សន្ទុះនាំចេញរបស់វៀតណាម ហក់ឡើងដល់ ១៨,៥% ក្នុងខែវិច្ឆិកា សរុបជាទឹកប្រាក់ប្រមាណ ២៩,៩ ពាន់លានដុល្លារ

ហាណូយ៖ វៀតណាម បើទោះបីជាបានបញ្ចប់ការបិទខ្ទប់ ដើម្បីគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ ១៩ នៅលើផ្ទៃប្រទេស កាលពីដើមខែតុលា កន្លងទៅក៏ដោយ តែមួយថ្ងៃៗវៀតណាម មានអ្នកឆ្លងជំងឺថ្មីៗជាង ១ ម៉ឺននាក់ឥតដាច់។ បើទោះបីជាករណីឆ្លងនៅតែបន្ត តែការនាំចេញរបស់វៀតណាម បានហក់ឡើងខ្ពស់ គឺខ្ពស់ជាងការព្យាករណ៍ទុកទៅទៀត។

ការនាំចេញផលិតផលយ៉ាងច្រើនរបស់វៀតណាម ទៅកាន់ទីផ្សារអន្តរជាតិ ដោយក្នុងនោះរួមមានកម្ពុជាយើងផងដែរនោះ បានកើនឡើងក្នុងសន្ទុះមួយយ៉ាងខ្លាំង ស្ថិតក្នុងអត្រាដល់ទៅ ១៨,៥% ឯណោះ បើធៀបទៅនឹងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ដែលកាលនោះវៀតណាម ពុំទាន់រងគ្រោះធ្ងន់ធ្ងរ ដោយសាតែជំងឺកូវីដ ១៩ ឆ្លងនៅក្នុងសហគមន៍ទ្រង់ទ្រាយធំនោះទេ។ ការងើបឡើងនៃសន្ទុះនាំចេញនាខែវិច្ឆិកា ឆ្នាំ២០២១ នេះត្រូវបានឱ្យដឹងថា ដោយសារតែតម្រូវការជាសកល និងការជ្រុមជ្រែងយ៉ាងសកម្មពីសំណាក់រដ្ឋាភិបាល។

យោងតាមបាយការណ៍ ចេញផ្សាយដោយអាជ្ញាធរស្ថិតិជាតិទីក្រុងហាណូយ កាលពីថ្ងៃចន្ទ ម្សិលមិញនេះបានឱ្យដឹងថា ទំហំនៃការនាំចេញក្នុងរយៈពេលពេញមួយសរុបជាទឹកប្រាក់ប្រមាណជា USD ២៩,៩ ពាន់លានដុល្លារអាមេរិក ជាចំនួនទឹកប្រាក់ច្រើនជាងការរំពឹងទុក ប្រមាណជា USD ១០០ លានដុល្លារ ដែលជាទឹកប្រាក់លើពីគោលដៅគ្រោងទុក។ កំណើនៃការនាំចេញនេះ អាចធ្វើទៅបាន ដោយសារតែវៀតណាម មានកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅដល់ទីផ្សារ តែសម្រាប់កម្លាំងពលកម្ម ចេញពីកម្មករនិយោជិត ជាជនបរទេស ក៏ត្រូវបាត់បង់ ព្រោះពួកគេបានត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ។ 

សម្រាប់លទ្ធផលបូកសរុបក្នុងរយៈពេល ១១ ខែឆ្នាំ ២០២១ នេះ ការនាំចេញរបស់វៀតណាមសរុប គិតជាភាគរយ មានប្រមាណ ១៧,៥% បើធៀបទៅនឹង ១១ខែ ឆ្នាំ២០២០ ឬគិតជាទឹកប្រាក់មាន USD ២៩៩,៦៧ ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលមានកំណើន ២៧,៥% ឬគិតជាទឹកប្រាក់សរុបមាន USD ២៩៩,៤៥ ពាន់លានដុល្លារ។ កំណើននៃការនាំចេញ និងនាំចូលនេះដែរ បានធ្វើឱ្យកំណើនទឹកប្រាក់កើនលើសពីការព្យាករណ៍ទុកសរុបជាង USD ២២០ លានដុល្លារអាមេរិក។

សម្រាប់ឆ្នាំ ២០២២ ខាងមុខ វៀតណាម នៅតែបន្តមានសុទិដ្ឋិនិយម ជុំវិញការនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេស ដោយមានការព្រួយបារម្មណ៍តែអំពីជំងឺកូវីដ ១៩ តែប៉ុណ្ណោះ ដែលជាបញ្ហាប្រឈមដ៏ធំមួយនៃចង្វាក់ផលិតកម្មក្នុងស្រុក។ ម្យ៉ាងវីរុសបម្លែងខ្លួនថ្មី អូមីក្រុង ក៏បានកំពុងចោទឡើងជាបញ្ហាគួរឱ្យព្រួយបារម្មណ៍បន្ថែមទៀតនៃសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម ទៅកាន់បណ្ដាប្រទេសជាដៃគូ ដែលមានចិន អង់គ្លេស ហ្វីលីពីន និងអាមេរិក ដែលជាដៃគូរសហការណ៍ធំជាងគេ៕