ធនាគារពិភពលោក ប្រកាសថា ល្បឿនសេដ្ឋកិច្ចសកល កំពុងចាប់ផ្ដើមថយចុះគួរឱ្យបារម្មណ៍

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃអង្គារ កន្លងទៅនេះ បានចេញសេចក្ដីប្រកាសអំពីស្ថានការណ៍សេដ្ឋកិច្ចពិភពលោកថា កំពុងមានការថយចុះក្នុងល្បឿនមួយ ដែលប៉ះពាល់ទៅដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ហើយអាចនឹងបន្តថយចុះរហូតដល់ឆ្នាំ ២០២៣ ថែមទៀតផង។

ការព្យាករណ៍ ចេញផ្សាយដោយធនាគារពិភពលោក បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ពិភពលោក កំពុងចាប់ផ្ដើមមានល្បឿនថយចុះ ដោយឆ្នាំ២០២២ នេះការថយចុះ អាចមកត្រឹមតែអត្រា ៤.១% ប៉ុណ្ណោះ បើធៀបទៅនឹងអត្រា ៥.៥% កាលពីឆ្នាំ ២០២១ កន្លងទៅ។ ការថយចុះនេះ ចោទឡើងពីកត្តាជាច្រើនគួបផ្សំគ្នា តែអ្វីដែលធនាគារពិភពលោក លើកឡើងគឺបញ្ហា ទាក់ទងទៅនឹង ការកើនឡើងនៃប្រាក់បំណុល ការថយចុះនៃប្រាក់ចំណូល ក៏ដូចជាការវាយប្រហារនៃវីរុសបម្លែងខ្លួនអូមីក្រុង ដែលបច្ចុប្បន្នកំពុងក្លាយជាប្រធានបទក្ដៅរបស់ពិភពលោកទាំងមូល។

លោក David Malpass ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោក បានបញ្ជាក់ឱ្យដឹងដូច្នេះថា របាយការណ៍បង្ហាញអំពីល្បឿនចាប់ផ្ដើមថយចុះ នៃសេដ្ឋកិច្ចសកលនេះ បានកំពុងចោទឡើងជាបញ្ហាប្រឈមទៅដល់ប្រទេសកំពុងអភិវឌ្ឍ ដែលត្រូវប្រឈមមុខទៅនឹងបញ្ហាជាច្រើន ដូចជាកង្វះខាតវ៉ាក់សាំង បញ្ហាបំណុលបរទេស ស្បៀងអាហារ សុខភាព និងការអប់រំជាដើម។ បញ្ហាទាំងនោះ បានកំពុងធ្វើឱ្យបណ្ដាប្រទេសទាំងនោះ រងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរយៈពេលវែង ព្រោះត្រូវប្រឈមមុខនឹងភាពក្រីក្រ កង្វះខាតស្បៀងអាហារ និងធនធានមនុស្សជាអាទិ៍។

ជាមួយគ្នានោះដែរ លោក Ayhan Kose អ្នកសរសេររបាយការណ៍របស់ធនាគារពិភពលោក បានឱ្យដឹងបន្ថែមទៀតថា ការឆ្លងវីរុសបម្លែងខ្លួនអូមីក្រុង ក៏ជាបញ្ហាធំមួយ ដែលកំពុងធ្វើឱ្យប្រទេសជាច្រើនរងសម្ពាធ ហើយបន្តរងសម្ពាធបន្តទៀត។ លោកបន្ថែមថា ការឆ្លងយ៉ាងច្រើននេះ ពុំមានព័ត៌មាន ឬតម្រុយណាមួយបង្ហាញឱ្យឃើញថា នឹងមានការថយចុះឆាប់ៗខាងមុខនៅឡើយទេ ជាក់ស្ដែងមនុស្សប្រមាណពាក់កណ្ដាល នៅទ្វីបអឺរ៉ុប ត្រូវបានព្យាករណ៍ថា មានជាក់ពាក់ព័ន្ធទៅនឹងវីរុសអូមីក្រុង នេះបើយោងតាមសេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក WHO។

ការព្យាករណ៍ដដែលនោះ បានឱ្យដឹងទៀតថា ឆ្នាំ២០២៣ ខាងមុខនេះ អត្រាថយចុះនៃល្បឿនសេដ្ឋកិច្ចក៏នឹងបន្តធ្លាក់កាន់តែទាបក្នុងអត្រា ៣.២% ដោយការថយចុះនោះ គឺមានរឿងជាច្រើនដែលត្រូវបកស្រាយ ដូចជាប្រទេសកំពុងអភិវឌ្ឍពុំមានជម្រើសច្រើនសំរាប់ពង្រឹងសេដ្ឋកិច្ចផ្ទៃក្នុង ការកើនឡើងនៃអថិផរណា ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ពលរដ្ឋមានប្រាក់ចំណូលទាបជាដើម។ មិនតែប៉ុណ្ណោះប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជា អាមេរិក ចិន និងជប៉ុន ត្រូវបានព្យាករណ៍ថា នឹងរងគ្រោះដោយសារតែការកើនឡើងនៃអត្រាការប្រាក់ បំណុល ការចំនាយផ្សេងៗដើម្បីទប់ស្កាត់ ការស្ដារ ការឆ្លើយតបទៅសង្គម និងជាច្រើនផ្សេងៗទៀត៕