ក្រុមហ៊ុនផលិតរថយន្ដ Tesla ដកគម្រោងការវិនិយោគទឹកប្រាក់ 1 ពាន់លានដុល្លារសម្រាប់ការបង្កើតរោងចក្រនៅអាល្លឺម៉ង់វិញ

បន្ទាប់ពីបានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងគម្រោងរោងចក្រផលិតថ្មសម្រាប់រថយន្ដអគ្គិសនីដ៏ធំមួយនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗនេះ ស្រាប់តែក្រុមហ៊ុន Tesla ឥឡូវនេះបានប្រកាសថានឹងរំសាយគម្រោងចោលទៅវិញ ស្របគ្នាដែរ Tesla ដកពាក្យស្នើសុំជាង 1 ពាន់លានដុល្លារក្នុងការឧបត្ថម្ភធនសម្រាប់ការផលិតថ្មនៅទីក្រុងប៊ែរឡាំងនោះ។ ចំណែកឯ នាយកប្រតិបត្តិ Elon Musk ក៏បានបញ្ជាក់ផងដែរថា Tesla បានដកខ្លួនចេញ គឺដោយសារតែក្រុមហ៊ុន Tesla ផ្ទាល់មិនចង់បានការឧបត្ថម្ភធនពីរដ្ឋាភិបាល។

ទោះយ៉ាងណាក៏ដោយមានហេតុផលមួយចំនួនទៀតដែលគេបានលើកឡើងជុំវិញបញ្ហាដែលក្រុមហ៊ុន Tesla ដករបស់ខ្លួនចេញពីគម្រោងនេះ។ ដោយយោងទៅតាមសារព័ត៌មានរបស់កាសែត Financial Times បានឲ្យដឹងថា មូលហេតុចម្យងគឺដោយសាររដ្ឋាភិបាលរបស់សហភាពអឺរ៉ុបតម្រូវឱ្យក្រុមហ៊ុន Tesla ត្រូវតែផលិតថ្មសម្រាប់រថយន្ដអគ្គិសនីតែនៅក្នុងរោងចក្រនៅទីក្រុងប៊ែឡាំងនៃប្រទេសអាល្លឺម៉ង់តែមួយប៉ុណ្ណោះ ប្រសិនបើក្រុមហ៊ុនមួយនេះយល់ព្រមទទួលប្រាក់ឧបត្ថម្ភវិនិយោគពីប្រទេសអាល្លឺម៉ង់។ ដូចច្នេះវាមានន័យថា ថ្មសម្រាប់រថយន្ដអគ្គិសនីមិនអាចផលិតបាននៅរោងចក្រ Tesla ដទៃទៀតបានទេ។

ដោយសារតែភាពមិនច្បាស់ការបែបនេះ ទើបក្រុមហ៊ុន Tesla សម្រេចដកខ្លួនវិញតែម្ដង ព្រោះថាវាជាការផ្ទុយអំពីគោលការណ៍របស់ក្រុមហ៊ុន Tesla ក្នុងការបង្កើតរោងចក្រផលិតថ្មឲ្យបានច្រើននៅជុំវិញពិភពលោក។ តែយ៉ាងណាមិញ បន្ទាប់ពីក្រុមហ៊ុន Tesla បានធ្វើសេចក្តីប្រកាសដកខ្លួនចេញបែបនេះ រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានប្រកាសផែនការវិនិយោគរាប់ពាន់លានដុល្លារក្នុងការលើកទឹកចិត្តដល់ការផលិតថ្មក្នុងស្រុកដោយខ្លួនឯងវិញ ដើម្បីគាំទ្រដល់ការផលិតរថយន្តអគ្គិសនីក្នុងស្រុកវិញផងដែរ។