ជប៉ុនផ្ដល់ជំនួយឥតសំណងជាង ២៥ លានដុល្លារ ដល់ការអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៅរាជធានីភ្នំពេញ!

រាជធានីភ្នំពេញ ជាទីតាំងដ៏ល្អពិសេសមួយក្នុងប្រទេសកម្ពុជាសម្រាប់តាំងរាជធានីរស់នៅប្រកបដោយភាពសម្បូរសប្បាយ ជាក់ស្ដែងរាជធានីចតុមុខរបស់យើង ជាកន្លែងដែលមានទន្លេមុខ ៤ ប្រសព្វដោយទន្លេ ៣ ធំៗគឺទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់, អភិវឌ្ឍន៍វិស័យកសិកម្មនិងនេសាទ, និងជាផ្លូវទឹកដ៏សំខាន់សម្រាប់វិស័យដឹកជញ្ជូនផងដែរ។ យ៉ាងណាមិញ បញ្ហានៃការបង្ហូរទឹកកខ្វក់នៅមិនទាន់គ្រប់គ្រងបានល្អនៅឡើយទេសម្រាប់ទីក្រុងភ្នំពេញយើង ដោយប្រព័ន្ធលូចាស់ មានទំហំតូចៗពេក មិនអាចឲ្យទឹកហូរទាន់ពេលវេលា យ៉ាងណាមិញរដ្ឋបាលរាជធានីភ្នំពេញក៏កំពុងយកចិត្តទុកដាក់លើបញ្ហានេះខ្លាំងផងដែរ។ 

នៅថ្ងៃទី ០៣ តុលា ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលទើបតែមកដល់កាន់តំណែងថ្មីៗនេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ ២,៧៧៧ លានយ៉េន (ប្រមាណជាង ២៥ លានដុល្លារអាមេរិច) សម្រាប់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់” ដោយជឿជាក់ថាគម្រោងហិរញ្ញបទានឥតសំណងនេះ នឹងអាចជួយដល់ការកែលម្អបរិស្ថានទឹក និងបរិស្ថានរស់នៅក្នុងរាជធានីភ្នំពេញ ឲ្យបានប្រសើរឡើង។ 

បើយោងតាមសាលារាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នេះ នឹងជួយសម្រួលដល់ការរំដោះទឹកភ្លៀងបានឆាប់រហ័សជៀសវាងបញ្ហាលិច និងប្រព័ន្ធលូនៅរាជធានីភ្នំពេញឲ្យមានសុវត្ថិភាពល្អ អាចភ្ជាប់ទៅកាន់បឹងបួរ មិនប៉ះពាល់ដល់បរិស្ថានផងដែរ។ ជាក់ស្ដែងនៅភាគខាងត្បូងរាជធានីភ្នំពេញមានបឹងស្ដុកទឹកកខ្វក់ដ៏ធំមួយគឺបឹងជើងឯក និងទន្លេនានា ដែលជួយរំដោះទឹកចេញពីរាជធានីភ្នំពេញមិនឲ្យមានបញ្ហាជន់លិច។ 

យ៉ាងណាមិញគេក៏នឹងត្រូវសិក្សាអំពីបញ្ហាច្រោះទឹកកខ្វក់ផងដែរមុននឹងបង្ហូរចូលទន្លេឬបឹងនានា ហើយគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ខាងលើនេះ នឹងត្រូវសិក្សាដោយអង្គការ JICA របស់ជប៉ុន។ 

 

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា