តើប្រទេសណាខ្លះ ដែលមានសេដ្ឋកិច្ចធំបំផុត?

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសិក្សាទៅលើសេដ្ឋកិច្ចពិភពលោកនៅត្រឹមដំណាច់ឆ្នាំ២០២១ ដែលគិតជាទឹកប្រាក់សរុប ៩៤ ទ្រីលានដុល្លារ ហើយបានបង្ហាញនូវប្រទេសមានសេដ្ឋកិច្ចធំបំផុត, ប្រទេសមានសេដ្ឋកិច្ចតូចបំផុត, និងប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត។ ប្រសិនបើក្រលេកមើលទៅលើសហរដ្ឋអាមេរិច និងចិន តែ ២ ប្រទេសនេះប៉ុណ្ណោះ បានក្ដោបយកសេដ្ឋកិច្ចពិភពលោក ៤២% បាត់ទៅហើយ ជាការពិត សហរដ្ឋអាមេរិចតែឯងប៉ុណ្ណោះ មានសេដ្ឋកិច្ចធំជាងប្រទេសសេដ្ឋកិច្ចតូចៗចំនួន ១៧០ ប្រទេសបូកបញ្ចូលគ្នាទៅទៀត។ ដូចនេះតើប្រទេសណាខ្លះដែលមាន GDP ធំជាងគេ?

១. តើអ្វីទៅជា GDP?

ជាដំបូងគួរពន្យល់បន្ដិចថាអ្វីទៅជា GDP? តាមពិតទៅ GDP (Gross Domestic Product) ដើរតួនាទីជាសូចនាករសម្រាប់ទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសមួយ។ វាគឺជាតម្លៃសរុបនៃទំនិញ និងសេវាកម្ម ប្រចាំឆ្នាំ ប្រចាំឆមាស ឬប្រចាំត្រីមាស ដែលប្រទេសនីមួយៗមាន។ ម្យ៉ាងទៀត GDP ឬផលិតផលក្នុងស្រុកសរុបក៏គិតគូរទៅដល់ទិន្នផលសេវាកម្មដែលផ្ដល់ដោយរដ្ឋាភិបាល ដូចជាការចំណាយទៅលើ វិស័យការពារជាតិ វិស័យសុខាភិបាល និងវិស័យអប់រំជាដើម។ និយាយជាទូទៅ ប្រទេសដែលមានកំណើនទំហំផលិតផលក្នុងស្រុកសរុប (GDP) គឺជាសញ្ញានៃកំណើនសកម្មភាពសេដ្ឋកិច្ច និងជីវភាពប្រជាជន ជាសញ្ញាល្អនៃការងារ និងអាជីវកម្មក្នុងប្រទេសនោះ។ 

២. ប្រទេសទាំង ១០ ដែលមានទំហំសេដ្ឋកិច្ចធំបំផុត ប្រចាំឆ្នាំ២០២១៖

1. សហរដ្ឋអាមេរិច គិតជាទឹកប្រាក់ ២២.៩ ទ្រីលានដុល្លារ ស្មើនឹង ២៤.៤% នៃសេដ្ឋកិច្ចពិភពលោក 

2. ប្រទេសចិន គិតជាទឹកប្រាក់ ១៦.៩ ទ្រីលានដុល្លារ ស្មើនឹង ១៧.៩% នៃសេដ្ឋកិច្ចពិភពលោក 

3. ប្រទេសជប៉ុន គិតជាទឹកប្រាក់ ៥.១% ទ្រីលានដុល្លារ ស្មើនឹង ៥.៤% នៃសេដ្ឋកិច្ចពិភពលោក 

4. ប្រទេសអាល្លឺម៉ង់ គិតជាទឹកប្រាក់ ៤.២ ទ្រីលានដុល្លារ ស្មើនឹង ៤.៥% នៃសេដ្ឋកិច្ចពិភពលោក

5. ចក្រភពអង់គ្លេស គិតជាទឹកប្រាក់ ៣.១ ទ្រីលានដុល្លារ ស្មើនឹង ៣.៣% នៃសេដ្ឋកិច្ចពិភពលោក

