ធនាគារចិន កាត់បន្ថយអត្រាការប្រាក់កម្ចី ដើម្បីជម្រុញឱ្យពលរដ្ឋមានលទ្ធភាពទិញលំនៅឋាន

ប៉េកាំង៖ ដើម្បីជម្រុញឱ្យវិស័យអចលនទ្រព្យ ដែលទទួលរងនូវសម្ពាធនាឆ្នាំ ២០២០ និង ២០២១ កន្លងទៅនេះ ធនាគារចិន បានសម្រេចឱ្យមានការកាត់បន្ថយអត្រាការប្រាក់ ជុំវិញការស្នើប្រាក់កម្ចីទៅដល់ពលរដ្ឋ ដែលមានបំណងចង់ទិញលំនៅឋានសម្រាប់ការរស់នៅ។ សេចក្ដីសម្រេចនេះ ក៏ជាមធ្យោបាយសំខាន់មួយក្នុងការជម្រុញឱ្យសេដ្ឋកិច្ចរបស់ចិនល្អប្រសើរឡើងចាប់ពីដើមឆ្នាំ ២០២២ នេះតទៅផងដែរ។

ធនាគារប្រជាជនចិន (People’s Bank of China) ក៏ដូចជាបណ្ដាធនាគារផ្សេងៗទៀតនៅក្នុងប្រទេស បានសម្រេចកាត់បន្ថយអត្រាការប្រាក់ជូនប្រជាពលរដ្ឋ សម្រាប់ការខ្ចីប្រាក់ពីធនាគារ ដើម្បីយកទៅទិញលំនៅឋាន ទាំងលំនៅឋានចាស់ និងលំនៅឋានថ្មី។ ការកាត់បន្ថយការប្រាក់នេះ គឺដើម្បីជម្រុញឱ្យសេដ្ឋកិច្ចផ្ទៃក្នុងរបស់ចិនងើបឡើងវិញកាន់តែប្រសើរ ពិសេសដោះសម្ពាធទៅដល់ក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ចិន ដែលកំពុងរងគ្រោះដោយសារតែបំណុល។

ស្ថិតក្នុងការកាត់បន្ថយអត្រាការប្រាក់ចាប់ពីដើមឆ្នាំ ២០២២ នេះតទៅ នឹងជម្រុញឱ្យពលរដ្ឋចិន មានលទ្ធភាពប្រសើរជាងឆ្នាំមុន ដើម្បីរៀបចំបែបបទ ក្នុងការដាក់ស្នើកម្ចីពីធនាគារ។ ជាក់ស្ដែងអត្រាការប្រាក់ ត្រូវបានកាត់បន្ថយពី ៣.៨% មកកាន់ ៣.៧% វិញ សម្រាប់កម្ចីប្រាក់មានថិរវេលា ១ ឆ្នាំ ដោយឡែកសម្រាប់ប្រាក់កម្ចី សម្រាប់រយៈពេល ៥ ឆ្នាំ ត្រូវកាត់បន្ថយពី ៤.៦៥% មកជា ៤.៦% វិញ ជាការកាត់បន្ថយអត្រាការប្រាក់ដំបូង គិតចាប់តាំងពីខែមេសា ឆ្នាំ២០២០ មក។

លោកស្រី Sheana Yue អ្នកសេដ្ឋកិច្ចឯករាជ្យនៅចិន បានឱ្យដឹងដូច្នេះថា ការកាត់បន្ថយអត្រាការប្រាក់ទាំង ២ ខាងលើនេះ គឺជាការលើកទឹកចិត្ត និងជម្រុញឱ្យអត្រាកម្ចីឥណទាននៅធនាគារកើនឡើង ពិសេសគឺការបញ្ចាំផ្ទះ ដែលនឹងមានតម្លៃធូថ្លៃជាងមុន។ លោកស្រីបន្ថែមទៀតថា សេចក្ដីសម្រេចនេះ គឺក្នុងគោលដៅចំបងជួយទៅដល់ពលរដ្ឋឱ្យទិញលំនៅឋាន ដើម្បីកុំឱ្យផលប៉ះពាល់នៃវិស័យអចលនទ្រព្យរងគ្រោះបន្តទៀត ដូចកាលពីខែធ្នូ កន្លងទៅថ្មីៗនេះ។

តាមរយៈការកាត់បន្ថយនេះ រំពឹងថាពលរដ្ឋចិន នឹងមានលទ្ធភាពក្នុងការទិញលំនៅឋានសម្រាប់ការរស់នៅ ដែលនឹងជួយសម្រាលបន្ទុកទៅដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានផងដែរ ខណៈពេលដែលក្រុមហ៊ុនទាំងនោះ ចាប់ផ្ដើមមានទំនុកចិត្តឡើងវិញ ក្រោយសេចក្ដីប្រកាសនេះត្រូវបានធ្វើឡើង៕