មកមើលអគារលំនៅឋានបែបសហគមន៍ដែលផ្សាភ្ជាប់គ្នាទៅនឹងធម្មជាតិស្រស់បំព្រងក្នុងប្រទេសចិន

អគារលំនៅឋានបែបសហគមន៍មួយដែលមានឈ្មោះថា Easyhome Huanggang Vertical Forest City Complex ដែលមានទីតាំងនៅទីក្រុង Huanggang ក្នុងខេត្ត Hubei គឺជាអគារដែលផ្សាភ្ជាប់គ្នាទៅនឹងធម្មជាតិដំបូងបង្អស់របស់ចិនដែលរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Stefano Boeri Architetti China នេះពេលបានបញ្ចប់ការសាងសង់ទាំងស្រុងហើយ និងមានអ្នកចាប់ផ្ដើមជួលដំបូងតាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ។

អគារលំនៅឋាននេះត្រូវបានរចនាឡើងជាប្រភេទ Vertical Forest ដែលមានរួមបញ្ចូលគ្នារវាងយ៉របើកចំហ និងបិទជិត ដែលបង្កើតបានរចនាបថឆ្លាស់គ្នាទៅវិញទៅមកនៃយ៉រតាមបន្ទប់នីមួយៗ។អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺគ្រប់យ៉រនៃបន្ទប់ទាំងអស់ត្រូវបានតុបតែងលម្អដោយដើមឈើ និងរុក្ខជាតិព័ណ៌បៃតងដែលបានបង្កើតជាព្រៃឈើបញ្ឈរមួយនៅកណ្ដាលទីក្រុងតែម្តង។

ស្ថាបត្យករ Stefano Boeri និយាយថា ការរចនានេះបានឱ្យមានទិដ្ឋភាពដ៏ល្អឥតខ្ចោះនៃផ្នែកខាងមុខរបស់អគារដែលមានដើមឈើបង្កើនបទពិសោធន៍អារម្មណ៍នៃរុក្ខជាតិបៃតង និងការរួមបញ្ចូលទេសភាពរុក្ខជាតិជាមួយនឹងវិមាត្រស្ថាបត្យកម្ម។ ដូច្នេះអ្នករស់នៅក្នុងប៉មលំនៅដ្ឋានមានឱកាសទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ក៏ដូចជាអាចរីករាយជាមួយនឹងផាសុកភាពនៃការហ៊ុំព័ទ្ធដោយធម្មជាតិផងដែរ។

គួរបញ្ជាក់ផងដែរថា អគារលំនៅឋាន Easyhome Huanggang Vertical Forest City Complex នេះត្រូវបានសាងសង់ឡើងគ្របដណ្តប់លើផ្ទៃដីសរុប 4.54 ហិកតា និងមានប៉មចំនួន 5 ដែល 2 ជាលំនៅដ្ឋាន និងរចនាជាព្រៃបញ្ឈរ។ វាជាអគារបៃតងថ្មីដែលរួមបញ្ចូលគ្នានូវអគារសម្រាប់ស្នាក់នៅ សណ្ឋាគារ និងកន្លែងពាណិជ្ជកម្មធំៗ អាចបំពេញតម្រូវការប្រចាំថ្ងៃរបស់បុគ្គលផ្សេងៗគ្នា ក៏ដូចជាអ្នករស់នៅ និងភ្ញៀវទេសចរណ៍ជាដើម។