រដ្ឋាភិបាល មានចក្ខុវិស័យវែងឆ្ងាយ លើគម្រោងសាងសង់ផ្លូវរថភ្លើងពីភ្នំពេញ ទៅសៀមរាប ប៉ោយប៉ែត និងហូជីមិញ

កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នៅឯទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសម ពីសំណាក់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍

ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងផងដែរ។ ក្នុងជំនួបនោះ ធ្វើឡើងដើម្បី ទទួលបានពុទ្ធិ និងអនុសាសន៍ល្អៗ ពីឯកឧត្ដមទេសរដ្ឋមន្ត្រី មុននឹងធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៦ ឆ្នាំ២០១៩។

ស្ថិតក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យសាធារណការ និងដឹកជញ្ជូន ដែលរួមមានដំណើរនៃការសាងសង់ផ្លូវទៅតាមធនធានថវិកា ភាពចំបាច់ និងតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដូចជាដំបូងត្រូវសាងសង់ផ្លូវជាប្រភេទ DBST ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរ ជាពិសេសត្រូវតភ្ជាប់តំបន់ទាំងអស់នៅទូទាំងប្រទេស បន្ទាប់មក យើងត្រូវលើកកម្ពស់ទៅជាផ្លូវបេតុងកៅស៊ូ (AC) និងពង្រីកផ្លូវទៅតាមប្រភេទផ្លូវសេដ្ឋកិច្ចជាដើម។ ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ការលើកកម្ពស់ផ្លូវពី DBST ទៅជា AC និងពង្រីកពី ២គន្លង ទៅ៤គន្លង ដូចជាផ្លូវជាតិលេខ ១, ២, ៣, ៤, ៥, ៧, ៨ និងផ្លូវអាទិភាពផ្សេងៗទៀតជាច្រើន រួមជាមួយគម្រោងសាងសង់កំពង់ផែទឹកជ្រៅកម្រិត ១៤,៥ ម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ សម្រាប់លើកម្ពស់ការដឹកជញ្ជូន និងទេសចរណ៍ តាមរយៈការចតពីកប៉ាល់ធំៗ។

ទន្ទឹមនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឯកឧត្ដមបានបង្ហើបឲ្យដឹងថា ក្រសួងនឹងរកគ្រប់មធ្យោបាយ និងនីតិវិធីក្នុងការផ្ដល់សេវាសាធារណៈ ឱ្យស្របតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព។ ជាក់ស្ដែងក្រសួងបានប្រើប្រព័ន្ធស្វ័យប្រវត្តិកម្ម កម្មវិធីសិក្សាទ្រឹស្ដីនៃការបើកបរតាមទូរសព្ទ កម្មវិធីថែទាំផ្លូវ ឈៀកចល័ត និងបើកមណ្ឌលផ្ដល់សេវាសាធារណៈនៅតាមផ្សារទំនើបអ៊ីអនទាំងពីរសាខា ជាដើម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ឯកឧត្ដមចង់ កសាងប្រព័ន្ធដឹកជញ្ជូនសាធារណៈដូចជា រថភ្លើងលើអាកាស ឬក្រោមដី រថភ្លើងពីភ្នំពេញ-ហូជីមិញ រថភ្លើងពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្នុងចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែប្រសើរឡើងជាលំដាប់។

ជាចុងក្រោយ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដោយលើកយកសុភាសិតមួយចំនួនដូចជា នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ និងសំដីឥតប្រយោជន៍នាំឱ្យគ្រោះថ្នាក់ដល់ជាតិជាដើម ជាពិសេសបានណែនាំឱ្យយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនប្រកាន់នូវឥរិយាបថថ្លៃថ្នូរក្នុងនាមជាអ្នកតំណាងប្រទេសជាតិ ទំនាក់ទំនងល្អដើម្បីបង្កើនកិច្ចសហការ និងទាក់ទាញវិនិយោគិនដើម្បីអភិវឌ្ឍខ្លួនឯង គ្រួសារ និងប្រទេសជាតិ៕

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន