រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យ និង សិក្សាពង្រីកផ្លូវជាតិលេខ ២១បេ

កំណាត់ផ្លូវជាតិលេខ២១បេ មានប្រវែង ប្រមាណ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ដល់រង្វង់ មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុម ការងារបច្ចេកទេសក្រសួងចុះពិនិត្យមើលស្ថានភាព ដើម្បីរៀបចំជួសជុលស្តាធ្វើឱ្យ ប្រសើរឡើង។ 

ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ បច្ចេកទេស ក្រសួងអញ្ជើញចុះពិនិត្យមើលកំណាត់ផ្លូវជាតិលេខ២១បេ ប្រវែងប្រមាណ៣គីឡូម៉ែត្រ ចាប់ពី ផ្លូវបំបែក ផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលទ្ធភាពនៃការជួសជុលស្តាធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវនេះដោយប្រើគ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើប អាចកាត់បន្ថយផលប៉ះពាល់ ចរាចរណ៍ ផលប៉ះពាល់បរិស្ថាននិងអាចជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋបានរហ័ស ទាន់ពេលវេលា។ 

ថ្លែងក្នុងដំណើរចុះពិនិត្យផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារ បច្ចេកទេសក្រោមឱវាទ អនុវត្តការងារជួសជុលផ្លូវនេះឱ្យបានរួចរាល់លឿនបំផុត និងមានគុណភាពរឹងមាំ កុំឱ្យគេថាធ្វើមុខខូច ក្រោយ ធ្វើក្រោយខូចមុខ ធ្វើយ៉ាងណាបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងអំឡុងពេល សាងសង់ មិន បង្កការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវអនុវត្តការសាងសង់ នៅចន្លោះ ម៉ោងណាដែលមានចរាចរណ៍តិចដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងយកចិត្តទុក ដាក់ពន្លឿន ការងារសាងសង់ឱ្យបានឆាប់រហ័សផងដែរ។

សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ២១បេ នេះ មានប្រវែងសរុប ១២,៣៣ គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវ បំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិតនៅផ្លូវបំបែកផ្លូវជាតិលេខ១ ដោយឆ្លងកាត់ស្ពាន ព្រែកសំរោង។