ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Hyundai និង Kia បានបង្កើនការលក់រថយន្តលើសក្រុមហ៊ុន Honda នៅអាមេរិកជាលើកដំបូង

នៅឆ្នាំ 2021 ក្រុមហ៊ុនផលិតរថយន្ដចំនួនពីរដែលបានសហការគ្នាគឺ Hyundai និង Kia បានបង្កើនការលក់ដាច់រថយន្ដរបស់ខ្លួនរហូតដល់យកឈ្នះគូប្រជែង Honda លើកដំបូងនៅសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ ម៉ាកយីហោរបស់ក្រុមហ៊ុនទាំងពីរនេះក៏បានជាប់ចំណាត់ថ្នាក់ទី 5 ផងដែរក្នុងការលក់ដាច់រថយន្ដនៅសហរដ្ឋអាមេរិក។ ជាក់ស្ដែង ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកូរ៉េទាំងពីនេះបានលក់រថយន្តអស់ប្រមាណជា 1,439,497 គ្រឿង បូករួមទាំងរថយន្តដឹកទំនិញ និងរថយន្តធុនតូច កាលពីឆ្នាំ 2021។ ចំណែកឯ ក្រុមហ៊ុន Honda ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនលក់បានត្រឹមតែ 1,309,222 គ្រឿងប៉ុណ្ណោះកាលពីឆ្នាំ 2021។

មិនខុសទេ នេះគឺជាលើកមួយហើយ ដែលក្រុមហ៊ុនផលិតរថយន្ដម៉ាកយីហោល្បីៗ ប្រចាំកូរ៉េខាងត្បូង Hyundai និង Kia បានបំបែកកំណត់ត្រាការលក់ដាច់ច្រើនជាងក្រុមហ៊ុន Honda រហូតដល់ជាង 130,000 គ្រឿង។ យោងតាមទិន្នន័យពីគេហទំព័ររថយន្ត Edmunds.com បានឱ្យដឹងថា ចំណែកទីផ្សាររួមបញ្ចូលគ្នារបស់ម៉ាកយីហោទាំងពីរបានខិតជិតស្មើនឹងចំណែកទីផ្សាររបស់ក្រុមហ៊ុន Honda ទៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការសហការរួមគ្នារវាង Hyundai និង Kia។ ជាក់ស្ដែង Hyundai និង Kia នីមួយៗបានឃើញការលក់កើនឡើងប្រហែល 20% ក្នុងឆ្នាំ 2021។ ខណៈការលក់របស់ក្រុមហ៊ុន Honda បានកើនឡើងត្រឹមតែ 8.2% ប៉ុណ្ណោះ។

តែយ៉ាងណាមិញ ប្រសិនបើគិតមានកំណើនការលក់រៀងៗខ្លួនរបស់ក្រុមហ៊ុននីមួយៗវិញ Hyundai បង្កើនការលក់បានត្រឹមតែជាង 22,000 គ្រឿងប៉ុណ្ណោះ និង Kia បានត្រឹមតែជាង 700,000 ប៉ុណ្ណោះ ដោយបានន័យថា ប្រសិនបើយកកំណើនការលក់នៃក្រុមហ៊ុននីមួយៗ មកប្រៀបធៀបវិញ ក្រុមហ៊ុន Honda នៅតែជាអ្នកនាំមុខការលក់រថយន្ដនៅក្នុងទីផ្សារអាមេរិកដដែល។