ការលក់ខុនដូរ និងអគារបែបលំនៅដ្ឋាននៅថៃ ចាប់ផ្ដើមឡើងវិញ ក្រោយពីធនាគារបដិសេធការកម្ចីប្រាក់

ឆមាសទី១ នៃឆ្នាំ២០១៩ នេះ អចលនទ្រព្យនៅថៃ មិនសូវជាមានផ្លែផ្កាប៉ុន្មាននោះទេ ខុនដូរ នៅសល់ច្រើនយូនីត ខណៈពុំមានម្ចាស់កម្មសិទ្ធិករ និងទីផ្សារ។ គិតមកដល់ដើមខែតុលា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនអភិវឌ្ឍន៍នៅប្រទេសថៃជាច្រើន បាននិងកំពុងចាប់ផ្តើមលក់គម្រោងលំនៅដ្ឋានរបស់ខ្លួនឡើងវិញហើយ បន្ទាប់ពីអតិថិជនរបស់ពួកគេ មិនអាចបន្តបង់ប្រាក់ដែលនៅសេសសល់ ដោយសារតែការរឹតត្បិតទៅលើសមាមាត្រនៃដែនកំណត់តម្លៃប្រាក់កម្ចី LTV កំណត់ដោយរដ្ឋាភិបាលថៃ ក្រោមមូលហេតុថា នឹងអាចកើតមានរឿងអាក្រក់នៅក្នុងវិស័យអចលនទ្រព្យ។

យោងតាមការស្ទង់មតិជាតិ ដែលបានចុះផ្សាយជាសាធារណៈ ដោយសារព័ត៌មានក្នុងស្រុករបស់ថៃមួយ កាលពីចុងខែកញ្ញា កន្លងទៅ បានបង្ហាញឲ្យឃើញថា គម្រោងដែលត្រូវបានលក់ទៅឲ្យអតិថិជនដំបូងម្តងរួចទៅហើយ ឥឡូវនេះ គឺត្រូវបានដាក់លក់សារជាថ្មីម្ដងទៀត ពីព្រោះធនាគារបដិសេធមិនផ្តល់ប្រាក់កម្ចីដល់អតិថិជនទាំងនោះ ដែលជាហេតុធ្វើឲ្យមានបញ្ហាខាងហិរញ្ញវត្ថុ កកស្ទះទីផ្សារ និងបាត់បង់ទំនុកចិត្តពីសំណាក់អតិថិជនផ្សេងៗទៀត។ ប្រភពដដែលបានបង្ហាញបន្ថែមថា ជាក់ស្ដែងដូចក្រុមហ៊ុន Ananda Development Plc. គឺស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលធ្វើការដាក់លក់យូនីតខុនដូ របស់ខ្លួនក្នុងតម្លៃចន្លោះពី ១,២៩ លានបាត ឬស្មើនឹងជាង USD ៤២,១៧៦ ដុល្លារអាមេរិក ទៅ ២៥,៩ លានបាតក្នុងមួយយូនីត ឬស្មើនឹង USD ៨៤៦,៧៩២ ដុល្លារអាមេរិកដោយភាគច្រើននៃយូនីតខុនដូទាំងនោះ គឺត្រូវបានលក់ម្តងរួចទៅហើយ។

ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Park Land Charan-Pinklow ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយនៅថៃ ក៏បាននឹងកំពុងធ្វើការផ្តល់ជូននូវការលក់យូនីតខុនដូរបស់ខ្លួនក្នុងតម្លៃចាប់ពី ២,២៧ លានបាត ឬស្មើឹនឹង USD ៨៨,២៧៥ ដុល្លារអាមេរិ ក្នុងមួយយូនីតផងដែរ។ ជុំវិញការដាក់លក់ខុនដូរសារជាថ្មីម្ដងទៀតនេះ លោក Kessara Thanyalakpark នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Sena Development Plc. បានមានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា “ប្រមាណជា ២០ ភាគរយនៃអតិថិជនរបស់ក្រុមហ៊ុនលោក ដែលបានស្នើសុំប្រាក់កម្ចីត្រូវបានធនាគារធ្វើការច្រានចោល ដែលនេះ គឺបានបង្ខំឲ្យក្រុមហ៊ុនដាច់ចិត្តធ្វើការដាក់គម្រោងលក់ម្តងទៀត”។ ការដាក់លក់សំណង់ផ្ទះលំនៅដ្ឋានបែបខុនដូរ នៅថៃសារជាថ្មីលើកនេះ គឺមានតម្លៃទាបជាងតម្លៃក្នុងទីផ្សារដើម ដោយសារអតិថិជនដំបូងបានទូទាត់ប្រាក់កក់ដំបូងម្តងរួចមកហើយ ម្យ៉ាងក៏ជាយុទ្ធសាស្ត្រទីផ្សារ ដើម្បីទាក់ទាញអតិថិជនថ្មី។