6. ប្រទេសឥណ្ឌា គិតជាទឹកប្រាក់ ២.៩ ទ្រីលានដុល្លារ ស្មើនឹង ៣.១% នៃសេដ្ឋកិច្ចពិភពលោក

7. ប្រទេសបារាំង គិតជាទឹកប្រាក់ ២.៩ ទ្រីលានដុល្លារ ស្មើនឹង ៣.១% នៃសេដ្ឋកិច្ចពិភពលោក

8. ប្រទេសអ៊ីតាលី គិតជាទឹកប្រាក់ ២.១ ទ្រីលានដុល្លារ ស្មើនឹង ២.៣% នៃសេដ្ឋកិច្ចពិភពលោក

9. ប្រទេសកាណាដា គិតជាទឹកប្រាក់ ២ ទ្រីលានដុល្លារ ស្មើនឹង ២.១% នៃសេដ្ឋកិច្ចពិភពលោក

10. ប្រទេសកូរ៉េខាងត្បូង គិតជាទឹកប្រាក់ ១.៨ ទ្រីលានដុល្លារ ស្មើនឹង ១.៩% នៃសេដ្ឋកិច្ចពិភពលោក

គូសបញ្ជាក់ថា មានតែប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន ១៨ ប៉ុណ្ណោះ ដែលមាន GDP លើសពី ១% ធៀបនឹងទំហំសេដ្ឋកិច្ចពិភពលោក។ ក្នុងនោះសហរដ្ឋអាមេរិច មានទំហំ GDP រហូតដល់ជិត ២៥% នៃទំហំសេដ្ឋកិច្ចពិភពលោក ហើយគេបានរក្សាលំនឹងសេដ្ឋកិច្ចនេះបានប្រមាណ ៦០ ឆ្នាំមកហើយ ក្នុងនោះវិស័យមានតម្លៃខ្ពស់ជាងគេប្រចាំឆ្នាំ នៅសហរដ្ឋអាមេរិចគឺ អចលនទ្រព្យ (៤.៧ ទ្រីលានដុល្លារ), វិស័យពាណិជ្ជកម្ម និងសេវាកម្ម (២.៧ ទ្រីលានដុល្លារ), និងរដ្ឋាភិបាល (២.៦ ទ្រីលានដុល្លារ)។ ចំណែកប្រទេសចិន ស្ថិតនៅលំដាប់ទី២ គិតជាទឹកប្រាក់ជិត ១៧ ទ្រីលានដុល្លារ ដោយចិនជាប្រទេសឧស្សាហកម្មនាំចេញធំជាងគេបំផុតលើពិភពលោក និងកំពុងពង្រីកផលិតកម្មដែក អេឡិចត្រូនិច រ៉ូបូត និងឧស្សាហកម្មជាច្រើនទៀត។ អាល្លឺម៉ង់ ជាប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅអឺរ៉ុប ជាប្រទេសឧស្សាហកម្មធំលើវិស័យយានយន្ដ។

