អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចរង់ចាំស្វាគមន៍ទទួលភ្ញៀវទេសចរបរទេស វ៉ាក់សាំងពេញលេញ

ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីអំពី កិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្ថិភាព SOP ដើម្បីទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចហើយ ជាមួយនឹងការរង់ចាំស្វាគមន៍ ទទួល ភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ ដែលត្រូវចូលមកទស្សនាខេត្តសៀមរាប។ នៅក្នុងកិច្ច ប្រជុំនេះ ក៏បានវាយតម្លៃថា កិច្ចការធានា ការពារសុវត្ថិភាពភ្ញៀវ វាមិនត្រឹមតែជាការឱ្យតម្លៃលើសេវាបដិ សណ្ឋារកិច្ចប៉ុណ្ណោះទេ តែនេះគឺជាកិច្ចរក្សាតម្លៃ និងកត្តិយសរបស់ជាតិ។

ឯកឧត្តម ប៊ុន រដ្ឋា បានបន្តថា កម្ពុជាគឺជាប្រទេសបានបើកឡើងវិញ ក្រោមមោទកភាព នៃការផ្តល់ វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រិតភាគរយខ្ពស់ ដែលពិភពលោកទទួលស្គាល់។ ការបើកទទួលភ្ញៀវ ទេសចរវ៉ាក់សាំងពេញលេញរបស់កម្ពុជា អាចថាជាការរង់ចាំរបស់ភ្ញៀវទេសចរ ។ ឯកឧត្តមបន្តថា កម្ពុជា បានកំណត់ក្នុងបញ្ជីសម្រាប់បណ្តាប្រទេសមួយចំនួននៅលើពិភពលោក មកកាន់កម្ពុជាដោយមិនចាំបាច់ តម្រូវឱ្យមានវីសា(VISA) នោះឡើយ ។ ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលនេះគឺ ជាគោលនយោបាយបើកចំហជើងមេឃរបស់កម្ពុជា ។ បញ្ហាទាំងអស់នេះ ព្រលានយន្តហោះអន្តរជាតិ សៀមរាប ក៏បានត្រៀមខ្លួនជាស្រេចសម្រាប់បម្រើការហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍នានា ផងដែរ។

សូមជម្រាបថា ការពិភាក្សារបស់កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើនីតិវិធីប្រតិបត្តិ ធានាការពារប្រកប ដោយប្រសិទ្ធភាព ការឆ្លង-ការចម្លងជំងឺកូវីដ-១៩ ដោយឈរលើគោលការណ៍សម្រេចឯកភាពគ្នាកន្លង មក រវាងរដ្ឋមន្រ្តីទាំង២ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក្នុងនោះគឺការត្រួតពិនិត្យយ៉ាងហ្មត់ ចត់ ប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញ លិខិតបញ្ជាក់ការធ្វើតេស្ត PCR ៧២ ម៉ោងមុនមកដល់ គោលដៅ និងការធ្វើតេស្តរហ័សនៅពេលឆ្លងកាត់ព្រលានយន្តហោះ។ កិច្ចប្រជុំនោះ ក៏បានបង្ហាញឱ្យ ឃើញផងដែរ អំពីតួនាទីយ៉ាងសំខាន់របស់ក្រុមមន្រ្តីឆ្លើយតបបន្ទាន់ រួមមាន៖ ក្រុមការងារចត្តាឡីស័ក និងក្រុមជំនាញប្រតិបត្តិការតេស្តរហ័ស។