ស្ថាបត្យករ Herzog & de Meuron បង្ហាញពីការរចនាសារមន្ទីរសិល្បៈនៅតាមបណ្ដោយមាត់ទន្លេ Mississippi

ការិយាល័យស្ថាបត្យកម្មរបស់ប្រទេសស្វីសមួយដែលគេស្គាល់ឈ្មោះថា Herzog & de Meuron បានចេញផ្សាយផែនការសម្រាប់ការរចនាអគារសិល្បៈមួយដែលមានទីតាំងនៅតាមបណ្ដោយមាត់ទន្លេ Mississippi។ ដោយគម្រោងនេះនឹងត្រូវបានសាងសង់បន្ថែមពីសារមន្ទីរសិល្បៈដែលមានស្រាប់ឲ្យប្តូរទៅជាអគារសារមន្ទីសិល្បៈថ្មីដែលមានទំហំ 112,000 ហ្វីតការ៉េ (10,405 ម៉ែត្រការ៉េ)។ គម្រោងរចនាសារមន្ទីរសិល្បៈនេះអាចនឹងមានឈ្មោះថាសារមន្ទី Memphis Brooks ដែលមានរាងជាកញ្ចក់រាងបួនជ្រុង។

ចំណែកឯការតុបតែងផ្នែកខាងក្រៅវិញ ត្រូវបានគេប្រើប្រាស់បន្ទះក្ដាឈើព័ណ៌ត្នោត ជាមួយនឹងផ្ទាំងកញ្ចក់នៅពីខាងមុខដែលអាចមើលធ្លុះដល់ក្នុងតែម្ដង។ ជាមួយនឹងរចនាដែលប្រើប្រាស់បន្ទះឈើបែបនេះក៏ដើម្បីបង្ហាញអំពីការសាងសង់ដែលប្រកបដោយនិរន្តរភាពផងដែរ។ មិនតែប៉ុណ្ណោះ អ្នកដែលមកទស្សនាសារមន្ទីនេះនឹងចូលទៅកាន់សារមន្ទីរតាមច្រកចូលសំខាន់ដែលបង្កើតឡើងពីសសរឈើកម្ពស់ពីរជាន់ ដំបូលធ្វើពីលោហធាតុ និងផ្លូវចូលដែលក្រាលដោយឥដ្ឋព័ណ៌ឈើបន្ទះវែង។

សម្រាប់នៅតំបន់ច្រកចូលផ្ទាល់នេះដែរក៏មានហាងកាហ្វេ និងកន្លែងសម្រាប់ទទួលទានអាហារសម្រាប់អ្នកដែលចូលមកទស្សនាផងដែរ។ លើសពីនេះ នៅពេលដែលទទួលទានកាហ្វេអ្នកទស្សនាក៏អាចមើលឃើញទេសភាពដ៏ធំទូលាយនៃទន្លេ Mississippi ជាមួយនឹងការរៀបចំទីធ្លាក្រាលបន្ទះឈើពីលើដែលត្រូវបានរចនាឡើងជាបន្ទប់ខាងក្រៅសម្រាប់ការជួបជុំសាធារណៈ។

ចំណែកឯផ្នែកខាងក្នុងវិញគឺមានរោងមហោស្រពដែលអាចផ្ទុកមនុស្សបានរហូតដល់ 175 នាក់ ជាមួយនឹងបន្ទប់សិក្សាអប់រំ និងកន្លែងសម្រាប់សកម្មភាពគ្រួសារអន្តរកម្មផងដែរ ខណៈដែលចំណតរថយន្ត និងកន្លែងសាធារណៈផ្សេងទៀតត្រូវបានដាក់ឲ្យមានទីតាំងនៅជាន់ខាងក្រោមនៃអគារ

គួរបញ្ជាក់ផងដែរ គម្រោងសារមន្ទីសិល្បៈ Memphis Brooks នេះគ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ 2023 និងបើកដំណើរជាផ្លូវការនៅឆ្នាំ 2026  ខាងមុខទៀត។ យ៉ាងណាមិញក្រៅពីគម្រោងរចនាសារមន្ទី Memphis Brooks របស់ស្ថាបត្យករ Herzog & de Meuron ក៏នៅមានគម្រោងសារមន្ទីដែលធ្លាប់បានរចនាដោយ ការិយាល័យស្ថាបត្យកម្ម Studio Gang និង SCAPE ផងដែរ ដែលវាមានឈ្មោះថា Memphis Riverfront Concept។