គ្រោះរញ្ជួយដីវាយប្រហារភាគខាងជើងប្រទេសប៉េរូបានបណ្ដាលឲ្យផ្ទះចំនួន 75 ខ្នងត្រូវបានបំផ្លិចបំផ្លាញ

ការរញ្ជួយដីកម្រិត 7.5 រិចទ័របានធ្វើឲ្យតំបន់ដាច់ស្រយាលមួយនៃភាគខាងជើងប្រទេសប៉េរូមានការរង្គោះរង្គើរកាលពីថ្ងៃអាទិត្យថ្មីៗនេះ ហើយត្រូវបានគេដឹងថាការរញ្ជួយនេះបានទៅដល់ទីក្រុង Lima នៅកណ្តាលប្រទេសហើយ ដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋប្រមាណជាចំនួន 75 ខ្នង ប៉ុន្តែមិនមានអ្នកបាត់បង់ជីវិតនោះទេ។ នេះបើយោងតាមមជ្ឈមណ្ឌលរញ្ជួយដីនៃវិទ្យាស្ថាន Geophysical Institute of Peru (IGP) នៃប្រទេសប៉េរូបានឲ្យដឹងថា ការរញ្ជួយដីនេះមានជម្រៅរហូតដល់ 131 គីឡូម៉ែត្រ (81 ម៉ាយ) ហើយមានអង្គត់ផ្ចិត 98 គីឡូម៉ែត្រពីទីប្រជុំជន Santa Maria de Nieva ក្នុងខេត្ត Condorcanqui ។

គ្រោះរញ្ជួយដីនេះត្រូវបានគេចាប់អារម្មណ៍នៅទូទាំងភាគកណ្តាល និងភាគខាងជើងប្រទេសប៉េរូ។ អ្នកស្រុកមួយចំនួនត្រូវបានបង្ខំចិត្ដចាកចេញពីផ្ទះរបស់ពួកគេដើម្បីទៅរកទីទួលសុវត្ថិភាព និងមានការប្រុងប្រយ័ត្នបំផុត នេះបើយោងតាមរបាយការណ៍របស់វិទ្យុ និងទូរទស្សន៍ក្នុងស្រុក។ តែយ៉ាងណាមិញគ្មានរបាយការណ៍ណាមួយបង្ហាញពីអ្នកបាត់បង់ជីវិតឡើយ ហើយក៏គ្មានការខូចខាតណាមួយត្រូវបានរាយការណ៍ចំពោះបំពង់បង្ហូរប្រេងប្រវែង 1,100 គីឡូម៉ែត្ររបស់ក្រុមហ៊ុន Petroperu ដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលឆ្លងកាត់តំបន់ Peruvian Amazon ទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងជើងនោះទេ។

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិការពារជនស៊ីវិល (Indeci) ប្រចាំប្រទេសប៉េរូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្ទះចំនួន 220 ខ្នងត្រូវបានរងផលប៉ះពាល់ បូករួមមទាំងផ្ទះចំនួន 81 ខ្នងមិនអាចរស់នៅបាន និង 75 ខ្នងត្រូវបានបំផ្លាញទាំងស្រុង។ បន្ថែមពីនេះ Indeci បាននិយាយថា កន្លែងគោរពបូជាសាសនាចំនួនប្រាំពីរ និងមជ្ឈមណ្ឌលលក់ទំនិញចំនួនពីរស្ថិតក្នុងតំបន់នោះក៏រងការខូចខាត និងមានអ្នកស្រុកចំនួនបួននាក់បានរងរបួសផងដែរ តែគ្មានអ្នកស្លាប់នោះទេ។