៣. ប្រទេសមានសេដ្ឋកិច្ចតូចជាងគេបំផុត

1. ប្រទេស Tuvalu គិតជាទឹកប្រាក់ ៧០ លានដុល្លារ

2. ប្រទេស Nauru គិតជាទឹកប្រាក់ ១០០ លានដុល្លារ

3. ប្រទេស Palau គិតជាទឹកប្រាក់ ២០០ លានដុល្លារ

4. ប្រទេស Kiribati គិតជាទឹកប្រាក់ ២០០ លានដុល្លារ

5. ប្រទេស Marshall Islands គិតជាទឹកប្រាក់ ២០០ លានដុល្លារ

6. ប្រទេស Micronesia គិតជាទឹកប្រាក់ ៤០០ លានដុល្លារ

7. ប្រទេស Cook Islands គិតជាទឹកប្រាក់ ៤០០ លានដុល្លារ

8. ប្រទេស Sao Tome and Principe គិតជាទឹកប្រាក់ ៥០០ លានដុល្លារ

9. ប្រទេស Tongo គិតជាទឹកប្រាក់ ៥០០ លានដុល្លារ

10. ប្រទេស Dominica គិតជាទឹកប្រាក់ ៦០០ លានដុល្លារ

គួរកត់សម្គាល់ថា ប្រទេសដែលមានសេដ្ឋកិច្ចតូចបំផុត សុទ្ធសឹងតែជាប្រទេសដីកោះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិច ចន្លោះពីប្រទេសអូស្ត្រាលី ទៅដល់កោះហាវ៉ៃ ហើយក៏មានដែរ ប្រទេសនៅឈូងសមុទ្រ Caribbean ទ្វីបអាមេរិច និងទ្វីបអាហ្វ្រិច។ ភាគច្រើនប្រទេសទាំងនោះ មានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យឧស្សាហកម្មទេសចរណ៍ និងផលិតផលនេសាទ។

៤. ប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតប្រចាំឆ្នាំ២០២១

1. ប្រទេស Libya មានកំណើនសេដ្ឋកិច្ច ១២៣.២%

2. ប្រទេស Guyana មានកំណើនសេដ្ឋកិច្ច ២០.៤%

3. តំបន់រដ្ឋបាលពិសេសម៉ាកាវ មានកំណើនសេដ្ឋកិច្ច ២០.៤%

4. ប្រទេសម៉ាល់ឌីវ មានកំណើនសេដ្ឋកិច្ច ១៨.៩%

5. ប្រទេស Ireland មានកំណើនសេដ្ឋកិច្ច ១៣%

6. ប្រទេស Aruba មានកំណើនសេដ្ឋកិច្ច ១២.៨%

7. ប្រទេស Panama មានកំណើនសេដ្ឋកិច្ច ១២%

8. ប្រទេស Chile មានកំណើនសេដ្ឋកិច្ច ១១%

9. ប្រទេស Peru មានកំណើនសេដ្ឋកិច្ច ១០%

10. ប្រទេស Dominican Republic មានកំណើនសេដ្ឋកិច្ច ៩.៥%

គួរកត់សម្គាល់ថា ប្រទេស Ireland មានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុតនៅទ្វីបអឺរ៉ុប ដោយសារតែជាមូលដ្ឋាននៃក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍ធំៗ កំពុងរីកចម្រើនខ្លាំង ដូចជាក្រុមហ៊ុន Facebook, Google, Apple, TikTok, និង Pfizer -ល- សុទ្ធសឹងមានទីស្នាក់កាលកណ្ដាលនៅអឺរ៉ុប ក្នុងប្រទេស Ireland។

៥. សេដ្ឋកិច្ចពិភពលោក អតីតកាល បច្ចុប្បន្ន និងអនាគត

ក្នុងទសវត្ស ២០២០ ទោះជាពិភពលោកមានវិបត្តិជាច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែរក្សាជំហានទៅមុខជាបន្ដបន្ទាប់ ដោយត្រឹមដំណាច់ឆ្នាំ២០២១ មានទំហំដល់ ៩៤ ទ្រីលានដុល្លារ ប្រសិនបើធៀបទៅនឹងឆ្នាំ ១៩៧០ សេដ្ឋកិច្ចពិភពលោកមានទំហំត្រឹម ៣ ទ្រីលានដុល្លារប៉ុណ្ណោះ ពោលគឺតូចជាបច្ចុប្បន្ននេះ ៣០ ដង។ នៅរយៈពេល ៣០ ឆ្នាំខាងមុខ ពោលនៅទសវត្ស ២០៥០ សេដ្ឋកិច្ចពិភពលោករំពឹងថានឹងកើនឡើង ២ ដងនៃទំហំបច្ចុប្បន្ន ពោលគឺមានប្រមាណ ១៨០ ទ្រីលានដុល្លារ បើយោងតាមការព្យាករណ៍របស់ IMF។