រាជាណាចក្រ Saudi Arabia បានប្រកាសជាសាធារណៈកាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះថា ខ្លួននឹងអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅក្នុងប្រទេសរបស់ខ្លួនជាគូស្នេហ៍មិនទាន់រៀបការ អាចជួលបន្ទប់សណ្ឋាគារស្នាក់នៅជាមួយគ្នាហើយ នៅពេលដែលប្រទេសនេះចាប់ផ្តើមផ្តល់ ទិដ្ឋាការដល់ភ្ញៀវទេសចរជាលើកដំបូង។
អជ្ញាធរទេសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅលើ Twitter ថា បន្ថែមពីលើគោលការណ៍ច្បា់ខាងលើហើយនោះ ស្រ្តីជនជាតិ Saudi ដែលធ្វើការកម្សាន្តតែម្នាក់ឯង ក៏អាចធ្វើការជួលសណ្ឋាគារណាមួយ នៅក្នុងប្រទេសបាន ដោយគ្រាន់តែបង្ហាញអត្តសញ្ញាណបណ្ណ ដែលមានសុពលភាពប៉ុណ្ណោះ។
កាលពីមុន គូស្នេហ៍ដែលចង់ជួលសណ្ឋាគារស្នាក់នៅជាមួយគ្នា លុះត្រាតែបានបង្ហាញថា ពួកគេបានរៀបការហើយ ប៉ុន្តែបើយោងទៅតាមសេចក្តីរាយការណ៍ខាងលើ វាមិនចាំបាច់ និងត្រូវទៀមទារសម្រាប់ភ្ញៀវទេសចរទៀតទេ។
កាលពីថ្ងៃទី 27 កញ្ញាកន្លងទៅ រាជាណាចក្រ Saudi Arabia បានប្រកាសថាខ្លួនបានបើកទ្វារស្វាគមន៍ សម្រាប់ភ្ញៀវទេសចរបរទេស ដែលមានគោលដៅមកធ្វើការកម្សាន្ត ឬវិនិយោគទៅលើសេដ្ឋកិច្ចប្រេងរបស់ខ្លួន។ គោលបំណងនេះបានន័យថា Saudi Arabia ចង់ធ្វើពាណិជ្ជកម្មប្រេង ជាមួយថ្នាក់ដឹកនាំធំៗ ឬអភិជនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក តាមរយៈប្រព័ន្ធទេសចរណ៍នេះហើយ។
រាជាណាចក្រនេះ ក៏ធ្លាប់បានចេញទិដ្ឋាការដល់អ្នកដំណើរមូស្លីម ពលករបរទេស ហើយថ្មីៗនេះក៏បានផ្តល់ដល់អ្នកដែលចូលរួមព្រឹត្តិការណ៍កីឡា ឬព្រឹត្តិការណ៍វប្បធម៌នានាក្នុងប្រទេសផងដែរ។
វិស័យទេសចរណ៍បានចាប់ផ្តើមជាចំណុចកណ្តាលដ៏សំខាន់មួយ ក្នុងចក្ខុវិស័យរបស់ព្រះអង្គម្ចាស់ Mohammed bin Salman នៅក្នុងឆ្នាំ 2030 ដើម្បីរៀបចំសេដ្ឋកិច្ចអារ៉ាប់ធំបំផុត សម្រាប់យុគសម័យធនធានប្រេង។
ពេលនេះពលរដ្ឋមកពី 49 ប្រទេសមានសិទ្ធិទទួលបានទិដ្ឋការតាមប្រព័ន្ធអ៊ីនធឺណេត e-visas ឬទិដ្ឋាការនៅពេលពួកគេមកដល់ រួមមានដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត។
ដោយឡែក កាលពីថ្ងៃទី 28 ខែកញ្ញាកន្លងទៅ អាជ្ញាធរ Saudi Arabia បានព្រមានថាភ្ញៀវទេសចរដែលបានរំលោភលើ“ ភាពថ្លៃថ្នូរសាធារណៈ” រួមទាំងសម្លៀកបំពាក់មិនសមរម្យ ការបង្ហាញសេចក្តីស្រឡាញ់និងប្រព្រឹត្តមិនគប្បីជាសាធារណៈ នឹងត្រូវទទួលពិន័យផងដែរ។