សឹង្ហបុរី និងម៉ាឡេស៊ី ត្រៀមបើកច្រកព្រំដែនឱ្យឆ្លងកាត់ឡើងវិញ នៅសប្ដាហ៍ក្រោយនេះ!

ស្ថានភាពបច្ចុប្បន្ននៃប្រទេសសឹង្ហបុរី និងប្រទេសម៉ាឡេស៊ី មានភាពធូស្បើយច្រើន បើធៀបទៅនឹងខែកក្កដា និងខែសីហាកន្លងទៅ ព្រោះថាអត្រាឆ្លងបានចាប់ផ្ដើមថយចុះ និងកំណើនអ្នកចាក់វ៉ាក់សាំង បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់។ កត្តានេះ បានជម្រុញឱ្យរដ្ឋាភិបាលទាំង ២ សម្រេចត្រៀមខ្លួនបើកច្រកព្រំដែន រវាងប្រទេសទាំង ២ ឡើងវិញម្ដងទៀត ដែលនឹងធ្វើឡើងនាសប្ដាហ៍ក្រោយនេះឯង។

គិតចាប់ពីថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ ប្រជាពលរដ្ឋសឹង្ហបុរី និងប្រជាពលរដ្ឋម៉ាឡេស៊ី នឹងអាចមានសិទ្ធិធ្វើការឆ្លងកាន់ប្រទេសគ្នាទៅវិញទៅមកដូចសព្វមុនដងឡើងវិញហើយ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីកាលពីថ្ងៃពុធ កន្លងទៅ។ ការសម្រេចបើកឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញនេះ គឺដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ និងផ្ដល់ភាពងាយស្រួលទៅដល់ប្រជាពលរដ្ឋទាំង ២ ឡើងវិញ ដែលទំនាក់ទំនងជាច្រើន ត្រូវបានកាត់ផ្ដាច់ ដោយសារតែជំងឺកូវីដ ១៩ ឆ្លងរាតត្បាត។

ការបើកច្រកទ្វារព្រំដែន ដ៏មម៉ាញឹករវាងរដ្ឋទាំង ២ ខាងលើនេះ នឹងធ្វើឡើងក្នុងជំហានដំបូងសិន ដោយអនុញ្ញាតឱ្យតែអ្នកដែលបានចាក់វ៉ាក់សាំងត្រឹមត្រូវ និងគ្រប់ចំនួន ធ្វើការចេញចូលសិនតែប៉ុណ្ណោះ ដោយពលរដ្ឋណាពុំទាន់បានចាក់វ៉ាក់សាំង ពុំត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ជាដាច់ខាត។ ម្យ៉ាងទៀត អ្នកចេញចូលនោះត្រូវតែមានសញ្ជាតិសឹង្ហបុរី ឬសញ្ជាតិម៉ាឡេស៊ី ឬមានលិខិត សំបុត្របញ្ជាក់ការស្នាក់នៅអចិន្ត្រៃយ៍ លិខិតបញ្ជាក់ការងារ ការបំពេញតួនាទីសំខាន់ៗជាអាទិ៍ ដោយពុំតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។

តាមការបញ្ជាក់របស់លោកប្រធានាធិបតីសឹង្ហបុរី បានឱ្យដឹងថា ការចាប់ផ្ដើមនេះ នឹងពង្រីកវិសាលភាពជាបន្តបន្ទាប់ទៀតអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង រហូតឈានដល់ការបើកដំណើរការជាធម្មតា ដូចកាលពីឆ្នាំ ២០១៩ កន្លងទៅ។ ម៉ាឡេស៊ី ឯណោះវិញ ក៏បានប្រកាសអំពីគោលជំហរ នៃការរួបរួមគ្នាទប់ស្កាត់ ការឆ្លង និងរីករាល់ដាលនៃជំងឺកូវីដ ១៩ តាមរយៈការឆ្លងកាត់តាមច្រកព្រំដែននេះផងដែរ ដោយជម្រុញឱ្យពលរដ្ឋទាំង ២ បន្តការយកចិត្តទុកដាក់ រក្សាគម្លាត ពាក់ម៉ាស និងរក្សាអនាម័យ ពិសេសគោរពតាមវិធានការរបស់រដ្ឋាភិបាលទាំង ២។

គួរបញ្ជាក់ថា សឹង្ហបុរី និងម៉ាឡេស៊ី មានទំនាក់ទំនងជាច្រើន និងទៅវិញទៅមក ក្នុងការងាររស់នៅប្រចាំថ្ងៃ ដោយពលរដ្ឋទាំង ២ មានតម្រូវការឆ្លងដែន ដើម្បីទៅបំពេញកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន តែក្រោយការបិទច្រកទ្វារដ៏សំខាន់មួយនេះ កិច្ចការងារ អាជីវកម្មជាច្រើន ត្រូវបានរងផលប៉ះពាល់ជាខ្លាំង តែគិតចាប់ពីចុងឆ្នាំ២០២១ នេះតទៅ រដ្ឋាភិបាលទាំង ២ នឹងសម្រួលឡើងវិញ ដោយជឿជាក់ទៅលើវ៉ាក់សាំង ដែលនឹងស្ដារស្ថានភាពដើមឱ្យត្រឡប់មកដូចដើមវិញនាពេលខាងមុខ៕