្គលេខាធិការបានចាត់ទុកថា នេះជាបេសកកម្មជោគជ័យដ៏ ត្រចេះត្រចង់ និងជាមហាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យគណៈប្រតិភូកីឡាកម្ពុជា ចូលរួមក្នុង បេសកកម្មនាពេលនេះទទួលបានលទ្ធផលជោគជ័យ ប្រកបដោយមោទនភាពបំផុត។ 

សូមរម្លឹកថា នៅក្នុងពិធីចុះហត្ថលេខាទទួលសិទ្ធិម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នេះ ឯកឧត្តម បណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ឃួង ស្រេង ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្តល់ទទួលសិទ្ធិជាផ្លូវការរួមគ្នាជាមួយប្រធាន ស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដោយទទួលបានការការគាំទ្រ អបអរសាទរពី៤៥ប្រទេស នៃទ្វីបអាស៊ី។